មនុស្សដែក Rodtang ជា​កីឡាករ​ថៃ​ឈ្នះច្រើនបំផុតនៅ ONE

អ្នក​មួយ​ថៃរហស្សនាម«មនុស្ស​ដែក» Rodtang Jitmuangnon បាន​បង្កើត​កំណត់​ត្រា​មួយ​លើ​ស្ថាប័ន​ពិភព​លោក ONE បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​អូស្ត្រាលី​ Danial Williams ដោយ​ពិន្ទុ​នៅ​ព្រឹត្តិការណ៍​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​កាន់​ទឹក​ដី​អាមេរិក ONE on  TNT  I កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៨ ខែ​មេសា​ កន្លង​ទៅ​នេះ​។

 

View this post on Instagram

 

A post shared by ONE Championship (@onechampionship)

សម្រាប់​ការ​ប្រកួត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពីរ​អ្នក​ទស្សនា​នៅ​ពេល​អ្នក​ទាំង​ពីរ​ប្រើ​កណ្តាប់​ដៃ​ និង​កែង​យ៉ាង​សាហាវ។នៅ​ទឹក​ទី​១ មិន​ថា​ ជើង​ឯក​ពិភព​លោក ONE Flyweight កីឡាករ​ថៃ Rodtang និង​សំណូល​ថ្មី​នៅ​លើ​សង្វៀន ONE មក​ពីអូស្ត្រាលី​ទេ​គឺ​អ្នក​ទាំង​វ៉ៃ​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ៗ​​តាមរយៈ​កណ្តាប់​ដៃ ប៉ុន្តែ​កីឡាករ​ថៃ​មាន​កណ្តាប់​ដៃ​ច្បាស់​ទេ។ ទោះ​ជា​យ៉ាង​ណា កីឡាករ​ទើប​ឡើង​ប្រកួត​លើក​ដំបូង​អត់​ញញើត​ឡើយ​ដោយ​ហ៊ាន​ឈរ​ប្តូរ​ទាំង​កណ្តាប់​ដៃ​ កែង និង​កែង​បក​វិញ​សាហាវ​ៗ​លើ​ជើង​ខ្លាំង​ថៃ។

នៅ​ទឹក​ទី​២ រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​នៅ​ពេល​អ្នក​ទាំង​ពីរ​ឈរ​ប្តូរ​កណ្តាប់​ដៃ​គ្នា ហើយ​កណ្តាប់​ដៃ​ទម្ងន់​ឥត​មេត្តា​របស់ Rodtang បាន​ធ្វើ​ឲ្យ Williams ដួល​អុកគូថ បន្ទាប់​ពី​ត្រូវ​ចំថ្គាម​ពេញ​មួយ​ថៃ។ ការ​ដួល​នេះ​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨ ប៉ុន្តែ​កីឡាករ​អូស្ត្រាលី​នៅ​តស៊ូ​បាន។

ក្រោយ​ក្រោក​ពី​ដួល Williams រឹត​តែ​​ហ៊ាន​ប្តូរ​ដោយ​​ព្យាយាម​ដើរ​ចូល​វ៉ៃ​ជា​មួយ​នឹង​កណ្តាប់​ដៃ​ និង​កែង​បក ហើយ​ក៏​មាន​ប្រសិទ្ធភាព​ដែរ​ដែល​ធ្វើ​ឲ្យ Rodtang ស្រុត​លូត​ជង្គង់ ប៉ុន្តែ​មិន​សូវ​ធ្ងន់ធ្ងរ​ទេ​ហើយ​អាជ្ញា​កណ្តាល​ក៏​មិន​រាប់​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា កីឡាករ​អូស្ត្រាលី​ហាក់​មាន​ជំហរ​ទន់​បន្តិច ហើយ​អាវុធ​របស់​គេ​ក៏​ចេញ​មិន​សូវ​ចំ​គោល​ដៅ​ដែរ បើ​ទោះ​ជា​ចេញ​ច្រើន។ ចំណែក Rodtang វិញ​តាម​មើល​ទៅ​​ចង់​វ៉ៃឲ្យ​សន្លប់ ប៉ុន្តែ​ដៃ​គូពូកែ​ទ្រាំ​ បើ​ទោះ​ជា​ត្រូវ​ច្រើន និង​ជំហរ​ត្រេក​ត្រួត​ក៏​នៅ​តែ​តស៊ូ​បាន​ដល់​ចប់​ទឹក​ទី​២។

នៅ​ទឹក​ទី​៣  Williams ដឹង​ខ្លួន​ថា ប្រសិន​បើ​រូប​គេ​មិន​វ៉ៃ​ឲ្យ​ Rodtang សន្លប់ ឬ​អាជ្ញា​កណ្តាល​រាប់​ទេ រូប​គេ​អាច​នឹង​ចាញ់​ពិន្ទុ​ ដូច្នេះ​រូបគេ​បាន​​ព្យាយាម​វ៉ៃ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​ធ្វើ​អ្វី​មិន​កើ​ត​លើ​កីឡាករ​ថៃ​មាន​ជំហរ​រឹង​មាំ​ និង​​​អាវុធ​ធ្ងន់​ៗ។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​៣​ទឹក​ពេញ​ក្នុង​តំណែង​គូ​ឯក​ចុង​ក្រោយ​គេ ចៅ​ក្រម​ទាំង​៣​រូប​​បាន​កាត់​សេចក្តី​ឲ្យ Rodtang ឈ្នះ​ដោយ​ពិន្ទុ​ដាច់​តែ​ម្តង។

អ្នក​គាំទ្រ​ប្រហែល​ជា​សរសើរ​មិន​ស្ទើរ​ទៅ​លើកីឡាករ​អូស្ត្រាលី Williams ដែលទើប​ឡើង​ប្រកួត​លើក​ដំបូង​នៅ​សង្វៀន​អន្តរជាតិ​នេះ ប៉ុន្តែ​រូប​គេ​​​ត​​ស៊ូរហូត​ចប់​ទឹក​​ និង​ហ៊ាន​ប្រឈម​​ដើម្បី​ប្តូរ​ជា​មួយ​កីឡាករ​ថៃ​ដែល​គេ​ដឹង​គ្រប់​គ្នា​ថា​ជា​​កីឡាករ​រឹងមាំ​​ដូច​ដែក និង​មាន​ប្រវត្តិ​ប្រកួត​មិន​ដែល​ចាញ់​សោះ​នៅ ONE។

តាម​រយៈ​ជ័យជម្នះ​នេះ Rodtang បាន​បង្កើត​កំណត់​ត្រា​ជា​កីឡាករ​ថៃ​តែ​ម្នាក់​គត់​ដែល​ទទួ​ល​បាន​ជ័យជម្នះ​១០​លើក​ជាប់​គ្នា​នៅ ONE Super Series និង​មិន​ទាន់​ស្គាល់​បរាជ័យ​សោះ​លើ​សង្វៀន​អន្តរជាតិ​មួយ​នេះ។រហូតមក​ដល់​ពេល​នេះ Rodtang មាន​ប្រវត្តិ​ប្រកួត​​ឈ្នះ​២៦៧​ដង ចាញ់​៤២​ដង និង​ស្មើ​១០​ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT