អ្នកចាត់ការលោក Thomas Tuchel បាននិយាយមិនលាក់បាំងនោះទេ ថាមួយរយៈមុនអាចថាជាកំហុសខ្លួន ដែលមើលរំលងសមត្ថភាពរបស់ Tammy Abraham ហើយមិនសូវបានដាក់ឲ្យគេលេង។ ជាសារបញ្ជាក់ ក្រោយមានចចាមអារ៉ាមនៃការចង់ចាកចេញរបស់កីឡាករអង់គ្លេស។
ជាការពិត Abraham សឹងតែគ្មានឱកាសបង្ហាញខ្លួនលើទីលាន ក្រោមការដឹកនាំរបស់ Tuchel ជាពិសេសពេល Timo Werner មកដល់ ហើយឥឡូវជាមួយ Romelu Lukaku ត្រៀមផ្ទេរមកចូលរួមទៀត ដូច្នេះតំណែងប្រយុទ្ធកណ្តាលរបស់គេ ច្បាស់ណាស់នឹងកាន់តែទទួលរងសម្ពាធ។
យ៉ាងណាបញ្ជាក់មុនការប្រកួត UEFA Super Cup រាត្រីនេះ គ្រូសញ្ជាតិអាល្លឺម៉ង់និយាយ៖ “គេ [Abraham] ប្រហែលជាមិនរីករាយជាមួយនឹងពាក់កណ្តាលរដូវកាលមុននោះទេ ដោយវាប្រហែលជាកំហុសរបស់ខ្ញុំដែលមិនបានជឿជាក់លើគេខ្លាំង ដូចនឹងកីឡាករមួយចំនួនផ្សេងទៀត”។
លោកបន្ត៖ “តែពេលនេះវាស៊ីសងទៅលើគេ ថាចង់បន្តខិតខំប្រជែងយកតំណែងរបស់គេ ឬចង់ផ្ទេរទៅក្លឹបណាមួយ ដោយនេះវាជារឿងធម្មតាហើយក្នុងពិភពបាល់ទាត់”។ បញ្ជាក់ថា Abraham ជាយុវជនថ្នាលរបស់ Chelsea តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ហើយបានមកលេងនៅឈុតធំឆ្នាំ ២០១៧ តែឥឡូវលឺដំណឹងថាព្រមផ្ទេរទៅលេងឲ្យក្លឹបថ្មី Arsenal ហើយ៕
ប្រភព៖ Sportskeeda