រសជាតិ​ថ្មី​ញាក់! ជញ្ជាំង​យក្ស Dortmund ត្រូវ​ប៉ះ Real Madrid ជាលើកដំបូង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL

ធ្មេច​បើក​ជិត ៨ ខែ​បាត់ ដែល Champions League រដូវ​កាល ២០២៣/២៤ បាន​ដំណើរការ ហើយ​មក​ទល់​ថ្ងៃ​នេះ​ម៉ោង​នេះ យើង​ក៏​សម្រេច​រក​ឃើញ ២ ក្លឹប​ចុងក្រោយ​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ កំណត់​មាន​មួយ​កាន់​ពាន​រង្វាន់​នាម​ម្ចាស់​ជើង​ឯក នៅ​ឯ​កីឡដ្ឋាន Wembley Stadium ក្នុង​ទីក្រុង​ឡុង ចក្រភព​អង់គ្លេស តាម​កាលបរិច្ឆេទ​កំណត់​គឺ​ថ្ងៃ​ទី ០១ ​មិថុនា​ឆ្នាំ ២០២៤ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS។

គូ​ត្រូវ​ប៉ះ​គ្នា​សារ​នេះ រាប់​បាន​ជា​ការ​ជួប​លើក​ដំបូង​រវាង​ក្លឹប​ទាំង​ពីរ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នោះ​គឺ​អធិរាជ​ស​អេស្ប៉ាញ Real Madrid ត្រូវ​មក​តតាំង​ជញ្ជាំង​យក្ស​អាល្លឺម៉ង់ Borussia Dortmund បន្ទាប់​ក្លឹប​សងខាង​ទម្លាក់​សុទ្ធ​តែ​គីឡូ​ធ្ងន់ Paris Saint-Germain និង Bayern Munich។

​ដូច​បញ្ជាក់​ការ​ជួប​នៅ​វគ្គ Final គឺ​វា​ថ្មី​សន្លាង​ហើយ សម្រាប់​ជំនួប Real-Dortund តែ​បើ​ការ​ជួប​នៅ​វគ្គ​ក្រោមៗ​នោះ ហៅ​ថា​រាប់​ភ្លេច ត្រង់​សរុប​ធ្លាប់​បាន​សាក​ជើង​គ្នា ១៤ លើក ខាង Real ឈ្នះ ៦ Dortmund ឈ្នះ ៣ និង​កាត់កង​ស្មើ​គ្នា ៥។ ម្ខាង​ធ្លាប់​ឈ្នះ​ជើង​ឯក ១ លើក នៅ​រដូវ​កាល ១៩៩៦/៩៧ និង​ម្ខាង​ទៀត​ជា​ស្តេច​ពាន​អឺរ៉ុប ឈ្នះ ១៤ សម័យ ហើយ​លើក​ចុងក្រោយ​ខកខាន​កាល ២ ឆ្នាំ​មុន។ ម្ល៉េះ​រវាង​ពួក​គេ នឹង​មាន​មួយ​ត្រូវ​កែ​តួ​លេខ​ទៅ​ជា​ម្ចាស់​ជើង​ឯក ២ សម័យ និង​មួយ​ទៀត​ចូល​ដល់​តួ​លេខ​ទី ១៥។

និយាយ​ដល់ ៤ ប្រកួត​ចុងក្រោយ យើង​ក្រឡេក​ទៅ​រដូវ​កាល ២០១៦/១៧ ស្តេច​ស ប៉ះ​ជញ្ជាំង​លឿង​ពីរ​ជើង​ក្នុង​ពូល F វគ្គ​ចែក​ពូល គឺ​ស្មើ ២-២ ទាំង​ពីរ​ជើង ហើយ​ឆ្លង​ទៅ​រដូវ​កាល​បន្ទាប់​ដូច​ជា​និស្ស័យ ក៏​ទៅ​ជួប​គ្នា​ទៀត ក្នុង​ពូល H ត្រង់​ជើង​មួយ Real ហូប ៣-១ និង​ជើង​ពីរ Real ហូប​ទៀត ៣-២ សរុប ៦-៣ ជា​ការ​ឈ្នះ​ក្រែល​គួរសម។

ឥឡូវ​យើង​លើក​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចុងក្រោយ​បន្តិច​ទាក់ទង​នឹង​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Edin Terzic ដែល​ការ​ត្រលប់​មក​វគ្គ​ផ្តាច់ព្រ័ត្រ UCL បាន​ខកខាន​តាំង​ថ្ងៃ​ទី ២៥ ខែ​ឧសភា ​ឆ្នាំ ២០១៣ ចុងក្រោយ​នោះ​គឺ​ប៉ះ Bayern Munich ចាញ់ ២-១ នា​វគ្គ​ផ្តាច់ព្រ័ត្រ ឥឡូវ​សារ​មក ១១ ឆ្នាំ​ក្រោយ​នៅ Wembley ម្តង​ទៀត​ហើយ សារ​នេះ​មក​ភ្លក់​រសជាតិ​ថ្មី​សុទ្ធសាធ ​ដែល​ជា​បទពិសោធន៍​គ្រប់​គ្នា​ខ្លាច​រអា​នឹង​ជួប ត្រង់​ក្លឹប​មក​ពី​ទីក្រុង Madrid នៅ​សតវត្ស​ទី ២១ ឲ្យ​តែ​បាន​ឡើង​មក​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​គ្មាន​ម្តង​ណា ដែល​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​អត់​ពាន​កាន់​នោះ​ទេ ពោល​ឲ្យ​តែ​ឡើង​គឺ​ឈ្នះ។

ពេលវេលា​សារ​នេះ វា​អាច​ជា​រជ្ជកាល​ចុងក្រោយ​ក្នុង​ការ​កាន់​ពាន​អឺរ៉ុប សម្រាប់ Legend កាន់​ឆ្នាំ ៣ រូប​នៅ Madrid មាន Toni Kroos, Luka Modric និង Nacho Fernandez ដែល​អាច​នឹង​ចាកចេញ​ត្រឹម​បិទ​រដូវ​ក្តៅ​ខាង​មុខ។ ដូច​គ្នា​ទាំង​សម្រាប់ Marco Reus និង Mats Hummels ​ជា​បុរស​ស្មោះ​នឹង​ក្លឹប Dortmund ជា​ខ្លាំង ដូច​កាល​ឆ្នាំ ២០១៣ ពួក​គេ​ជា​អ្នក​ឈរ​ជើង​ជួយ​ក្លឹប​សារ​នោះ តែ​បរាជ័យ ឥឡូវ​បក​មក ២០២៤ នឹង​មាន​ឱកាស​អង្រួន Wembley ម្តង​ទៀត ក្រោម​ចម្លើយ​ពីរ​គត់ គឺ​មួយ​អាច​បាន​កាន់​ពាន​ដំបូង​ក្នុង​អាជីព និង​មួយ​ទៀត បន្ត​ជាប់​បណ្តាសារ​គ្មាន​ឱកាស​ប៉ះ​ពាន​អឺរ៉ុប៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT