សំបុត្រទស្សនាស៊ីហ្គេម២០២៣៖ យកតាមអេប SEAGames2023 និងកន្លែងប្រកួតផ្ទាល់ ចាប់ពីថ្ងៃទី២១ មេសា

សំបុត្រទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ អាចយកបានតាមរយៈអេបអនឡាញ (SEAGames2023) និងតាមកន្លែងប្រកួតផ្ទាល់តែម្តង។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ នៅថ្ងៃទី១៨ ខែមេសា ក្រោយមានការងឿងឆ្ងល់ពីមហាជនជុំវិញការយកសំបុត្រឥតគិតថ្លៃ (Free) ដើម្បីបានចូលទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជានេះ។ការទទួលយកសំបុត្រសម្រាប់ចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម នឹងមានដាក់ជូននៅលើអេប ឈ្មោះ Seagmae2023 ដែលលោកអ្នកអាចទាញយកបានពីក្នុងហ្វេសប៊ុកផេកផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC និងគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (Cambodia2023)។ ក្រៅពីអេបនេះ អ្នកគាំទ្រអាចទៅទទួលសំបុត្រផ្ទាល់ នៅទីតាំងការប្រកួត ចាប់ពីថ្ងៃទី២០ ឬ២១ ខែមេសាតទៅ។

ជុំវិញការទទួលសំបុត្រឥតគិតថ្លៃដើម្បីបានចូលរួមទស្សនាផ្ទាល់កីឡាអាស៊ីអាគ្នេយ៍នេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖

“ថ្ងៃទី២០-២១ ខែមេសា នេះ គេនឹងចេញផ្សាយអំពីការយកសំបុត្រពីអនឡាញ (Online App)”។

ចំពោះការយកសំបុត្រតាមអនឡាញ (App) គឺមហាជនអាចមានពីរជម្រើសតាមរយៈតាមស្មាតហ្វូនទាំង iOS និងAndroid។ នៅពេលទាញយករួចហើយ អ្នកគាំទ្រអាចភ្ជាប់ជាមួយនឹងលេខទូរសព្ទដៃ ឬApple ID ឬ E-mail បំពេញឈ្មោះរួចជាការស្រេច។គួបញ្ជាក់ផងដែរថា ការចូលទស្សនាបានដោយសេរីសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺក្រោមការណែនាំ និងចង្អុលបង្ហាញពីសម្តេច ហ៊ុន សែន ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រតិភូចូលរួមទាំងអស់ ដ្បិតកម្ពុជាទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី៥ ខែឧសភា ដោយឡែការប្រកួតកីឡាបាល់ទាត់នឹងចាប់ផ្តើមមុនពីថ្ងៃទី២៩ ខែមេសា តទៅ៕

ប្រភព៖ ថ្មី ថ្មី

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT