អវត្តមាន ចាន់ វឌ្ឍនាកា ពីបញ្ជីក្រុមជម្រើសជាតិកម្ពុជា តើអាចធ្វើឱ្យម៉ាឡេស៊ីភ្ញាក់ផ្អើលដែរឬទេ ?

ការបញ្ចេញឈ្មោះក្រុមជម្រើសជាតិកម្ពុជា កាលពីម្សិលមិញ បានបង្ហាញថាវត្តមានកីឡាករទាំង ២៣រូប ពុំមានឈ្មោះខ្សែប្រយុទ្ធមុតស្រួចរបស់ក្លិបបឹងកេតអេហ្វស៊ី ចាន់ វឌ្ឍនាកា នោះទេ គ្រាដែលកម្ពុជា ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី កីឡាករ Keisuke Honda ។

តាមការឱ្យដឹងពីគ្រូបង្វឹកក្លិបបឹងកេត បានបង្ហើបថា វឌ្ឍនាកា កំពុងតែមានរបួស ដែលប៉ះទង្កិចចាប់តាំងពីលេងមិត្តភាពជាមួយនឹងក្រុមជម្រើសលីគជប៉ុន កាលពីដើមខែ សីហាកន្លងទៅ ។ កត្តានេះហើយដែលធ្វើឱ្យគេមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិ ដែលពឹងផ្អែកខ្លាំងលើរូបគេ ។

ម៉ាឡេស៊ី នឹងមិនត្រូវប្រឈមមុខជាមួយកីឡាករមួយរូប ដែលធ្លាប់ធ្វើព្យុះធ្វើភ្លៀង​ ពេលលេងទល់នឹងពួកគេក្នុង Suzuki Cup កាលពីឆ្នាំ ២០១៦ នោះទេ ដែលកាលនោះ ចាន់ វឌ្ឍនាកា បានប្រើសមត្ថភាពរបស់ខ្លួន ស៊ុតចូលទី ២គ្រាប់ម្នាក់ឯងឱ្យកម្ពុជា ។

អវត្តមានរបស់ ចាន់ វឌ្ឍនាកា ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា ជាច្រើនលើកឡើងថា នឹងធ្វើឱ្យស្ថានភាពក្រុមប្រែប្រួល និងតែងតែពិបាកក្នុងតំបន់ប្រយុទ្ធទល់នឹងគូប្រកួតជាដើម ។

យ៉ាងណាមិញ ការរៀបចំ ការដឹកនាំក្រុម របស់លោក Keisuke Honda នៅពុំទាន់ត្រូវបានបង្ហាញនៅឡើយ ដោយលោកបានផ្តល់តួនាទី ឱ្យគ្រូបង្ហាត់ លោក Felix G. dalmas ក្នុងការបង្វឹកកីឡាករទាំង ២៣រូបនោះ ។

ក្នុងការបង្ហាញបញ្ជីឈ្មោះកីឡាករត្រៀមប្រកួតមិត្តភាពនេះ ក្រុមទាំងពីរ បានប្រើប្រាស់សុទ្ធសឹងតែកីឡាករអាយុក្រោម ២៣ឆ្នាំ រៀងៗខ្លួន ។

ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្នុងថ្ងៃទី ១០​ ខែ កញ្ញា ឆ្នាំ​២០១៨ខាងមុខនេះ ពោលគឺជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ( FIFA International Friendly Match ) ។ លទ្ធផលពីការប្រកួត នឹងត្រូវបានគណនាក្នុង FIFA Ranking ដែលតែងតែធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ ៕

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT