ក្រុមហ៊ុន Coca-Cola ហាក់ដូចជាឆុងជាមួយកីឡាករ ឬមិនដឹងថាយ៉ាងម៉េចនៅ Euro 2020 សារនេះ ដោយផលិតផលរបស់ខ្លួនត្រូវបានទាស់ចិត្តពីសំណាក់កីឡាករ ២ លើករួចមកហើយ នៅមុខសន្និសីទសារព័ត៌មាន ដែលជារូបភាពមានចែកចាយទូទាំងសកលលោក។
ដំបូងគឺផ្តើមចេញពី Cristiano Ronaldo ដែលបានទាញដបកូកាកូឡាចេញពីមុខរបស់ខ្លួន ហើយលើកទឹកសុទ្ធជំនួសមកវិញ ក្រោមហេតុផលថា លោកចង់ទទួលទានទឹកបរិសុទ្ធជាងភេសជ្ជៈមានជាតិហ្គាស។ លុះក្រោយមកដល់រឿង Paul Pogba ដែលបានដកដបស្រា Heniken ចេញពីលើតុ ក្រោមមូលហេតុដោយសារលោកជាកីឡាករកាន់សាសនាមូស្លីម។
ឥឡូវនេះចូលមកដល់ម្នាក់ទៀតហើយ ដោយកាលពីយប់មិញពេលអ៊ីតាលីប្រកួតចប់ Manuel Locatelli ដែលរកបាន ២ គ្រាប់ ក៏បានទាញដបកូកាកូឡាចេញពីមុខរបស់ខ្លួនដូចគ្នា ហើយយកដបទឹកសុទ្ធមកដាក់នៅខាងមុខ ដែលសកម្មភាពនេះបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ហើយកំពុងបារម្ភថា ក្រុមហ៊ុន Coca-Cola នឹងគួរមានដំណោះស្រាយបែបណាជាមួយភាគី UEFA អ្នករៀបចំព្រឹត្តិការណ៍ ដែលទទួលយក Sponsor ពីខ្លួន។
https://twitter.com/i/status/1405294027491184644
គួរបញ្ជាក់ថា តម្លៃភាគហ៊ុនរបស់ Coca-Cola បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្រោយតែរយៈពេលប៉ុន្មានម៉ោងពេល Ronaldo បានបញ្ចេញកាយវិការដ៏ភ្ញាក់ផ្អើលមួយនោះ។ តាមដំណឹងលឺថាក្រុមហ៊ុនមានមូលដ្ឋានដើមនៅប្រទេសអ៊ីស្រាអែលមួយនេះ ខាតបង់ទឹកប្រាក់ជាង ៤ ពាន់លានដុល្លារឯណោះ៕
ប្រភព៖ Metro