Man City សម្លឹង​ឃើញ​ម្ចាស់​អាវ​លេខ ៧ រូប​នេះ ត្រៀម​យក​មក​ជំនួស Raheem Sterling

អនាគត​របស់ Raheem Sterling ទំនង​ជា​នឹង​សម្រេច​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​បើ​តាម​ចចាមអារ៉ាម​ខាង​ក្លឹប​អាណាព្យាបាល​មេឃ​ខៀវ Manchester City ក៏​បាន​គិតគូរ​រក​អ្នក​ត្រៀម​មក​បំពេញ​រួច​ស្រេច ហើយ​គេ​គឺ​ជា​កីឡាករ​នៅ​ក្លឹប Bayern Munich មាន​បទពិសោធន៍​លេង​ប្រយុទ្ធ​ស្លាប​យ៉ាង​ជំនាញ។

នោះ​គឺ Serge Gnabry ដោយ​ម្ចាស់​អាវ​លេខ ៧ កាល​ពី​រដូវ​កាល​ចាស់​ក៏​រក​បាន ១៤ គ្រាប់ ជា​ចំណែក​ជួយ​ក្លឹប​អាល្លឺម៉ង់​លើក​ពាន​លីគ​កំពូល។ សុពលភាព​កុងត្រា​នៅ​សល់​តែ​១២ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​លឺ​ថា​កីឡាករ​ហាក់​មិន​ចង់​បន្ត​កុងត្រា​ថ្មី ពោល​ចង់​អេះអុញ​រក​ផ្លូវ​បែក ទើប​នាំ​ឲ្យ City ហ៊ាន​ចូល​ដាក់​សំណើ​តែ​ម្តង​ទៅ។

តាម​របាយការណ៍​ពី The Sun ខាង​ក្លឹប​នៅ​ឯ​ទីក្រុង Manchester បាន​ត្រៀម​កញ្ចប់​ថវិកា និង​លក្ខណៈ​រួចរាល់​ហើយ ពោល​ចាំ​តែ​ការ​ចរចា​តម្លៃ​សម្រេច​មួយ​ប៉ុណ្ណោះ។ បើ​តាម​ហាងឆេង​អាច​ជា​ល្បាក់ ៣៥ លាន​ផោន តែ​ខាង​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ក៏​នឹង​ត្រូវ​ប្រជែង​កិច្ច​ព្រមព្រៀង​សំខាន់ៗ​ផង​ដែរ ដ្បិត​អី​មាន​ក្លឹប​ធំៗ​ដូច​ជា Man Utd, Arsenal និង Liverpool ក៏​ចង់​បាន​អតីត​សមាជិក​កាំភ្លើង​ធំ​រូប​នេះ​ដូច​គ្នា៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT