លោក Antonio Conte បានបញ្ជាក់ថាបរាជ័យក្រោមថ្វីជើង Manchester United ក្នុងលទ្ធផល ៣-២ នៅយប់មិញ ពិតជាពិបាកក្នុងការពន្យល់រកហេតុផលច្បាស់លាស់ណាស់។
ក្រុម Man Utd បានបើកការនាំមុខជាបន្ដបន្ទាប់ ហើយអ្នកដែលធ្វើបាននោះគឺ Cristiano Ronaldo រកបាន៣គ្រាប់ម្នាក់ឯង។ ជាមួយការធ្វើបានល្អ និងបង្កើតកំណត់ត្រាមិនឈប់មិនឈរនេះដែរ Conte អ្នកចាត់ការក្រុម Spurs ក៏បានលើកសរសើរដល់កីឡាករព័រទុយហ្គាល់រូបនេះខ្លាំងផងដែរ។ ដោយលោកអះអាងថាប្រសិនបើ Man Utd មិនមាន Ronaldo ទេ នោះពួកគេមិនអាចគេងលក់ស្រួលឡើយ។
អតីតអ្នកចាត់ការក្រុម Chelsea បាននិយាយថា៖ “យើងកំពុងតែនិយាយពីកីឡាករម្នាក់ មិនមែនត្រឹមយប់នេះទេ ដែលគាត់បានបង្ហាញថាគាត់ជាកីឡាករកំពូលលើលោក។ សូមកុំភ្លេចថា Cristiano និង Messi ពួកគេទាំងពីរនាក់ជាកីឡាករល្អបំផុតនៅលើលោកនាពេលនេះហើយ។ អ្នកត្រូវដឹងថាពេលអ្នកលេងទល់កីឡាករប្រភេទនេះ ពួកគេជាអ្នកសម្រេចលទ្ធផល។ ខ្ញុំអាចនិយាយដោយស្មោះថា បើមិនមាន Ronaldo សម្រាប់ United វាមិនអាចជារាត្រីល្អនោះទេ”៕ ប្រភព៖ DailyMail