Mason Greenwood ពុំបានជាប់ឈ្មោះនៅការប្រកួត Euro 2020 ឲ្យអង់គ្លេសសារនេះទេ ហើយតាមដំណឹងគេអាចនឹងប្តូរទៅលេងឲ្យជម្រើសជាតិមួយផ្សេងទៀតហើយនៅពេលខាងមុខ ទាន់គេនៅមានឱកាសអាចផ្លាស់ប្តូរបាន។
ដោយតាមច្បាប់របស់ FIFA នឹងអនុញ្ញាតឲ្យកីឡាករអាចផ្លាស់ប្តូរជម្រើសជាតិ ដែលពួកគេចង់ទៅចូលរួមបាន ប្រសិនណាកីឡាកររូបនោះមិនទាន់លេងច្រើនជាង ៣ ប្រកួត ហើយមិនទាន់ឆ្លងផុតអាយុ ២១ ឆ្នាំ។
ជាក់ស្តែងសម្រាប់ Greenwood នៅជម្រើសជាតិអង់គ្លេស គេទើបតែលេងបាន ១ ប្រកួតគត់ កាលប៉ះអ៊ីស្លង់នៅខែសីហា ឆ្នាំ ២០២០។ ក្រោយៗមកកីឡាករវ័យ ១៩ ឆ្នាំមិនត្រូវបាន Gareth Southgate កោះហៅទេ ដោយជួនខ្លះមកពីបញ្ហារបួស និងខ្លះមកពីការសម្រេចចិត្តផ្ទាល់របស់អ្នកចាត់ការក្រុមជម្រើសជាតិ។
តាមប្រភពពី The Telegraph បានឲ្យដឹងថា Greenwood ទំនងជានឹងផ្ទេរទៅលេងឲ្យចាម៉ៃកា សម្រាប់ការប្រកួតវគ្គជម្រុះបឋម FIFA World Cup 2022 ពេលខាងមុខ ដើម្បីចូលរួមចំណែកជួយក្រុមឲ្យមានកៅអីលេងនៅ Qatar ឆ្នាំក្រោយ។ ចាម៉ៃកាជាប្រទេសដែលអាចផ្តល់សញ្ជាតិឲ្យខ្សែប្រយុទ្ធរបស់ Man Utd តាមរយៈខ្សែស្រឡាយខាងម្តាយឪពុករបស់គេ៕
ប្រភព៖ SportBible