លោក Zidane បានអះអាងថាការដឹកនាំក្លឹបធំដូចជា Real Madrid មិនមែនជារឿងងាយស្រួលដូចគ្រប់គ្នាគិតឡើយ ព្រោះគ្រប់ប្រកួតសុទ្ធតែទាមទារឱ្យទទួលបានលទ្ធផលល្អទាំងអស់។
នៅយប់នេះ ក្រុម Real Madrid នឹងត្រូវប្រកួតជាមួយ Osasuna ទៀត សម្រាប់ពានរង្វាន់ La Liga ហើយបន្ទាប់មកទៀតនឹងត្រូវប៉ះ Chelsea ជើងទី២ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមរបស់លោក Zidane សុទ្ធតែមានឱកាសឈ្នះពានរង្វាន់ទាំង២នេះ ប៉ុន្តែអ្វីដែលពិបាកសម្រាប់លោកគឺកីឡាកររបួសច្រើនតែម្ដង។
ជាក់ស្ដែងនៅរដូវកាលនេះ ក្របខណ្ឌ La Liga គ្មានក្លឹបណាមួយមានកីឡាកររបួសច្រើនជាង Real Madrid នោះទេ។ កីឡាករខ្លះលេងដល់ទៅជាង៣ពាន់នាទីទៅហើយ ដែលសឹងតែគ្រប់ប្រកួតពេញៗម៉ោងតែម្ដង។ ដូច្នេះហើយ នៅរាត្រីនេះអ្នកចាត់ការបារាំងទំនងជានឹងត្រូវឆ្លាស់កីឡាករលេងហើយ ដើម្បីឱ្យមានអ្នកសម្រាកខ្លះយកកម្លាំងលេងទល់ Chelsea ។
Zidane បានបញ្ជាក់បន្ថែមទៀត ដឹកនាំក្រុម Real Madrid មិនមែនជារឿងងាយនោះទេ គ្រប់គ្នាអាចគិតថាស្រួលបាន ប៉ុន្តែជាក់ស្ដែងមិនមែនបែបនោះឡើយ។ យ៉ាងណា លោកសប្បាយចិត្តដែលអាចឆ្លងកាត់ការលំបាកៗជាច្រើនកន្លងមក៕ប្រភព Marca