Ennahachi ​​​យក​ឈ្នះ​ Superlek ​ដើម្បី​រក្សា​ខ្សែ​ក្រវាត់​ ហើយ​ចង់​ជួប Rodtang និង​ DJ

Ilias “Tweety” Ennahach នៅ​តែ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Flyweight Kickboxing World Champion ​ក្រោយ​យក​ឈ្នះ​​គូ​ប្រជែង​លំដាប់​លេខ​២​ “The Kicking Machine” Superlek Kiatmoo9 ​នៅ​ព្រឹត្តិការណ៍​ ONE: FISTS OF FURY​ ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ។ ​

​បុរស​​កូនកាត់​​ហូឡង់​-ម៉ារ៉ុក​​​​ការពារ​ខ្សែ​ក្រវាត់​លើក​ទី​២​បាន​សម្រេច​នៅ​​កីឡដ្ឋាន​​ Singapore Indoor Stadium ​នា​ប្រទេស​សិង្ហបុរី​នា​​យប់​ថ្ងៃ​​សុក្រ​ទី ២៦​ ខែ​ កុម្ភៈ ​យប់​មិញ។

នា​ទឹក​ដំបូង​មើល​ទៅ​មិន​ពិបាក​ទេ​សម្រាប់​ Ennahachi ​ខណៈ​ដែល​​ Superlek ​រេរា​​ប្រើ​​ស្នៀត​ទាត់​ពី​ចម្ងាយ។បុរស​វ័យ​ ២៤ ឆ្នាំ​​មក​ពី​ ​ក្រុង​ Utrecht ​មិន​នៅ​នឹង​​​ថ្កល់​​ឡើយ។ ​គេ​​បម្លាស់ទី​រហ័ស​, ​​ជំហរ​រឹង​ និង​​វ៉ៃ​ចូល​ផ្ទៃ​មុខ​ដៃ​គូ​លឿន​ៗ​ញាប់​ស្មេរ​ ហើយ​ថែម​ទាំង​ទាត់​ជើង​​ក្រោម​ដើម្បី​ទប់​ដៃ​គូ​ទៀត​ផង។ ​​បុរស​មក​ពី​ក្លិប​ Kiatmoo9 ​ប្រើ​ស្នៀត​ទាត់​ខ្លាំង​ៗ តែ​​ក៏​ពិបាក​ការពារ​​កណ្ដាប់​ដៃ​លឿន​របស់​ ​ Ennahachi ដែរ។


Superlek ​ដែល​ជា​​ជើង​ឯក​​មួយ​ថៃ​ពិភព​លោក​ច្រើន​សម័យ​​ល្អ​តែ​ខាង​ទាត់​ប៉ុណ្ណោះ ​ប៉ុន្តែ​ម្ចាស់​ខ្សែ​ក្រវាត់​អាច​ការពារ​បាន​ល្អ​នៅ​ទឹក​ទី​២។ ​Ennahachi ​អាច​​វ៉ៃ​ចូល​ទទួល​បាន​ពិន្ទុ​ជា​ច្រើន​ , ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ផ្ងាក​ក្រោយ​​ និង​ប្រើ​កណ្ដាប់​ដៃ​ញាប់​​ចូល​មុខ​ដែល​តារា​ថៃ​មើល​សឹង​មិន​ចង់​ទាន់។

ទឹក​ទី​៣​​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ​ប៉ុន្តែ ​ “The Kicking Machine” ​ដើរ​​សំដៅ​ទៅ​មុខ​រហូត​ដើម្បី​​រក​ចន្លោះ​ទាត់។គេ​ចង់​ទាត់​បំបាក់​ដៃ​ស្ដាំ​របស់​ Ennachachi ​ដែល​កំពុង​ឡើង​ក្រហម​ឆ្អៅ ​ប៉ុន្តែ ​ម្ចាស់​ខ្សែ​ក្រវាត់​មិន​ឲ្យ​ចំ​ធ្ងន់​​ៗ​ពេក​ទេ។ ​បុរស​មក​ពី​ហូឡង់​អាច​ដោះ​ស្រាយ​បាន​ និង​ ​ប្រើ​ស្ទិល​ចូល​ឆ្មក់​កណ្ដាប់​ដៃ​លឿន​ៗ​ដដែល។

Superlek ​គ្រប់គ្រង​លើ​ការ​ទាត់ ស្រប​ពេល​ Ennahachi ​ឆក់​ចូល​វ៉ៃ​ម្ដង​ៗ​ធ្វើ​ឲ្យ​រង្គើ​តារា​ថៃ​ផង​ដែរ។ Superlek ​ ទាត់​មិន​ឈប់​នៅ​ទឹក​ចុង​ក្រោយ​ ​ខណៈ​ “Tweety” ​មិន​បង្អង់​ក្នុង​ការ​វាយ​សង​ដោយ​កណ្ដាប់​ដៃ ឬ ​ទាត់​ក្រោម​នោះ​ឡើយ។ក្រោយ​ចប់​ការ​ប្រកួត​តារា​ទាំង​ពីរ​មាន​សង្ឃឹម​រៀង​ៗ​ខ្លួន។ ​ប៉ុន្តែ ​ចៅ​ក្រម​កាន់​ក្ដី​ទាំង​ ៣ បាន​ផ្ដល់​ពិន្ទុ​ឈ្នះ​ដោយ​ឯកច្ឆន្ទ​លើ​ Ennahachi។

«​ខ្ញុំ​គិត​ថា ​ខ្ញុំ​អាច​យក​ពិន្ទុ​បាន​ច្រើន​ទៀត។ ​​គេ​​ប្រើ​ស្នៀត​ទាត់​ច្រើន​ ប៉ុន្តែ ​ខ្ញុំ​​ចល័ត​ច្រើន​ដែរ​ និង​អាច​​​ឆក់​ស្នៀត​កណ្ដាប់​ដៃ​ចូល​ជា​ច្រើន​»។ ​ម្ចាស់​ខ្សែ​ក្រវាត់​ World Champion ​ថ្លែង​បែប​នេះ​ក្រោយ​ចប់​ការ​ប្រកួត។

ក្រោយ​ជ័យជម្នះ​នេះ​ Ennahachi ​រក្សា​កំណត់​ត្រា​ល្អ​​ឥត​ខ្ចោះ​នៅ​សង្វៀន​ ONE Super Series ​​​ហើយ​កើន​កំណត់​ត្រា​ឈ្នះ​​រហូត​ដល់ ​៣៧ ដង ​និង​ចាញ់​តែ​ ៣​ដង​ប៉ុណ្ណោះ។ ​គេ​​បាន​ព្រលយ​ពាក្យ​​ចង់​ជួប​តារា​កំពូល​ Rodtang “The Iron Man” Jitmuangnon ​ ក្រោយ​​ម្ចាស់​ខ្សែ​ក្រវាត់​​ ONE Flyweight Muay Thai World Champion ​ឈ្នះ​​​លើក​ដំបូង​​ក្នុង​ការ​ប្រកួត​ឃីកបុកសីង​​នា​យប់​ជា​មួយ​គ្នា​នេះ។

“Tweety” ​សប្បាយ​ចិត្ត​ក្នុង​ការ​​​ទទួល​ពាក្យ​​ប្រកួត​ប្រជែង​ និង​ ​ដាក់​ផែន​ការ​ដើម្បី​ជួប​គ្នា​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ។ ​ Ennahachi​ បញ្ជាក់​​ ៖«​ពិត​ណាស់​ ​ហេតុ​អ្វី​មិន​អាច​? ​ខ្ញុំ​ជា​ជើង​ឯក​ គេ​ជា​ជើង​ឯក។ ​ជើង​ឯក​ប៉ះ​ជើង​ឯក​។ ​បន្ទាប់​មក​​នឹង​ទទួល​បាន​ជើងឯក​ដ៏​ខ្លាំងក្លា​ម្នាក់»។
“Tweety” ​​សង្កត់​ធ្ងន់​ ៖«​បន្ទាប់​ពី​ការ​ប្រកួត​នេះ ​ពេល​ខ្ញុំ​​ខ្ញុំ​យក​ឈ្នះ​ Rodtang ​​ខ្ញុំ​​​នឹង​សាក​ទៅ​ប្រកួត​ MMA ​ម្ដង ​ហើយ​ខ្ញុំ​​ចង់​ជួប​  Demetrious Johnson។ ​​​ពេល​ឈ្នះ​ពីរ​ ឬ ​បី​​ប្រកួត​ក្នុង​​គុន​ចម្រុះ​ ​​ខ្ញុំ​នឹង​អាច​ឡើង​ទៅ​ជួប​​វីរបុរស​ Demetrious Johnson​ បាន​ហើយ»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT