Bayern Munich បានធ្វើឱ្យអ្នកគាំទ្រខកចិត្តក្នុងទឹកដីរបស់ខ្លួនឯង ដោយលេងបានត្រឹមស្មើជាមួយក្រុម Augsburg ១-១ ប៉ុណ្ណោះ ក្នុងការប្រកួតលីគកំពូលអាល្លឺម៉ង់នៅយប់មិញនេះ។
ខ្សែប្រយុទ្ធ Arjen Robben រកគ្រាប់បាល់នាំមុខមុនឱ្យ Bayern នៅនាទី៤៨ ប៉ុន្តែត្រូវ Felix Gotze រកគ្រាប់បាល់បានស្មើវិញ នៅនាទី៨៦ ចុងម៉ោងទៅហើយ។ នេះជា
លទ្ធផលស្មើគ្នាលើកដំបូងរបស់ក្រុមយក្សនៅអាល្លឺម៉ង់ ក្រោយពីឆ្លងកាត់ការប្រកួតបើករដូវកាលនេះឈ្នះជាប់ៗគ្នាតែម្ដង។ ត្បិតតែបានត្រឹម១ពិន្ទុមែន ប៉ុន្តែ Bayern
នៅតែរក្សាកំពូលតារាងបានដដែល ដោយមាន១៣ពិន្ទុ ឆ្លងកាត់៥ប្រកួត តាមពីក្រោយដោយក្រុម Werder Bremen មាន១១ពិន្ទុ។
នេះជាការប្រកួតពាក់កណ្ដាលសប្ដាហ៍របស់លីគនៅអឺរ៉ុប ខណៈដែលចុងសប្ដាហ៍នេះ ពួកគេក៏ត្រូវលេងបន្ដទៀតដែរ។ Bayern Munich នឹងត្រូវប៉ះក្រុម Hertha BSC នៅថ្ងៃសៅរ៍ ក្នុងការប្រកួតសប្ដាហ៍ទី៦ លីគកំពូលអាល្លឺម៉ង់៕ប្រភពDailyMail