ការចាកចេញរបស់ Cristiano Ronaldo ទៅ Man Utd នៅពេលខាងមុខនេះ អាចជាមិនទាមទារឲ្យក្លឹប Man Utd ចំណាយនោះទេ ហើយថែមទាំងសល់លុយមួយផ្នែកមកវិញទៀត ប្រសិនជាក្លឹបអង់គ្លេសព្រមព្រៀងលើលក្ខខណ្ឌផ្ទេរដ៏ភ្ញាក់ផ្អើលមួយ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Gazzetta dello Sport ចុះផ្សាយថា Juventus កំពុងពិចារណាចង់ដោះដូររវាង Cristiano Ronaldo ជាមួយនឹង Paul Pogba ប្រសិនណាជាភាគីក្លឹប Man Utd យល់ព្រម។ នេះមានន័យថា Juventus ប្រគល់ Ronaldo ឲ្យទៅ Man Utd ហើយប្តូរមកវិញនូវការនាំយក Pogba តែបើតាមហាងឆេងតម្លៃទីផ្សារលុះត្រាតែសេះបង្កង់ប៉ះប៉ូវឲ្យបិសាចខ្ទង់ ៥០ លានអឺរ៉ូយ៉ាងតូច ព្រោះតម្លៃខ្លួន CR7 អាចថ្លៃត្រឹម ២៥ លានអឺរ៉ូប៉ុណ្ណោះពេលនេះ។
បញ្ជាក់ថា ក្រោយចាយពេល ៣ រដូវកាលនៅ Juventus តារាឆ្នើមព័រទុយហ្គាល់រកបាន ១០១ គ្រាប់និង Assist ២២ លើកនៅការបង្ហាញខ្លួន ១៣៣ ប្រកួត ស្របពេលដែល Pogba គេក៏ធ្លាប់ជាអតីតកីឡាករនៅក្លឹបអ៊ីតាលីនោះដែរ ដោយ ១៧៨ ប្រកួត រកបាន ៣៤ គ្រាប់និង Assist ៤០ លើក ហើយបានផ្ទេរមកបិសាចនៅតម្លៃបំបែកកំណត់ត្រា ១០៥ លានអឺរ៉ូ៕
ប្រភព៖ Goal