ប្រធានាធិបតី​ម៉ាសេដូន​ខាង​ជើង ផ្ញើ​សារ​នេះ​ភ្លែត​ទៅ Ronaldo ក្រោយ​ទម្លាក់​ក្រុម​ខ្លាំង​អ៊ីតាលី

អ៊ីតាលី ស៊ុត ៣២ លើក គ្រប់គ្រង​បាល់ ៦៦ ភាគរយ តែ​សំណាង​មិន​ល្អ ដូច​ចាញ់​បារមី​ក្រុម​ភ្ញៀវ បែរ​ជា​ត្រូវ​ភ្លាត់​ចាញ់​ក្រោម​លទ្ធផល ០-១ នៅ​បាល់​ចុង​ម៉ោង​របស់​កីឡាករ Aleksandar Trajkovski ជា​ហេតុ​នាំ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ាសេដូន​ខាង​ជើង អាច​បន្ត​ឱកាស ឆ្ពោះ​ទៅ​វគ្គ Play-off ចុងក្រោយ កំណត់​ប៉ះ​ក្រុម​ព័រទុយហ្គាល់ ដែល​បាន​យក​ឈ្នះ​ទៅ​លើ​ទួរគី។

កាលបរិច្ឆេទ​ប្រកួត​រវាង​ព័រទុយហ្គាល់ និង​ម៉ាសេដូន​ខាង​ជើង ត្រូវ​លេង​នៅ​វេលា​ម៉ោង ១:៤៥ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ពុធ​ទី ៣០ មិនា នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ ការ​ប្រកួត​សារ​នេះ បើ​ក្រុម​ណា​ឈ្នះ នោះ​នឹង​ទទួល​បាន​កៅអី​ឆ្ពោះ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ចុង​ឆ្នាំ World Cup 2022 ដែល​កាតារ​ធ្វើ​ជា​ម្ចាស់ផ្ទះ។

ម៉ាសេដូនខាងជើង

Ronaldo

ជុំវិញ​រឿងរ៉ាវ​នេះ ម៉ាសេដូន​ខាង​ជើង ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​យ៉ាង​ពេញ​ទំហឹង ពី​សំណាក់​ប្រធានាធិបតី​ប្រចាំ​ផ្ទៃ​ប្រទេស គឺ​លោក Stevo Pendarovski ព្រោះ​អី​បើ​ជម្រើស​ជាតិ​ខ្លួន​ឡើង នោះ​គឺ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ជា​លើក​ទី ១៤ សម្រាប់​ព័រទុយហ្គាល់ ដែល​ខកខាន​យក​មិន​បាន​កៅអី​ទៅ​ចូលរួម។

ងាក​ទៅ​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​វ័យ ៥៨ ឆ្នាំ​ខាង​លើ ក៏​បាន​ចេញ​សារ​ព្រមាន​ជា​មុន ទៅ​កំពូល​កីឡាករ​ Cristiano Ronaldo ផង​ដែរ ថា​អ្នក​បន្ទាប់​ដែល​ត្រូវ​ម៉ាសេដូន​ទម្លាក់ នោះ​គឺ​អាច​ជា​ព័រទុយហ្គាល់។ លោក Stevo និយាយ​បែប​នេះ៖ “នេះ​គឺ​ជា​ពេលវេលា​របស់​ពួក​យើង យើង​សល់​តែ​មួយ​ជំហាន​ទៀត​ប៉ុណ្ណោះ ដើម្បី​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ World Cup នៅ​ឯ​ប្រទេស​កាតារ ដោយ​យើង​ពិត​ជា​រីករាយ​នូវ​សមិទ្ធផល​ដែល​អ្នក​រាល់​គ្នា​បាន​សម្រេច”។

ប្រធានាធិបតីម៉ាសេដូនខាងជើង

លោក​សង្កត់​ធ្ងន់​មួយ​ម៉ាត់​យ៉ាង​ខ្លី៖ “Cristiano ត្រៀម​ខ្លួន​ឲ្យ​ហើយ​ទៅ អ្នក​ដែល​បរាជ័យ​បន្ទាប់ គឺ​អាច​ជា​ក្រុម​របស់​អ្នក”។

ក្រវែល​ជុំវិញ​ជ្រុង​ទាក់ទង​នឹង World Cup ងាក​ទៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​ឯ​ណោះ ក៏​កំពុង​ទទួល​បាន​តម្រុយ ដែល​ថា Lionel Messi អាច​នឹង​ចូល​និវត្ត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ បន្ទាប់​យក​ឈ្នះ ៣-០ ទៅ​លើ​វេណេហ្ស៊ុយអេឡា នៅ​មុខ​អ្នក​គាំទ្រ​រាប់​មុឺន​នាក់​ក្នុង​ទឹក​ដី​ខ្លួន​ឯង តារា​ឆ្នើម​វ័យ ៣៤ ឆ្នាំ ក៏​បាន​និយាយ​ពី​ភាព​មិន​ប្រាកដប្រជា ហើយ​ដំណើរ​សាទរ​សារ​នេះ អាច​ជា​លើក​ចុង​ក្រោយ ក្នុង​ទឹកដី​ប្រទេស​អាហ្សង់ទីន។

Messi

Messi ដែល​បាន​ចូលរួម​ចំណែក​រក​មួយ​គ្រាប់ ឲ្យ​ក្រុម​លោក Lionel Scaloni បាន​និយាយ​ថា៖ “ខ្ញុំ​អត់​ដឹង​ថា​ក្រោយ​ចប់ World Cup ខ្ញុំ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គ្រាន់​ថា បន្ទាប់​ពី​ចប់​ភារកិច្ច​នៅ​កាតារ ខ្ញុំ​នឹង​ពិចារណា​នូវ​រឿងរ៉ាវ​មួយ​ចំនួន ខ្ញុំ​ពិត​ជា​រីករាយ​ពេលវេលា​នៅ​ទី​នេះ តាំង​ពី​មុន​ឈ្នះ​ពាន Copa ទៀត​ម្ល៉េះ ខ្ញុំ​ចង់​អរគុណ​ដល់​អ្នក​រាល់​គ្នា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ រាល់​ពេល​មក​ដល់​ទឹកដី​អាហ្សង់ទីន”។

សួរនាំ​បន្ត​ថា​លោក​នឹង​បន្ត​ទៀត​ឬ​អត់​ជាមួយ​ជម្រើស​ជាតិ ខណៈ​អាយុ​ក៏​ត្រៀម​ហៀរ​ចូល​វ័យ ៣៥ ឆ្នាំ​នៅ​ខែ​មិថុនា​ខាង​មុខ ក៏​ស្រាប់​តែ M10 ឆ្លើយ៖ “ការ​ពិត​បែប​ណា គឺ​ខ្ញុំ​អត់​ដឹង​ពិត​មែន រឿង​បន្ទាប់​គឺ​មាន​តែ​រៀបចំ​ខ្លួន​សម្រាប់​ការ​ប្រកួត​ដែល​កៀក​មក​ដល់​ គឺ​ទល់​អេក្វាឌ័រ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT