ផ្លូវការ! Kubo ដើរ​ចេញ​ពី Villarreal បន្ត​ផ្ទេរ​មក Getafe ដល់​បញ្ចប់​រដូវ​កាល

ខ្សែ​បម្រើ​ដែល​ស្ថិត​ក្រោម​ក្លឹប​អាណាព្យាបាល Real Madrid គឺ​កីឡាករ Takefusa Kubo បាន​បន្ត​ចាកចេញ​ពី​ក្លឹប Villarreal និង​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Getafa នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ពេល​ថ្មីៗ​នេះ រហូត​ដល់​បញ្ចប់​រដូវ​កាល ២០២០/២១។

ហេតុផល​ដែល​គេ​ចាកចេញ​ពី​ក្លឹប​ចាស់ ក៏​ដោយសារ​មិន​សូវ​បាន​លេង​ជាប់​លាប់ ហើយ​អ្នកចាត់ការ​លោក Unai Emery ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ពី​ហេតុផល​នោះ​ដែរ។ ជាមួយ Villarreal គេ​ចូល​លេង​ត្រឹម​ជា​កីឡាករ​បម្រុង នៅ ១៩ ប្រកួត ឈរ​ជើង ៦៨៧ នាទី ដែល​ជា​មធ្យម​មាន ៣៦ នាទី/ប្រកួត។

បែប​នេះ​សម្រាប់​ក្លឹប Getafe នឹង​បន្ថែម​ការ​អភិវឌ្ឍ​ដល់​ប្រព័ន្ធ​បម្រើ​កាន់​តែ​ល្អ​ថែម​ទៀត ដោយ​យក​បាន​ទាំង Kubo និង Carles Alena របស់ Barcelona មុន​នេះ​ដូច​គ្នា។

បច្ចុប្បន្ន​ក្លឹប Getafe ឈរ​ចំណាត់ថ្នាក់​ទី ១៦ មាន ១៧ ពិន្ទុ នាំ​មុខ​ក្រុម​ស្ថិត​នៅ​តំបន់​ត្រូវ​កាត់​ឈ្មោះ​តែ ១ ពិន្ទុ​ប៉ុណ្ណោះ អ៊ីចឹង​យើង​នឹង​រង់ចាំ​មើល​ថា​តើ​ការ​មក​ដល់​របស់ Alena ក៏​ដូច​ជា Kubo អាច​ស្រោចស្រង់​ពួក​គេ​ផុត​ពី​តំបន់​នោះ​បាន​ឬ​យ៉ាង​ណា?

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT