ម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Heavyweight កីឡាករ Brandon “The Truth” Vera បានដឹងអំពីវិធីដែលធ្វើឲ្យរូបគេស្ថិតនៅកម្រិតកំពូលមួយ។ ដូច្នេះហើយទើបកីឡាករហ្វីលីពីន-អាមេរិផ្លាស់ទៅបោះជំរំហ្វឹកហាត់នៅក្លិប Sanford MMA ស្ថិតនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក មុនពេលឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងអ្នកជំនាញចំបាប់ឥណ្ឌា Arjan “Singh” Bhullar នៅព្រឹត្តិការណ៍ ONE: DANGAL ដែលត្រូវផ្សាយនាថ្ងៃសៅរ៍ទី ១៥ ខែ ឧសភា ខាងមុខនេះ។
ការទៅហ្វឹកហាត់នៅអាមេរិកមិនងាយស្រួលប៉ុន្មានទេសម្រាប់ “The Truth” ព្រោះត្រូវធ្វើដំណើរពីហ្វីលីពីន និងកោះហ្គាម ដើម្បីឆ្ពោះទៅអាមេរិកខាងជើង។ ប៉ុន្តែ វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់អាជីព។
Vera ថ្លែងថា ៖«ការផ្លាស់ទៅហ្វឹកហាត់នេះ គឺជាការតាំងចិត្តខ្ពស់មួយ។ វាធ្វើឲ្យបាត់ភាពតប់ប្រមល់ក្នុងនាមជាកីឡាករម្នាក់។ ខ្ញុំអាចផ្ដោតអារម្មណ៍ក្នុងនាមកូនសិស្សសម្រាប់ការប្រកួតមួយ។ វាជាអ្វីដែលខ្ញុំត្រូវការ ហើយជាផ្នែកនៃអាជីពរបស់ខ្ញុំ»។
Vera នឹងមិនស្ដាយក្រោយចំពោះការសម្រេចចិត្តនេះទេ។
«រដ្ឋផ្លរីដាមានភាពខុសប្លែក ហើយ ខ្ញុំមានអារម្មណ៍ថាចូលចិត្តពេលទៅដល់ទីនោះ។ គ្រួសាររបស់ខ្ញុំក៏បង្ហាញភាពពេញចិត្តដូចគ្នា។ មួយវិញទៀត កីឡាករទាំងអស់នៅក្លិបនោះ គឺ ហ្វឹកហាត់រួមគ្នា ។ ដូច្នេះវាល្អមែនទែនពេលមកដល់ទីនេះ។ ខ្ញុំពិតជាពេញចិត្តកន្លែងនេះខ្លាំងណាស់»។
ជាមួយគ្នានោះ Aung La “The Burmese Python” N Sang ដែលធ្លាប់ផ្ដួលរូបគេកាលប្រកួតដណ្ដើមខ្សែក្រវាត់ ONE Light Heavyweight កាលខែតុលា ឆ្នាំ ២០១៩ ក៏មានវត្តមានទីនេះ, មិត្តភ័ក្ដិខ្លះទៀត ហើយ “The Truth” ពិតរំភើបដែលបានហ្វឹកហាត់ជាមួយពួកគេ។
«ពេល Aung La និងខ្ញុំប្រកួតគ្នាចប់ យើងត្រូវបានពិនិត្យដោយពេទ្យ ព្រោះពួកយើងទាំងពីរសុទ្ធតែរបួស។ ប៉ុន្តែ យើងសើចទៅវិញទៅមក ហើយនិយាយកំប្លែង និង ជជែកអំពីការហាត់ជាមួយគ្នា»។ Vera រំលឹករឿងចាស់។
«តាំងពីនោះមក យើងលើសពីគូប្រកួតនៅលើសង្វៀនទៅទៀត។ យើងបានទាក់ទងគ្នាដូចបងប្អូន និង ដូចគ្រួសារទៀតផង»។
កូវីដ-១៩ និង ការទទួលបានកូនប្រុសម្នាក់បានពន្យាការធ្វើដំណើររបស់ Vera ប៉ុន្តែ គេនៅតែគិតក្នុងចិត្តជានិច្ច។ ទីបំផុត តារាប្រចាំសង្វៀន ONE អាចសម្រេចបំណងហើយ។
Vera បញ្ជាក់ថា ៖«អ្នករាល់គ្នាចង់ក្លាយជាជើងឯក ប៉ុន្តែ អ្នកខ្លះមិនចង់ធ្វើឲ្យដូចជាជើងឯក។ ខ្ញុំសួរ [ប្រពន្ធរបស់ខ្ញុំ] ។ ហេ ! បងចង់ទៅ Sanford? ខ្ញុំចាប់ផ្ដើមសួរមិត្តជិតស្និទ្ធរបស់ខ្ញុំ,សាច់ញាតិ, និងដៃគូហ្វឹកហាត់របស់ខ្ញុំ។ គេឆ្លើយថា ខ្ញុំគួរតែទៅទីនោះ»។
«ខ្ញុំបានផ្ញើសារទៅកាន់ Martin Nguyen តាម Instagram ហើយ Martin ឆ្លើយតបមកវិញ។ ខ្ញុំនិយាយថា ‘តើអ្នកគិតថាអូខេទេ បើសិនខ្ញុំហាត់នៅ Sanford ។ ក្រោយមកខ្ញុំខលវីដេអូ នោះគឺ [Aung La] និង Martin កំពុងនិយាយ ‘យូ មកនេះមក! កំពុងធ្វើអីហ្នឹង? ហេតុអ្វីក៏នៅទីនោះ?»។
Vera និយាយអ្វីដែលគេត្រូវការ។ គេបញ្ចប់ការថតកុននៅហ្វីលីពីន និងធ្វើដំណើរទៅផ្លរីដាដើម្បីរៀបចំសម្រាប់ការប៉ះ Bhullar។ ដោយត្រូវប៉ះកីឡាករធ្លាប់ប្រកួតនៅអូឡាំពិក Bhullar នឹងក្លាយជាការតេស្តមួយដ៏សំខាន់សម្រាប់ម្ចាស់ខ្សែក្រវាត់។
«ខ្ញុំមិនដែលហ្វឹកហាត់ MMA ជាមួយមនុស្សច្រើនអីចឹងទេ តាំងពីរហាត់នៅក្លិប Alliance។ ខ្ញុំរីករាយខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថាដូចកូនក្មេងម្ដងទៀត។ ខ្ញុំរំពឹងថា វានឹងប្រសើរឡើង»។
«ព្រះជាម្ចាស់! ការហាត់នៅទីនេះជារឿងមួយផ្សេងទៀត។ អ្នករាល់គ្នានៅទីនេះ គឺលំដាប់ពិភពលោក។ ទីនេះមានមនុស្សសុទ្ធតែកំពូលជើងខ្លាំង ៥ នាក់ក្នុងទម្ងន់ផ្សេងៗគ្នា។ ពួកគេសុទ្ធតែចង់បានចំណាត់ថ្នាក់លេខ១»។
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ ONE Heavyweight បានប្រាប់ឲ្យដឹងថា ៖«ខ្ញុំបានរកឃើញកន្លែងដែលខ្ញុំអាចហៅបានថាជាផ្ទះហើយ, ជាកន្លែងដូចដែលខ្ញុំធ្លាប់រស់នៅ ហើយបន្ទាប់ពីការពារខ្សែក្រវាត់រួច ខ្ញុំនឹងយកខ្សែក្រវាត់របស់ខ្ញុំមកទីនេះ [ផ្ទះរបស់ខ្ញុំ] គឺ មក Sanford ។ ហើយយើងនឹងស្នាក់នៅទីនេះ និងបន្តហ្វឹកហាត់នៅទីនេះទៀតផងដែរ»។
បុរសវ័យ ៤៣ឆ្នាំសង្កត់ធ្ងន់ថា ៖«នៅទីនេះមានតារាទម្ងន់ធ្ងន់ប្រចាំ ONE Championship រង់ចាំជួយខ្ញុំ។ នេះជាហេតុផលដែលខ្ញុំប្ដូរមកក្លិប Sanford។ ពួកគេមានមោទនភាពសម្រាប់ខ្ញុំ។ ខ្ញុំនឹងបន្តនៅកម្រិតកំពូល, ខ្ញុំល្អជាងមុន, ខ្ញុំលឿនជាមុន និងខ្លាងជាងមុន។ ព្រោះគេទាំងអស់ប្រៀបបីដូចសត្វចម្លែកអីចឹង។ សូមអរគុណអ្នកទាំងអស់គ្នា»។