ក្លឹប West Ham United ដែលបានខ្ចីជើង Jesse Lingard កាលពីរដូវកាលមុន ឥឡូវចង់ចរចាទិញយកកេផ្តាច់ តែហាក់ចរចាមិនត្រូវរ៉ូវទាល់តែសោះ ដែលនាំឲ្យកីឡាករអង់គ្លេសត្រូវវិលត្រលប់ទៅកាន់ក្លឹបអាណាព្យាបាល Man Utd វិញ។
យ៉ាងណានៅរយៈពេលចុងក្រោយ ក្រុមដឹកនាំដោយលោក David Moyes ក៏បានទាក់ទងចង់បានបុរសវ័យ ២៨ ឆ្នាំឲ្យមកបន្តឈរជើងនៅក្រុមញញួរផងដែរ តែតាមការចុះផ្សាយរបស់ Sky Sports News បានបញ្ជាក់ថា លទ្ធភាពអាចសម្រេចទៅបាន មានតែ ១០ ភាគរយប៉ុណ្ណោះ ក្រោយពីឃើញគេបង្ហាញខ្លួននៅប្រកួតកម្តៅសាច់ដុំឲ្យក្លឹប Man Utd រួចទៅហើយនោះ។
តាមប្រភពបានឲ្យដឹងថា បិសាចក្រហមទាមទារតម្លៃខ្លួន Lingard ខ្ពស់ដល់ ៣០ លានផោន បើទោះបីជាក្លឹបមិនសូវប្រើប្រាស់គេ ហើយសុពលភាពកុងត្រាត្រូវផុតនៅឆ្នាំក្រោយ ២០២២ ក៏ដោយ។ តម្លៃនេះ សម្រាប់ West Ham អាចថាកល់បន្តិចហើយ ព្រោះពួកគេមិនមែនជាក្លឹបលំដាប់ Top 6 នៅលីគអង់គ្លេសនោះឡើយ។
បញ្ជាក់ថា Lingard ដែលអភិវឌ្ឍខ្លួនចេញពីថ្នាលយុវជនរបស់បិសាចក្រហម បានបង្ហាញខ្លួនសរុប ២១០ ប្រកួតឲ្យក្លឹប រកបាន ៣៣ គ្រាប់និង Assist ២០ លើក៕ ប្រភព៖ Sportsmole