ព្រឹត្តិការណ៍​ ‘អ្នកលេងគុន’ ផ្តុំសុទ្ធតែគូពិសេស គោលដៅសាយភាយក្បាច់គុនដូនតាខ្មែរឲ្យកាន់តែរីកធំ

ល្បុក្កតោគឺជាក្បាច់គុនបុរាណខ្មែរដែលមានអាយុកាលរាប់សតវត្សមកហើយ ដោយជា​ក្បាច់គុន​មហា​កម្លាំង​ប្រើប្រាស់​នៅក្នុង​ចម្បាំង​ប្រឆាំង​សត្រូវ​ឈ្លានពាន ដើម្បី​ការពារ​ប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំង​ការពារ​សុ​វត្តិភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ ទប់ទល់​នឹង​សត្វ​សាហាវ​។

ពិសេសបំផុតពេលដ៏ខ្លីខាងមុខនេះ នឹងមានការរៀបចំឡើងនូវកម្មវិធី អ្នកលេងគុន ដើម្បីផ្តល់ឪកាស ចម្រាញ់យកសមត្ថភាព និងផ្សព្វផ្សាយកីឡាគុនល្បុក្កតោ ទៅបរទេស។ ការរៀបចំចាប់ពីថ្ងៃទី ១-៣ ខែកញ្ញា ឆ្នាំ២០២៣ នៅដីឡូតិ៍ជាប់វត្តស្ងួនពេជ្រ ពីម៉ោង១រសៀលតទៅ រួចក៏មានផ្សាយពីទំព័រហ្វេសប៊ុក PEAK Sports ផងដែរ។

កម្មវិធីនេះ មានការចូលរួមពីកីឡាល្បុក្កតោជម្រើសជាតិកម្ពុជា ដែលសុទ្ធសឹងជាម្ចាស់មេដាយស៊ីហ្គេម ២០២៣ និងកីឡាករអន្តរជាតិដូចជា អូបេគីស្ថាន អេស្ប៉ាញ និងវៀតណាម។ នេះជាការប្រកួតអន្តរជាតិលើកដំបូងផងដែរ សម្រាប់វិញ្ញសារគុនល្បុក្កតោ។ មហាជន អាចចូលរួមទស្សនាដោយសេរី ដើម្បីគាំទ្រ និងលើកស្ទួយយុទ្ធគុនពីបុរាណរបស់ដូនតាខ្មែរ ដែលមានតឹកតាងច្បាស់លាស់ ឆ្លាក់លើប្រាង្គប្រាសាទនានារហូតត្រូវបានចុះបញ្ចី ជាសម្បត្តិ បេតិកភ័ណ្ឌវប្បធម៌ នៅអង្គកាយូណេស្កូ។

គួរបញ្ជាក់ដែរថា ល្បុក្កតោខ្មែរ បច្ចុប្បន្នបានផ្សាយទៅដល់រហូតមានតាំងពីសហព័ន្ធនៅតាមប្រទេសមួយចំនួនដូចជា អូស្ត្រាលី អាមេរិក ឥណ្ឌា អេរ៉ង់ ហ្វ៊ីលីពីន វៀតណាម ឡាវ ឥណ្ឌូនេស៊ី។ ការប្រកួតកម្រិតអាជីពខាងលើនេះ នៅថ្មីបន្តិចសម្រាប់កីឡាករ ប៉ុន្តែបើបងប្អូនបន្តគាំទ្រឲ្យបានច្រើន នោះក្បាច់គុនដូនតាមួយនេះ នឹងរីកចំរើន មានការប្រកួតធំៗបន្ថែមទៀត។

ល្បុក្កតោ មិនត្រឹមតែជាកីឡាវប្បធម៌ ប៉ុន្តែអាចបញ្ចូលទៅក្នុងសិល្បៈភាពយន្តដ៏ប្រណីតតាមរយៈការសម្តែងក្នុងរឿង Jailbreak ដែលជារឿងខ្មែរដំបូងគេ បានដាក់នៅក្នុងកម្មវិធី Netflix៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT