ប្រើ​ពេល​ត្រឹម ៦០ នាទី​លើ​ទីលាន Man City ស៊ី ៥ គ្រាប់​ទៅ​លើ Southampton យប់មិញ

ក្រឡេក​មក​ក្របខ័ណ្ឌ Premier League ឯ​ណេះ​វិញ ឆ្លង​កាត់​ការ​ប្រកួត​ជុំ​ទី ២៩ កាល​ពី​យប់​មិញ ក្រុម​មេឃ​ខៀវ Manchester City បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ​ហើយ តាម​រយៈ​ការ​យក​ឈ្នះ ៥-២ ទៅ​លើ Southampton។ ៣ ពិន្ទុ​នៅ​ជ័យជម្នះ​នោះ រុញ​ឲ្យ​ក្រុម​ City មាន ៦៨ ពិន្ទុ​បន្ថែម​គម្លាត ១៤ ពិន្ទុ​លើ United ខណៈ Southampton ធ្លាក់​មក​លេខ​ ១៤។

ទៅ​មើល​ស្ថិតិ​ប្រកួត​បន្តិច ក្រុម​ម្ចាស់ដី Etihad មាន​ឱកាស​ស៊ុត​ច្រើន​ដល់​ទៅ ១៧ លើក ហើយ​ចំ​គោលដៅ ១០ លើក តាម​រយៈ​ការ​គ្រប់គ្រង​បាល់ ៥៩ ភាគរយ និង​មាន​អត្រា​បញ្ជូន​បាល់​ជោគជ័យ ៩១ ភាគរយ។ រី​ឯ​ក្រុម​ភ្ញៀវ​ស៊ុត ១១ លើក ចំ​គោលដៅ ៦ លើក គ្រប់គ្រង​បាល់ ៤១ ភាគរយ និង​អត្រា​បញ្ជូន​បាល់​ជោគជ័យ ៨១ ភាគរយ។

គ្រាប់​បាល់​បើក​ឆាក​កើត​ឡើង​នៅ​នាទី ១៥ ធ្វើ​បាន​ដោយ Kevin de Bruyne មុន​ពេល James Ward-Prowse របស់​ក្រុម​ភ្ញៀវ​មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ​តាម​ស្មើ។ លុះ​ដល់​នាទី ៤០ Riyad Mahrez ក៏​បាន​បន្ថែម​គ្រាប់​បាល់​ទី​ពីរ ហើយ​ដល់​នាទី ៤៥+៣ Ilkay Gundogan បន្ថែម​គ្រាប់​បាល់​ទី​បី​មួយ​ទៀត​មុន​បិទ​វគ្គ​ទី ១។

ចូល​ដល់​វគ្គ​ទី ២ បើក​ឆាក​បាន​ជាង ១៥ នាទី​ស្រាប់​តែ Mahrez ធ្វើ​បាន​គ្រាប់​បាល់​ទី ២ សម្រាប់​ខ្លួន​ឯង ហើយ​រំលង ១ នាទី Che Adams ដាក់​មួយ​គ្រាប់​សង​វិញ តែ​នៅ​ ៣ នាទី​បន្ទាប់ Kevin de Bruyne យក​បាន​គ្រាប់​បាល់​ទី ៥ ឲ្យ City ហើយ​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT