ការ​ព្យាករណ៍៖ គ្មាន​អ្នក​ឈ្នះ​ចាញ់​ទេ នៅ​ជំនួប At Madrid – Real Madrid រាត្រី​នេះ

នៅ​វេលា​ម៉ោង ១០:១៥ នាទី​យប់​ថ្ងៃ​អាទិត្យ​នេះ លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​ដ៏​កក្រើក​មួយ​ប្រចាំ​ក្របខ័ណ្ឌ La Liga នោះ​គឺ​ការ​ជួប​គ្នា​រវាង​ក្រុម​ Atletico Madrid និង​ Real Madrid។

ការ​ប្រកួត​ក្នុង​ទឹកដី​ Wanda Metropolitano រាត្រី​នេះ តើ​អ្នក​គិត​ថា​អាច​នឹង​កើត​មាន​លទ្ធផល​បែប​ណា​ដែរ? ក្នុង​អត្ថបទ​នេះ​ CTS Sports នឹង​ធ្វើ​ការ​វិភាគ​នូវ​ស្ថិតិ បង្ហាញ​សមាសភាព​កីឡាករ និង​ការ​ទស្សន៍ទាយ​គ្រាប់​បាល់​ដូច​ខាង​ក្រោម៖

At Madrid ជា​ក្រុម​កំពុង​ឈរ​លេខ ១ នៅ La Liga មាន ៥៨ ពិន្ទុ (ជុំ​ទី ២៤) នៅ ៥ ប្រកួត​ចុង​ក្រោយ​ធ្វើ​មិន​សូវ​បាន​ល្អ ដោយ​ឈ្នះ ២ ស្មើ ២ ចាញ់ ១ ហើយ Real Madrid ជា​ក្រុម​ឈរ​លេខ ៣ មាន ៥៣ ពិន្ទុ (ជុំ​ទី ២៥) នៅ ៥ ប្រកួត​ចុង​ក្រោយ​ធ្វើ​បាន​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​ឈ្នះ ៤ ស្មើ ១។

ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា ២០៨ លើក ​ក្នុង​នោះ Real ឈ្នះ ១០៥ លើក ស្មើ ៥០ លើក ចាញ់ ៥៣ លើក។ លើក​ចុង​ក្រោយ​នៅ​ក្របខ័ណ្ឌ La Liga ដែល​ប្រកួត​ជើង​ទី ១ រដូវ​កាល​នេះ Real យក​ឈ្នះ ២-០ ក្នុង​ទឹកដី។ បញ្ជាក់​ថា​សម្រាប់ At Madrid គឺ​ពួក​គេ​ខកខាន​ឈ្នះ ៩ លើក​ជាប់​គ្នា​ហើយ​ពេល​ជួប Real នៅ La Liga ដោយ​ទទួល​បាន​លទ្ធផល​ចាញ់ ៥ ស្មើ ៤ ហើយ​ការ​រក​គ្រាប់​បាល់​គឺ​ពិបាក​នឹង​កើត​ឡើង​បំផុត​ពោល At ខកខាន​រក​បាន​នៅ ៣ ប្រកួត​ចុង​ក្រោយ ចាប់​តាំង​ពី​គ្រាប់​បាល់​ចុង​ក្រោយ​ដែល Antoine Griezmann ធ្វើ​បាន​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៩។

មក​មើល Real Madrid ឯ​ណេះ​វិញ ការ​លេង​ក្រៅ​ដី ៣ ប្រកួត​ចុង​ក្រោយ​នៅ La Liga គឺ​ពួក​គេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ហើយ​រាត្រី​នេះ​ប្រសិន​ឈ្នះ​នោះ​នឹង​តាម​ស្មើ​កំណត់ត្រា​ចាស់​ដែល​ក្រុម​ធ្លាប់​ធ្វើ​បាន​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២០ គឺ​ការ​ឈ្នះ ៤ ប្រកួត​ជាប់​គ្នា​នៅ​ក្រៅ​ដី។

រី​ឯ​សមាសភាព​កីឡាករ​នៃ​ក្រុម​ទាំង ២ អាច​នឹង​កើត​ឡើង​មាន​ដូច​ខាង​ក្រោម៖

Atletico Madrid: Oblak; Savic, Felipe, Hermoso; Trippier, Llorente, Koke, Saul, Carrasco; Felix, Suarez

Real Madrid: Courtois; Vazquez, Nacho, Varane, Mendy; Modric, Casemiro, Kroos, Valverde; Benzema, Vinicius

ហេតុផល​នេះ​ហើយ​នៅ​ការ​ប្រកួត​រាត្រី​នេះ គឺ​ភាគរយ​តិច​ណាស់​ដែល Real នឹង​ទទួល​រង​បរាជ័យ ប៉ុន្តែ​ដោយសារ​សមាសភាព​កីឡាករ​របស់​ក្រុម​អវត្តមាន​ខ្សែ​ការពារ​សំខាន់ Sergio Ramos និង​កីឡាករ​នៅ​តំណែង​ប្រយុទ្ធ Eden Hazard នាំ​ឲ្យ​យើង​ទស្សន៍ទាយ​ថា​ក្រុម​អាច​ត្រឹម​ស្មើ ១-១ ទល់ Real Madrid៕​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT