Pochettino បើ​ជ្រុល​យក Alli មិន​បាន លោក​នឹង​បង្វែរ​រ៉ាដា​ទៅ​អតីត​កូន​ក្រុម​មួយ​រូប​ផ្សេង​ទៀត

Mauricio Pochettino អ្នកចាត់ការ​ថ្មីថ្មោង​របស់​ក្លឹប Paris Saint-Germain បាន​ល្ហិចល្ហៀង​រយៈ​ពេល​យូរ​មក​ហើយ​ថា​ចង់​បាន Dele Alli សម្រាប់​ការ​មក​ដឹកនាំ​នៅ​ក្លឹប​ថ្មី ប៉ុន្តែ​ដំណឹង​ចុង​ក្រោយ​គឺ​ក្លឹប Tottenham Hotspur ហាក់​មិន​បើក​ភ្លើង​ខៀវ​ទាល់​តែ​សោះ។

កុងត្រា​របស់ Alli ដែល​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៤ ហើយ​បើ​ទោះ​បី​ជា​គេ​មិន​សូវ​ត្រូវ​បាន​លោក Jose Mourinho ជ្រើសរើស​ឲ្យ​ចូល​រួម​ការ​ប្រកួត ក៏​ក្លឹប​មិន​ទាន់​ចង់​លក់​គេ​ពេល​នេះ​ដែរ។

ឆ្លើយតប​នឹង​រឿងរ៉ាវ​នេះ តាម​របាយការណ៍​ពី Sportsmail ចុះ​ផ្សាយ​ថា អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​ក៏​បាន​បង្វែរ​គោលដៅ​ភ្លាមៗ ទៅ​ខ្សែ​បម្រើ​មួយ​រូប​ផ្សេង​ទៀត​នោះ​គឺ Christian Eriksen ដែល​ធ្លាប់​ជា​អតីត​កូន​ក្រុម​របស់​ខ្លួន​ដូច​គ្នា។

បច្ចុប្បន្ន Eriksen កំពុង​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​ក្លឹប Inter Milan ​ចង់​លក់​ចេញ ក្រោយ​ធ្វើ​មិន​បាន​ល្អ​នៅ​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ បន្ទាប់​ពី​ចាកចេញ​ពី Spurs។ យ៉ាងណាមិញ​លោក Pochettino ​នៅ​តែ​យល់​ឃើញ​កីឡាករ​ដាណឺម៉ាក​អាច​ជួយ​ពង្រឹង​តំបន់​បម្រើ​របស់​ខ្លួន​បាន បែប​នេះ​លោក​នឹង​ជំរុញ​ឲ្យ PSG ធ្វើ​ការ​ចរចា​នៅ​ខែ​មករា​នេះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT