ក្រុមបាល់ទះវិសាខា និងក្រសួងមហាផ្ទៃ បានយកឈ្នះគូប្រកួតរៀងៗខ្លួន នៅក្នុងការប្រកួតថ្ងៃបើកឆាកពានរង្វាន់បាល់ទះមិត្តភាពអបអរសាទរ «ទិវាជ័យជម្នះ៧មករា» ដែលបានចាប់ផ្តើមដំណើរការ កាលពីល្ងាចថ្ងៃទី២០ និងគ្រោងបញ្ចប់នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋានវិសាខា រាជធានីភ្នំពេញ ក្រោមការរៀបចំពីសហព័ន្ធកីឡាបាល់ទះកម្ពុជា។
ក្រុមបាល់ទះវិសាខាបានយកឈ្នះលើក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផលបច្ចេកទេស ៣ទល់០ ក្នុងពិន្ទុ ២៥-២២, ២៥-២១ និង២៥-១៦ ខណៈក្រុមក្រសួងមហាផ្ទៃបានយកឈ្នះលើក្រុមបញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣សិត ទល់ ២សិត ក្នុងពិន្ទុ ២៥-១៧, ២៨-៣០, ១១-២៥, ២៥-២៣ និង១៦-១៤។ ដូច្នេះក្រសួងមហាផ្ទៃ ទទួលបាន២ពិន្ទុ រីឯក្រុមបញ្ជាការដ្ឋានអង្គរក្សរកបាន១ពិន្ទុ និងក្រុមវិសាខាទទួលបាន៣ពិន្ទុពេញ ក្នុងតារាងចំណាត់ថ្នាក់ថ្ងៃដំបូង។
ព្រឹត្តិការណ៍បាល់ទះ ពានរង្វាន់មិត្តភាព អបអរសាទរ «ទិវាជ័យជម្នះ៧មករា» នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជាសហការជាមួយក្រុមហ៊ុន Forward ដោយមានក្រុមចូលរួមចំនួន៥ ដូចជាក្រុមបាល់ទះ វិសាខា, កងពលធំអន្តរាគមន៍លេខ៣, បញ្ជាការដ្ឋាន អង្គរក្ស, ក្រសួងមហាផ្ទៃ និងក្រុមស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ។ ចំពោះរូបមន្តនៃការប្រកួតនេះ គឺជាការជួបប្រកួតគ្នាវិលជុំសន្សំពិន្ទុ ហើយក្រុមណាមានពិន្ទុខ្ពស់ជាងគេ នឹងឈ្នះជើងឯកពានរង្វាន់បាល់ទះមិត្តភាពនេះតែម្តង៕