អតីតអ្នកចាត់ការក្រុម Barcelona និងបច្ចុប្បន្នចូលដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique បាននិយាយសរសើរចំពោះទម្រង់លេងក្រុមទាំងមូល ជាពិសេសកីឡាករមកពីក្រុម Real Madrid តែម្ដង។
ជ័យជម្នះ ៦-០ លើក្រុមក្រូអាតនៅយប់មិញ និងឈ្នះក្រុមអង់គ្លេស ២-១ កាលពីពេលកន្លងទៅថែមទៀតនោះ បានធ្វើឱ្យអ្នកគាំទ្រអេស្ប៉ាញ កំពុងពេញចិត្តខ្លាំងចំពោះការដឹកនាំរបស់លោកលោក Luis Enrique។ ដោយឡែកសាមីខ្លួនផ្ទាល់ ក៏បានយល់ឃើញដែរថាក្រុមទាំងមូល មិនមានចំណុចខ្វះខាតសោះឡើយ ក្រោមការដឹកនាំរបស់ខ្លួន២ប្រកួតមកនេះ រកកន្លែងនិយាយមិនល្អមិនបានឡើយ។
អតីតអ្នកចាត់ការនិងកីឡាករ Barcelona ខាងលើបានដាក់កីឡាករ Real Madrid ចូលលេងក្នុងប្រកួតនេះដល់ទៅ៦នាក់ឯណោះ។ ការដាក់ច្រើននេះដែរ លោកបានពន្យល់ថា៖ “កាយវិការរបស់កីឡាករពិតជាល្អ។ វាពិបាកក្នុងការយកកន្លែងខ្វះខាត និងចំណុចមិនល្អនៅក្នុងក្រុមណាស់។ ខ្ញុំពេញចិត្តចំពោះអ្វីដែលពួកគេកំពុងធ្វើ ហើយខ្ញុំបានឃើញវា។ យើងដឹងមុនប្រកួតថា ក្រូអាតជាក្រុមខ្លាំង ហើយយើងពិបាកយកឈ្នះ។ ពួកគេមានឱកាសរកគ្រាប់បាល់ច្រើនណាស់ ប៉ុន្តែកីឡាករយើងបានទប់ស្កាត់រឿងទាំងនោះ។ ពួកគេធ្វើបានល្អ”។
ឆ្លងកាត់២ប្រកួត ឈ្នះទាំងពីរប្រកួតនេះដែរ អេស្ប៉ាញកំពុងឈរនៅកំពូលតារាង ហើយពួកគេត្រូវការតែ២ពិន្ទុទៀតប៉ុណ្ណោះ ពីការប្រកួតនៅសល់២ប្រកួតទៀត ដើម្បីឡើងទៅវគ្គបន្ដបាន។ ២ប្រកួតទៀតនោះ គឺប៉ះអង់គ្លេសក្នុងដី និងក្រូអាតក្រៅដី៕ប្រភពMarca