ក្តីសុខ​ក្រៅ​ផ្លូវការ ១ យប់ អាច​ប្រឈម​ជាប់​គុក ៧ ឆ្នាំ នៅ​ទឹកដី​ម្ចាស់ផ្ទះ World Cup 2022

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​ព្រឹត្តិការណ៍ FIFA World Cup បាន​កំណត់​យក​កាលបរិច្ឆេទ​នៅ​ឯ​ចុង​ឆ្នាំ ពោល​ ២០២២ សារ​នេះ កំណត់​ធ្វើ​នៅ​ចន្លោះ​ថ្ងៃ​ទី ២១ វិច្ឆិកា ដល់ ​១៨ ធ្នូ ក្នុង​ទឹកដី​តំបន់​អាស៊ី នៃ​ប្រទេស​កាតារ។ ក្រៅ​តែ​ពី​បរិយាកាស​ និងសីតុណ្ហភាពខុស​ប្លែក​សម្រាប់​កីឡាករ​នៅ​តំបន់​អឺរ៉ុប ក៏​ដូច​ជា​អាមេរិក​ឡាទីន ងាក​មក​ច្បាប់​ហាមប្រាម​សម្រាប់​អ្នក​គាំទ្រ ក៏​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។

មិន​ខ្វល់​ថា​អ្នក​ ជា​អ្នក​គាំទ្រ​មក​ពី​ណា មាន​លុយ​ជិះ​យន្តហោះ ចាយវាយ​លើ​ការ​ទិញ​សំបុត្រ​តម្លៃ​ថ្លៃ​ប៉ុណ្ណា​ ដរាប​ណា​កំពុង​ឈរ​ជើង​នៅ​ទឹកដី​ប្រទេស​កាតារ ចាំបាច់​គឺ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ក្បួនច្បាប់​ដែល​រដ្ឋាភិបាល​បាន​កំណត់ នៅ​កំឡុង​ព្រឹត្តិការណ៍ World Cup នា​រយៈ​ពេល​ជិត ១ ខែ​ពេញ។ ខាង​ក្រោម CTS Sports បង្ហាញ​ច្បាប់​ ៣ របស់​កាតារ ដែល​អ្នក​គាំទ្រ​មក​ពី​បណ្តា​ប្រទេស​ទូទាំង​សកលលោក ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់ មុន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​បាល់ទាត់​នៅ​ឯ​ចុង​ឆ្នាំ៖

៣) ហាម​រួម​ភេទ​ក្រៅ​ផ្លូវការ

មាន​ន័យ​ថា បើ​អ្នក​មិន​ទាន់​បាន​ឆ្លងកាត់​ការ​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា នោះ​ហាម​ផ្តាច់ មិន​ឲ្យ​មាន​ការ​រួមភេទ​កើត​ឡើង​ឡើយ ក្នុង​ទឹកដី​ប្រទេស​កាតារ។ ប្រសិន​ជា​ហ៊ាន​ល្មើស នោះ​ក៏​ត្រូវ​ព្រម​ទទួល​យក​ជា​មុន នូវ​ការ​ប្រឈម​ជាប់​ពន្ធនាគារ​រយៈ​ពេល ៧ ឆ្នាំ។

អាជ្ញាធរ​ប្រចាំ​តំបន់​បាន​បញ្ជាក់​បែប​នេះ៖ “កាតារ​ជា​ប្រទេស​អភិរក្ស​និយម ដូច្នេះ​ការ​រួម​ភេទ គឺ​ត្រូវ​បាន​ហាមឃាត់ លើកលែង​តែ​អ្នក​ជា​ប្តីប្រពន្ធ​ស្រប​ច្បាប់​នឹង​គ្នា អ៊ីចឹង​ត្រូវ​ប្រាកដ​ថា នឹង​មិន​មាន​ករណី One-night Stand ឬ​ការ​បង្កើត​ក្តី​សុខ​ក្រៅ​ផ្លូវការ​មួយ​យប់ នៅ​ព្រឹត្តិការណ៍​សារ​នេះ​ឡើយ ពោល​អ្នក​គាំទ្រ​ទាំង​អស់​ត្រូវ​តែ​គោរព​តាម បើ​ពួក​គេ​មិន​ចង់​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ”។

២) ហាម​សកម្មភាព​នៃ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា

លោក Nasser Al-Khater ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ របស់​កាតារ បាន​សង្កត់​ធ្ងន់​ថា អ្នក​គាំទ្រ​គ្រប់​ភេទ​ទាំង​អស់ នឹង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ គ្រាន់​ថា​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ជា​ម្ចាស់ផ្ទះ​ជា​ចាំបាច់ ពោល​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ហាញ​ជា​សាធារណៈ​នៅ​សកម្មភាព នៃ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​ឡើយ។ មាន​ន័យ​ថា ការ​ឱប​ថើប ឬ​កាយវិការ​មិន​សមរម្យ​ណា​មួយ រវាង​មនុស្ស​ជា​ភេទ​ដូច​គ្នា នឹង​ត្រូវ​បាន​ហាមប្រាម ហើយ​រាប់​ចូល​ជា​សកម្មភាព​ខុសច្បាប់។

១) ហាម​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន​កូកាអ៊ីន

ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ក៏​ដូច​ជា​នៅ​តំបន់​អាស៊ី គឺ​មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​អាច​យក​គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន ដូច​ជា​បារី មក​ប្រើប្រាស់​កំឡុង​ការ​ប្រកួត តែ​យ៉ាង​ណា​នៅ​កាតារ គឺ​វា​ត្រូវ​បាន​ហាមឃាត់​ដាច់​ខាត។

បញ្ជាក់​ឲ្យ​ដឹង​ថា ច្បាប់​ហាមប្រាម​ទាំង ៣ ចំណុច​ខាង​លើ គឺ​បាន​ប្រកាស​រួចរាល់​ហើយ តែ​យ៉ាង​ណា​បើ​មាន​ការ​តវ៉ា ឬ​ត្រូវ​កែប្រែ​ត្រង់​ចំណុច​ណា ក៏​ CTS Sports នឹង​ធ្វើ​ការ​អាប់ដែត​ម្តង​ទៀត​នៅ​ពេល​ក្រោយ។ ចុះ​សម្រាប់​គ្នា​យើង ប្រសិន​ជា​មាន​ឱកាស តើ​អាច​បង្អត់ ៣ ចំណុច​ខាង​លើ ដើម្បី​ប្តូរ​ទៅ​ទស្សនា​ World Cup សារ​នេះ ដែរ​ឬ​ទេ?

ប្រភព៖ បរទេស​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT