កំពុងផ្ទុះការចាប់អារម្មណ៍ពីបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់ បន្ទាប់លឺព័ត៌មានច្បាស់ការនៃការត្រៀមជួបគ្នានៅប្រកួតប្រដាល់សកល រវាងស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) ទល់ស្តេចប្រដាល់ថៃ ប៊ូខាវ បេនឆាមេក (Buakaw Banchamek) នៅសង្វៀនប្រទេសថៃ ក្នុងខែមករា ឆ្នាំ ២០២៤។
មិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទលម្អិតនោះទេ តែបើតាមការឲ្យដឹងពីនាយកប្រតិបត្តិក្រុមហ៊ុន Fresh Air លោក Vinji Lertratanachai សង្កត់ធ្ងន់ថា នឹងមានការរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើការចុះកិច្ចសន្យាផ្លូវការរវាងភាគីកីឡាករទាំងពីរ នៅថ្ងៃទី ២១ កក្កដា ក្នុងទីក្រុងបាងកក ក៏នឹងមានវត្តមាន ប៉ាគីអៅ មកចូលរួមនាថ្ងៃនោះផងដែរ។
ប្រវត្តិជួបគ្នារវាងអ្នកប្រដាល់សកលវ័យ ៤៤ ឆ្នាំ និងអ្នកប្រដាល់មួយថៃវ័យ ៤១ ឆ្នាំខាងលើ មិនធ្លាប់កើតឡើងពីមុនមកទេ រាប់ថានេះជាលើកដំបូង ក៏ប៉ុន្តែសារថយក្រោយវិលទៅជាងម្ភៃឆ្នាំមុន គឺប៉ាគីអៅ ធ្លាប់បានតតាំងជនជាតិថៃ ២ រូបលើសង្វៀន ជាមួយលទ្ធផលយកឈ្នះឲ្យគូប្រជែងសន្លប់ ១ និងចាញ់ សន្លប់ខ្លួនឯង ១។
ការប៉ះ Chatchai Sasakul (ឆាត់ឆៃ សាសៈកុល) – ត្រលប់ទៅដើមខែធ្នូ ឆ្នាំ ១៩៩៨ ចំពេលដែលប៉ាគីអៅទើបស្ថិតនៅវ័យជិត ២០ ឆ្នាំ ពេលនោះចំប្រកួតលើកទី ២៥ ក្នុងអាជីព លោកបានធ្វើដំណើរទៅសង្វៀនប្រទេសថៃ ផ្តួលគូប្រកួតខាងលើឲ្យសន្លប់នៅទឹកទី ៨ ហើយសម្រេចគ្រងខ្សែក្រវាត់ WBC ប្រភេទទម្ងន់ Flyweight។
នាំឲ្យស្គាល់ Sasakul បន្តិច លោកជាអតីតអ្នកប្រដាល់ថៃ ប្រលូកអាជីពចន្លោះឆ្នាំ ១៩៩១ ដល់ ២០០៨។ នៅសមិទ្ធផលជូនជាតិ ធ្លាប់បានសម្រេចមេដាយមាសនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ១៩៨៧ និង ១៩៨៩ ហើយនៅកីឡាអាស៊ីក្នុងទីក្រុងប៉េកាំង ឆ្នាំ ១៩៩០ ធ្លាប់បានមេដាយប្រាក់។
លោកក៏បានគ្រងខ្សែក្រវាត់ WBC ប្រភេទ Flyweight ជាងមួយឆ្នាំកន្លះ មុនធ្លាក់ទៅដល់ដៃប៉ាគីអៅ។ ស្ថិតិប្រកួត ៦៨ លើកឈ្នះ ៦៣ ស្មើ ១ ចាញ់ ៤ ធ្លាប់សន្លប់ ២ លើក មាន ១ លើកក្រោមថ្វីដៃអ្នកប្រដាល់ហ្វីលីពីនដូចបានរៀបរាប់។
ការប៉ះ Medgoen Singsurat (មេដងុឺន ស៊ីងស៊ូរ៉ាត់) – នេះជាការមកប្រកួតនៅដីថៃលើកចុងក្រោយ មុនត្រៀមហោះមកជាថ្មីនៅ ពេលខាងមុខ។ ចំព្រឹត្តិការណ៍នាពាក់កណ្ដាលខែកញ្ញា ឆ្នាំ ១៩៩៩ ដែលប៉ាគីអៅ បរាជ័យក្រោមថ្វីដៃអ្នកប្រដាល់ថៃ Singsurat ដល់សន្លប់ត្រឹមទឹកទី ៣ ហើយរបូតខ្សែក្រវាត់ WBC ទៅឲ្យគូប្រកួត។
អ្នកប្រដាល់ចូលនិវត្តជាប់រហស្សនាម “អាគុយ៣កា” បានព្យួរហ្គង់ពីសង្វៀននៅឆ្នាំ ២០១១ បន្ទាប់ឆ្លងកាត់អាជីព ៨០ ប្រកួត ឈ្នះ ៧៤ ចាញ់ ៦ ធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ដល់ទៅ ៥១ លើក។
គួររំឭកឲ្យដឹងដែរថា ប៉ាគីអៅសរុបស្ថិតិប្រកួត ៧២ លើក ឈ្នះ ៦២ ស្មើ ២ ចាញ់ ៨ ផ្តួលគូប្រកួតឲ្យសន្លប់ ៣៩ លើក និងធ្លាប់សន្លប់ខ្លួនឯង ៣ លើកគត់ មានក្រោមថ្វីដៃអតីតអ្នកប្រដាល់មិកស៊ិក Juan Manuel Marquez អតីតអ្នកប្រដាល់ថៃ Medgoen Singsurat និងអតីតអ្នកប្រដាល់ហ្វីលីពីន Rustico Torrecampo៕
ប្រភព៖ បរទេស