ការប្រកួតជម្រុះតាមពូលពានរង្វាន់ FIFA World Cup 2022 បានបញ្ចប់ត្រឹមយប់មិញនេះហើយ ក្នុងទ្វីបអឺរ៉ុប ដោយរកបាន១០ក្រុមឡើងស្វ័យប្រវត្តិ និង១២ក្រុមទៀតត្រូវលេង Play Off ។
ដោយក្រុមទាំង១០បានឡើងស្វ័យប្រវត្តិនោះមាន បែលហ្សិក បារាំង អេស្ប៉ាញ ក្រូអាត អាល្លឺម៉ង់ ស្វីស ដាណឺម៉ាក ហុល្លង់ អង់គ្លេស និងសែប។ ខណៈដែល១២ក្រុមទៀតដែលនឹងត្រូវលេង Play Off យក៣ក្រុមនោះមាន ព័រទុយហ្គាល់ ស្កុតឡែន អ៊ីតាលី រុស្ស៊ី ស៊ុយអែត វែល ទួរគី ប៉ូឡូញ ម៉ាសេដូនៀខាងជើង អ៊ុយក្រែន អូរទ្រីស និងឆែក។ ក្រុមអូរទ្រីស និងឆែក បានចូលវគ្គ Play Off នេះដែរ ដោយសារពួកគេធ្វើបានល្អនៅពាន UEFA Nations League។
ដោយការប្រកួត Play Off នេះដែរ ១២ក្រុម ត្រូវចាប់ឆ្នោតលេង Semi Final ៣ដង ដើម្បីយក៣ក្រុមឡើងទៅបង្គ្រប់ជាមួយ១០ក្រុមដែលចាំស្រេចខាងលើ។ Semi Final ៣ដងកន្លែងនេះ មានន័យថា ១២ក្រុម នឹងចាប់យក៤ក្រុម ចំនួន៣ ដើម្បីលេង Semi Final និង Final យកតែម្ដង។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៤ខែមីនា សម្រាប់ Semi Final និង Final នៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ខាងមុខ។ ដោយលេងតែ១ជើងប៉ុណ្ណោះ៕
ប្រភព៖ UEFA