អ្នកចាត់ការលោក Rafael Benitez ទើបតែឡើងកាន់តំណែងថ្មីថ្មោងនៅក្លឹប Everton ក្រោយការចាកចេញរបស់លោក Carlo Ancelotti ផ្ទេរទៅក្លឹប Real Madrid។
Benitez ធ្លាប់ជាអតីតអ្នកចាត់ការនៅហង្សក្រហមច្រើនឆ្នាំដែរ ហើយនេះវាជារឿងភ្ញាក់ផ្អើលដែលលោកផ្ទេរមកដឹកនាំក្លឹបគូប្រជែង និងជាក្លឹបរួមទីក្រុង Merseyside ដែលមានទីតាំងក្បែរគ្នានឹង Liverpool ផ្ទាល់តែម្តង។
យ៉ាងណា Benitez ហាក់មើលឃើញពីគោលដៅកីឡាករដែលខ្លួនចង់បានហើយ នោះគឺជាអតីតកីឡាករនៅ Anfield ខ្សែបម្រើ Philippe Coutinho ដែលបច្ចុប្បន្នកំពុងឈរជើងឲ្យក្លឹប Barcelona។ ថ្នាក់លើនៃក្លឹបម្ចាស់ដី Goodison Park មិនទាន់ច្បាស់ថាសម្រេចបែបណានោះទេ ព្រោះតម្លៃខ្លួនរបស់ Coutinho ក៏មិនតិចនោះដែរ ពោលអាចលើសពី ៥០ លានផោន។
បុរសវ័យ ២៩ ឆ្នាំ បច្ចុប្បន្នគេធ្វើមិនសូវបានល្អទេឲ្យម្ចាស់ដី Camp Nou ខុសពីការលេងឲ្យ Liverpool រាប់បានជាកីឡាករឆ្នើមមួយរូប ដែលរមែងបង្កើតឱកាស និងរកបានគ្រាប់បាល់ជាបន្តបន្ទាប់។ Coutinho ធ្លាប់លេងឲ្យហង្សនៅឆ្នាំ ២០១៣ ខណៈ Benitez ចេញពីតំណែងនៅឆ្នាំ ២០១០ ពោលបានត្រឹមមានឈ្មោះធ្លាប់បម្រើការឲ្យក្លឹបតែមួយ ប៉ុន្តែមិនធ្លាប់ស្ថិតនៅជំនាន់រួមគ្នាឡើយ៕
ប្រភព៖ AF