Xavi Hernandez បានប្រលូកមកក្នុងអាជីពជាអ្នកចាត់ការនៅឆ្នាំ ២០១៩ ហើយមកទល់ពេលនេះលោកដឹកនាំបានរយៈពេល ២ ឆ្នាំនិងឈ្នះពានរង្វាន់មួយចំនួនមកហើយ។ ជឿថាប្រិយមិត្តប្រាកដជាបានដឹង អតីតខ្សែបម្រើរូបនេះ ក៏ធ្លាប់ទទួលបានសំណើពីក្លឹបនៅអង់គ្លេស និងអេស្ប៉ាញផងដែរ តែលោកបានបដិសេធ។
រំឭកទៅសំណើក្លឹបនៅអង់គ្លេស Xavi បានបង្ហើបដោយផ្ទាល់ថា ប្អូនប្រុសរបស់លោក Sir Alex Ferguson ធ្លាប់បានមកទាក់ទងចង់ឲ្យខ្លួនទៅដឹកនាំនៅបិសាចក្រហម Man Utd តែកាលនោះខ្លួនផ្តោតលើ Barcelona ពេក ទើបច្រានចោលសំណើ។ យ៉ាងណាមកទល់ពេលនេះ បុរសវ័យ ៤១ ឆ្នាំហាក់បង្ហាញការសោកស្តាយបន្តិចដែរ ដោយគិតថាចង់មានឱកាសម្តងទៀតនៅថ្ងៃអនាគត។
Xavi ប្រាប់សារព័ត៌មាន The Times បែបនេះថា៖ “Man Utd ធ្លាប់ចាប់អារម្មណ៍ខ្ញុំ ដោយកាលនោះប្អូនប្រុសរបស់លោក Sir Alex Ferguson បានមកសួរខ្ញុំ តែចម្លើយរបស់ខ្ញុំឆ្លើយតបយ៉ាងលឿនទៅវិញ [ថាអត់ទេ]”។
លោកបន្តទៀតថា៖ “ខ្ញុំផ្តោតតែលើ Barca និយាយទៅគោលដៅអាទិភាពរបស់ខ្ញុំគឺ Barca តែមួយគត់ តែពេលនេះខ្ញុំមើលឃើញផ្សេង ដោយគ្រប់គ្នានិយាយថា Premier League ជាលីគដ៏អស្ចារ្យ ហើយដំបូងនោះគឺរបៀបនៃការរស់នៅ ការដែលពួកគេគោរពនិងមើលថែអ្នក បរិយាកាសក៏ដូចជាកីឡដ្ឋាននៅទីនោះពិតជាអស្ចារ្យ ដូច្នេះហេតុអ្វីដែលថាពេលទៅមុខខ្ញុំមិនទៅនោះ? ដោយខ្ញុំក៏អាចស្រមៃការទៅដឹកនាំនៅអង់គ្លេស ដែលគួរតែជាបទពិសោធន៍មួយក្នុងអាជីព”៕
ប្រភព៖ Metro