បើ​ឈ្នះ​យប់​នេះ​ទៀត Tuchel នឹង​គាស់​បាន​កំណត់ត្រា​របស់ Ancelotti ខកខាន​កើត​មាន ១១ ឆ្នាំ

នៅ​យប់​នេះ​ក្រុម​តោ​ខៀវ Chelsea នឹង​ត្រូវ​បើក​ការ​ប្រកួត​ទល់ Southampton ដែល​ជា​ការ​ប្រកួត​ក្រៅ​ដី​លើក​ទី ៣ ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី​លោក Thomas Tuchel។ ការ​ប្រកួត​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​វេលា​ម៉ោង ០៧:៣០ នាទី​យប់​នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports។

នៅ​រាត្រី​នេះ​ដែរ លោក Tuchel ក៏​នឹង​មាន​ឱកាស​អាច​តាម​ស្មើ​កំណត់ត្រា​ចាស់​ដ៏​អស្ចារ្យ​មួយ​របស់​លោក Carlo Ancelotti នោះ​គឺ​ការ​ឈ្នះ​ក្រៅ​ដី ៣ ប្រកួត​ជាប់​គ្នា​សម្រាប់​ការ​ដឹកនាំ​ដំបូង​នៅ Chelsea។ បញ្ជាក់​ថា ៦ ប្រកួត​សរុប​កន្លង​មក Tuchel យក​ជ័យជម្នះ​បាន ៥ និង​ស្មើ ១។

លើក​ចុង​ក្រោយ​ដែល Chelsea មាន​គ្រូ​ដឹកនាំ​ឈ្នះ​ក្រៅ​ដី ៣ ប្រកួត​ដំបូង​ជាប់​គ្នា​នោះ​គឺ​ជំនាន់​លោក Ancelotti កាល​ពី​ឆ្នាំ ២០០៩ ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយៗ​មក​ឆ្លង​កាត់​គ្រូ​ជា​ច្រើន​រូប​មិន​ទាន់​មាន​នរណា​ធ្វើ​បាន​នៅ​ឡើយ។

បញ្ជាក់​ថា Chelsea បច្ចុប្បន្ន​កំពុង​ឈរ​លេខ ៤ នៅ​តារាង Premier League ដោយ​នៅ​ចាញ់ ៤ ពិន្ទុ​ធៀប​នឹង​ក្រុម​ Man Utd ដែល​ឈរ​លេខ ២ ហើយ​ដាច់​ឆ្ងាយ​ធៀប​នឹង Man City។ រី​ឯ Southampton ឈរ​លេខ ១៣ ក្រោយ​ចាញ់ ៦ ប្រកួត​ជាប់ៗ​គ្នា​នា​រយៈ​ពេល​ចុង​ក្រោយ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT