គ្រូ AC Milan ថា Inter ឈ្នះ​យប់​មិញ ដោយសារ​ Zlatan រង​ពិន័យ​កាត​ក្រហម​ទេ

ក្លឹប AC Milan បាន​របូត​ឱកាស​ឆ្ពោះ​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ Coppa Italia បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Inter Milan នៅ​លទ្ធផល ២-១។

ដំបូង​ឡើយ Zlatan Ibrahimovic ជា​អ្នក​បើក​គ្រាប់​បាល់​នាំ​មុខ ប៉ុន្តែ​ក្រោយ​គេ​រង​ពិន័យ​កាត​លឿង​ទី ២ ស្មើ​នឹង​កាត​ក្រហម ១ ក្រុម​ក៏​ចាប់​ផ្តើម​ធ្លាក់​ឱកាស​វាយ​សម្រុក និង​ទប់​រហូត​ដល់​របូត​ផ្តល់​បាល់ ១១ ម៉ែត្រ​ឲ្យ​ខាង Inter ស៊ុត​យក​ស្មើ​ថែម​ទៀត។ លុះ​ដល់​នាទី ៩០+៧ Christian Eriksen គេ​ស៊ុត Free Kick បញ្ចូល​ទី ជួយ​ឲ្យ Inter ឈ្នះ​ទាល់​តែ​បាន។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​របស់ AC Milan លោក Stefano Pioli ថា​ក្រុម​ខ្លួន​ធ្វើ​បាន​ល្អ​ហើយ ខុស​ត្រង់​តែ​ការ​បាត់បង់​កីឡាករ​ម្នាក់​ប៉ុណ្ណោះ។ ប្រាប់​ទៅ​កាន់ Rai Sport៖ “វា​ជា​ការ​ខក.ចិត្ត​មួយ​ព្រោះ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពាន​រង្វាន់​នេះ ហើយ​ការ​បង្ហាញ​ទម្រង់​លេង​របស់​យើង​គឺ​រឹងមាំ​ហើយ តែ​ពេល​បាត់បង់​កីឡាករ​ម្នាក់​គឺ​ធ្វើ​ឲ្យ​យើង​លំបាក”។

លោក​បន្ត៖ “ខ្ញុំ​មាន​អារម្មណ៍​វិជ្ជមាន​លើ​ប្រកួត​នេះ ហើយ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​អនាគត​របស់​យើង ជា​ជា​ការ​ប្រកួត​ទល់ Atalanta ដោយ​វា​មាន​តុល្យភាព ហើយ​អ្វី​ដែល​ខុស​ប្លែក​គឺ​ត្រង់​យើង​បាត់បង់​កីឡាករ​ម្នាក់ ​ប្រសិន​លេង ១១ ទល់ ១១ គឺ​នឹង​មាន​លទ្ធផល​ផ្សេង ស្រប​ពេល​យើង​នាំ​មុខ ១-០ មុន​ហើយ​នោះ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT