កំណត់ត្រា​ខ្នាត​យក្ស ៥ ដែល C.Ronaldo អាច​បំបែក​បាន នៅ Euro នា​ពេល​ខាង​មុខ

​ព្រឹត្តិការណ៍ Euro 2020 ដែល​លើក​ពេល​មក​ធ្វើ​នៅ​ឆ្នាំ ២០២១ នឹង​ឈាន​ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ ដោយ​ក្រុម​ទាំង​អស់​បាន​ដឹង​រួចរាល់​ហើយ​ពី​ក្រុម​គូ​ប្រជែង​ដែល​ពួក​គេ​ត្រូវ​តតាំង​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់​ ១៦ ក្រុម​ចុង​ក្រោយ។

​ក្នុង​ចំណោម​ពូល​ទាំង ៦ គឺ​មាន​ពូល F ដែល​ជា​ពូល​មរណៈ ​ព្រោះ​លាយឡំ​ក្រុម​ខ្លាំង​ដល់​ទៅ ៣ កៀប​ក្រុម​កម្រិត​មធ្យម​ ១។ ព័រទុយហ្គាល់, បារាំង, អាល្លឺម៉ង់ និង​ហុងគ្រី នឹង​ត្រូវ​ប៉ះ​គ្នា​ទៅ​មក ហើយ​ចម្រាញ់​យក​តែ ២ ក្រុម​ ឡើង​ទៅ​វគ្គ​បន្ទាប់ ខណៈ​ក្រុម​ទី ៣ ត្រូវ​ធ្លាក់​ទៅ​ជម្រុះ​មួយ​តង់​ផ្សេង​ទៀត។

​ជឿ​ថា​ក្រុម​បារាំង​និង​ព័រទុយហ្គាល់ គឺ​ជា​ក្រុម​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ហើយ​បើ​ស៊ីជម្រៅ​ទៅ​ដល់​កីឡាករ​សំខាន់ៗ គឺ​មាន​ដូច​ជា Cristiano Ronaldo, Kylian Mbappe និង Karim Benzema ជា​ដើម។ ពួក​គេ​សុទ្ធ​តែ​មាន​ឱកាស​ក្នុង​ការ​បំបែក​កំណត់ត្រា​ធំៗ​នៅ​ Euro ឆ្នាំ​នេះ តែ​យើង​សូម​ច្បិច​លើក​មក​បង្ហាញ​ពាក់ព័ន្ធ​នឹង Ronaldo ដែល​លោក​ជា​កីឡាករ​ចំណាស់​ជាង​គេ ហើយ​ក៏​អាច​ជា​លេង Euro លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​នេះ​ដែរ។

សម្រាប់​តារា​ឆ្នើម​ព័រទុយហ្គាល់ គឺ​មាន​កំណត់ត្រា​ធំ ៥ ​កំពុង​រង់ចាំ ដែល​ខ្លះ​អាច​ថា​ងាយស្រួល​ក្នុង​ការ​បំបែក ហើយ​ខ្លះ​ពិបាក​នឹង​កើត​ឡើង​បន្តិច នៅ​ការ​ប្រកួត​រយៈ​ពេល​ត្រឹម​តែ ១ ខែ​ខាង​មុខ៖

៥) បង្ហាញ​ខ្លួន​នៅ Euro ច្រើន​សម័យ​កាល​បំផុត

Cristiano Ronaldo លេច​វត្តមាន​ជា​លើក​ដំបូង​នៅ Euro ឆ្នាំ ២០០៤ ហើយ​ជា​បន្តបន្ទាប់​រយៈ​ពេល ៤ ឆ្នាំ​ម្តង លោក​បាន​បង្ហាញ​ខ្លួន​ជាប់​លាប់​មក​ទល់​ឆ្នាំ ២០២១ នេះ។ គិត​ទៅ​គឺ​ឆ្លង​កាត់ ៤ សម័យ​កាល​ហើយ​សម្រាប់ Ronaldo តែ​កន្លង​មក​មាន​កីឡាករ ១៧ រូប​ក៏​ធ្លាប់​ឈាន​មក​ដល់​តួ​លេខ​នេះ​ដូច​គ្នា។

យ៉ាង​ណា​សម្រាប់ Euro 2020 គឺ​ជា​សម័យកាល​ទី ៥ សម្រាប់ CR7 ដែល​នឹង​នាំ​ឲ្យ​លោក​ក្លាយ​ជា​កីឡាករ​ទី ១ បង្ហាញ​ខ្លួន​នៅ Euro ច្រើន​សម័យ​កាល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

៤) រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ Euro

Ronaldo រក​បាន ៩ គ្រាប់​នៅ Euro ដែល​តួ​លេខ​នេះ​ស្មើ​នឹង​កំណត់ត្រា​របស់​អតីត​ជើង​ចាស់​លោក Michael Platini។ បែប​នេះ​មាន​ន័យ​ថា Ronaldo ត្រូវ​ការ​តែ ១ គ្រាប់​ទៀត​ប៉ុណ្ណោះ ដើម្បី​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ Euro តែ ១ គ្រាប់​សារ​នេះ​មិន​ជា​ងាយ​ពេក​នោះ​ទេ ​ព្រោះ​ក្រុម​ដែល​ព័រទុយហ្គាល់​ត្រូវ​ប៉ះ​សុទ្ធ​តែ​គីឡូ​ធ្ងន់ ជា​ពិសេស​គឺ​អាល្លឺម៉ង់​និង​បារាំង​ផ្ទាល់​តែ​ម្តង។

៣) បង្ហាញ​ខ្លួន​ច្រើន​បំផុត​នៅ Euro រាប់​ទាំង​ប្រកួត​វគ្គ​ជម្រុះ​បឋម

រាប់​ទាំង​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម Euro Qualifying និង​ប្រកួត​ផ្លូវការ គឺ Ronaldo បង្ហាញ​ខ្លួន​សរុប ៥៦ ​ប្រកួត ខណៈ​កំណត់ត្រា​កីឡាករ​បង្ហាញ​ខ្លួន​ច្រើន​បំផុត​គឺ Gianluigi Buffon ដែល​មាន ៥៨ ប្រកួត​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី ប៉ុន្តែ​លោក​បាន​ចូល​និវត្ត​តាំង​ពី​ឆ្នាំ ២០១៧។

បែប​នេះ​មាន​ន័យ​ថា កីឡាករ​វ័យ ៣៦ ឆ្នាំ ត្រូវ​ការ​ ការ​ឈរ​ជើង​លើ​ទីលាន​តែ ៣ ប្រកួត​ទៀត​ប៉ុណ្ណោះ នោះ​នឹង​អាច​បំបែក​កំណត់ត្រា​របស់ Buffon បាន​ហើយ។ បញ្ជាក់​ថា ៥៦ ប្រកួត​កន្លង​មក Ronaldo ឈ្នះ ៣៦ ស្មើ ១២ និង​ចាញ់ ៨ លើក។

២) កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​អាច​រក​បាន​គ្រាប់​បាល់

Ronaldo នឹង​មាន​ឱកាស​ក្លាយ​ជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​អាច​រក​បាន​គ្រាប់​បាល់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ កាល​ពី Euro 2016 ព័រទុយហ្គាល់​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក តែ​កាល​នោះ CR7 មិន​អាច​រក​បាន​គ្រាប់​បាល់​ឡើយ។

​បច្ចុប្បន្ន​កំណត់ត្រា​នេះ រក្សា​ដោយ​ឈ្មោះ​ជើង​ចាស់​លោក Bernd Holzenbein តាំង​ពី​ឆ្នាំ ១៩៧៦ ដោយ​លោក​រក​បាន​គ្រាប់​បាល់​ឲ្យ​អាល្លឺម៉ង់​ខាង​លិច នៅ​អាយុ ៣០ ឆ្នាំ និង ១០៣ ​ថ្ងៃ។ សម្រាប់ Ronaldo បើ​អាច​ធ្វើ​បាន​សារ​នេះ នោះ​លោក​នឹង​បង្កើត​កំណត់ត្រា​ថ្មី​នៅ​អាយុ ៣៦ ឆ្នាំ និង ១៥៦ ​ថ្ងៃ។

១) កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ជម្រើស​ជាតិ

កំណត់ត្រា​នេះ​យើង​ទន្ទឹង​រង់ចាំ​អុត​មើល​តាំង​ពី​ចុង​ឆ្នាំ​ ២០២០ ឥឡូវ​ហៀរ​ចូល​មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០២១ ក៏​វា​កាន់​តែ​កៀក​បន្ថែម​ទៀត។ Cristiano Ronaldo មាន ១០៣ គ្រាប់ ខណៈ Ali Daei មាន ១០៩ គ្រាប់ ពោល​គឺ CR7 ត្រូវ​ការ ៧ គ្រាប់ ដើម្បី​បំបែក​បាន។

បើ​ព័រទុយហ្គាល់​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ នោះ​ក្រុម​នឹង​ឆ្លង​កាត់​យ៉ាង​ហោច​ណាស់ ៦ ​ប្រកួត ដែល​ពេលវេលា​ទាំង​អស់​លើ​ទីលាន សុទ្ធ​តែ​ជា​ឱកាស​សម្រាប់ Ronaldo ក្នុង​ការ​បំបែក​កំណត់ត្រា​ខ្នាត​យក្ស​មួយ​នេះ៕

ប្រភព៖ Sportskeeda​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT