បណ្ដាសេដ្ឋីដែលកំពុងមានបំណងចង់ទិញក្លឹប Chelsea ពីលោក Roman Abramovich កំពុងស្ទាក់ស្ទើរខ្លាំង ក្រោយពីតម្លៃ៣ពាន់លានផោនគឺហាក់បីដូចជាខ្ពស់ខ្លាំងពេក។
លោក Roman បានប្រកាសដាក់លក់ក្លឹបតោខៀវ Chelsea ក្នុងតម្លៃ៣ពាន់លានផោនកាលពីម្សិលមិញនេះ។ ដោយឡែកតម្លៃនេះ ហាក់ខ្ពស់ខ្លាំងពេក ដែលធ្វើឱ្យសេដ្ឋីនៅស្វីស និងអាមេរិក រារែកចិត្តខ្លាំង។ ដោយពួកគេហ៊ានត្រឹមតម្លៃ២ពាន់លានផោនប៉ុណ្ណោះ។ ស្ថានភាពនេះ បានធ្វើឱ្យអនាគតរបស់ក្លឹបតោខៀវ នៅមិនច្បាស់លាស់នោះទេ ព្រោះលោក Roman មិនអាចបន្ដធ្វើជាម្ចាស់ក្លឹបទៀតឡើយ ដោយសារទណ្ឌកម្មដែលអឺរ៉ុបកំពុងដាក់លើលោក។
សូមបញ្ជាក់ថាបច្ចុប្បន្នមានតែមនុស្ស២នាក់ទេដែលចង់បានក្លឹប Chelsea គឺលោក Hansjorg Wyss សេដ្ឋីស្វីស និងលោក Todd Boehly សេដ្ឋីអាមេរិក។ សេដ្ឋីទាំងពីរ សុទ្ធតែមិនហ៊ានតម្លៃដល់៣ពាន់លានផោននោះទេ ខណៈដែលទ្រព្យសម្បត្តិរបស់ Todd មាន៥ពាន់លានផោន ហើយទ្រព្យសម្បត្តិរបស់ Hansjorg មានត្រឹម ៣,៨ពាន់លានផោន៕ ប្រភព៖ DailyMail