Man City គ្មាន​លទ្ធភាព​ផ្តល់​ថ្លៃ​ពលកម្ម ៦០ មុឺន​ផោន/សប្តាហ៍​ឲ្យ Mbappe ទេ

ក្លឹប​មេឃ​ខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា ពុំ​ហ៊ាន​លូក​ដៃ​ក្នុង​ការ​ចរចា​ជាមួយ​ក្លឹប Paris Saint-Germain ​នោះ​ទេ លើ​ការ​ចង់​បាន Kylian Mbappe នោះ​ក៏​ដោយសារ​តែ​ថ្លៃ​ពលកម្ម​របស់​គេ​ខ្ពស់​ជ្រុល​ដល់​ទៅ ៦០០ ០០០ ផោន/សប្ដាហ៍។

យុវជន​វ័យ ២២ ឆ្នាំ​នៅ​ជាប់​កុងត្រា​ជាមួយ PSG ដល់​ឆ្នាំ ២០២២ តែ​លោក Leonardo ក៏​បាន​បង្ហើប​មុន​នេះ​ហើយ​ដែរ​ថា គេ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​បន្ត​ឬ​ចាកចេញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​ប្រសិន​គិត​ចង់​ចាកចេញ នោះ​នឹង​ធ្វើ​ឡើង​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

យ៉ាងណា​តាម​របាយការណ៍​ពី The Athletic បាន​ចុះ​ផ្សាយ​ថា City ក៏​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស Sergio Aguero ដែរ ហើយ​កាន់​តែ​ចង់​បាន Mbappe ថែម​ទៀត ប៉ុន្តែ​ដោយសារ​លទ្ធភាព​ក្នុង​ការ​ចំណាយ​មាន​កម្រិត ហើយ​មិន​អាច​ផ្គត់ផ្គង់​ប្រាក់ ៦០០ ០០០ ផោន/សប្តាហ៍​លើ​កីឡាករ​ម្នាក់​បាន​នោះ​ឡើយ ណាមួយ​បញ្ហា​ហិរញ្ញវត្ថុ​សព្វថ្ងៃ​មិន​ជា​ល្អ​ផង​នោះ។

ផ្ទុយ​ទៅ​វិញ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola អាច​ជា​នឹង​បង្វែរ​រ៉ាដា​ទៅ​សម្លឹង​ឃើញ Erling Haaland ជំនួស ដោយ​តម្លៃ​ផ្ទេរ​របស់​គេ​អាច​ថ្លៃ​ក្រោម ៨០ លាន​អឺរ៉ូ ហើយ​ថ្លៃ​ពលកម្ម​តែ​ប្រមាណ ១៤១ ០០០ ផោន/សប្តាហ៍​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT