អស្ចារ្យ​ណាស់! Lee ​ផ្ដួល Nastyukhin ត្រឹម​ទឹក​ទី១

ម្ចាស់​ខ្សែ​ក្រវាត់ ONE Lightweight World Champion កីឡាករ Christian “The Warrior” Lee បន្ត​គ្រង​ខ្សែ​ក្រវាត់​បន្ត​ទៀត​ ក្រោយ​ជ័យជម្នះ​ដ៏​អស្ចារ្យ​មុន​នេះ​បន្តិច។ 

កូនកាត់​សិង្ហបុរី-អាមេរិក​ប៉ះ​គូ​ប្រជែង  Timofey Nastyukhin នៅ​ព្រឹត្តិការណ៍ “ONE on TNT II” នា​ព្រឹក​ថ្ងៃ​ប្រហស្បតិ៍​ទី ១៥ ខែ មេសា​នេះ ប៉ុន្តែ ​គេ​មិន​​ទុក​ពេល​វេលា​ឲ្យ​កន្លង​ផុត​ទៅ​ទេដោយ​បញ្ចប់​ត្រឹម​ទឹក​ទី១ ក្នុង​ការ​ប្រកួត​គុន​ចម្រុះ។ 

ម្ចាស់ខ្សែក្រវាត់ពិភពលោកវ័យក្មេង Christian Lee ប្រើពេលមិនខុសពីការប្រកួតលើកពីមុនៗទេដោយចំណាយពេលត្រឹមតែជាង៣នាទីប៉ុណ្ណោះដើម្បីផ្តួល Nastyukhin នៅព្រឹត្តិការណ៍ “ONE on TNT II”ដែលផ្សាយបន្តផ្ទាល់នូវ​ម៉ោង​មាសទៅកាន់សសហរដ្ឋអាមេរិក។

មុនពេលអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត Christian Lee បានប្រើកណ្តាប់ដៃឆ្វេងវ៉ៃចំថ្គាមរបស់ Nastyukhin ឲ្យដួល រួចហើយឱប​ពីលើ និងប្រើកណ្តាប់ស្តាំវ៉ៃផ្ទួនៗដែលតាមចំនួន១៥ដៃទើបអាជ្ញាកណ្តាលបញ្ឈប់នៅនាទី១:១៣នាទីក្នុងទឹកទី១ ក្រោយពេល Nastyukhin គ្មានលទ្ធភាពតដៃរួច។

ភាពភ្ញាក់ផ្អើលនេះ មិនខុសពីការផ្តួលវីរបុរសគុនចម្រុះជប៉ុន Shinya Aoki ឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតនៅក្នុងទឹកទី២ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបន្តផ្តួល Luri Lapicus ដោយចំណាយពេលជាង២នាទីប៉ុណ្ណោះនៅក្នុងទឹកទី១។

កាល​ពី​ខែ​តុលា Christian Lee ក៏​បាន​ផ្តួល​ Saygid Guseyn Arslanaliev ក្នុង​ទឹក​ទី​៣​ដើម្បី​ឈ្នះ​ពាន​រង្វាន់ និង​ជា​ខ្សែ​ក្រវាត់​ពិភព​លោក ONE​ Lightweight ​Grand​ Prix ដែល​ជា​ខ្សែ​ក្រវាត់​ទី​២​របស់​ខ្លួន។

បន្ទាប់ពីចប់ការប្រកួត Nastyukhin បានសម្តែងកាយវិការហាក់មិនពេញចិត្តនឹងចំណាត់ការរបស់អាជ្ញាកណ្តាលដែលបញ្ឈប់ការប្រកួត ពីព្រោះរូបគេមិនអាចតដៃរួចមែន ប៉ុន្តែមិនទាន់សន្លប់ និងកំពុងព្យាយាមរើបម្រើចេញ។

«Timofey ចូល​ចិត្ត​​សម្រុក​ចូល និង​ចង់​ផ្ដួល​​ខ្ញុំ។  ដូច្នេះ ​យើង​​បាន​រៀប​ចំ​រួច​ហើយ។ ​ថាមពល និង ការ​ប្រើ​កណ្ដាប់​ដៃ​ច្បាស់​លាស់​បាន​​ធ្វើ​ឲ្យ​ឈ្នះ​ពេល​នេះ»។  ម្ចាស់​ខ្សែ​ក្រវាត់​បាន​ប្រាប់​បែប​នេះ។​

ក្រោយ​ជ័យជម្នះ Lee ​កើន​កំណត់​ត្រា​ឈ្នះ ១៥ ​ដង និង​ចាញ់ ៣ ដង ហើយ​នេះ​ជា​ការ​​ឡើង​ការពារ​ខ្សែ​ក្រវាត់ ONE Lightweight World Championship ​លើក​ទី២។  ត្រឹម​វ័យ ២២ ឆ្នាំ   គេ​បន្ត​ជ័យជម្នះ​ច្រើន​បំផុត​ (​១៥​ដង) និង​បញ្ចប់​គូ​ប្រកួត​ច្រើន​បំផុត (១៤ដង) ​នៅ​សង្វៀន ONE Championship ជា​ប្រវត្តិសាស្ត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT