ការ​ប៉ះ​គ្នា​ទាំង ៦ លើក​លើ​សង្វៀន​ប្រដាល់ ដែល​អាច​កើប​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

វិស័យ​ប្រដាល់ ក៏​មិន​ខុស​ពី​វិស័យ​កីឡា​បាល់ទាត់​និង​កីឡា​មួយ​ចំនួន​ផ្សេង​ទៀត ដែល​រៀងរាល់​ការ​ប្រកួត​ខ្នាត​ធំ​អាច​រក​បាន​ចំណូល​ខ្ទង់​លាន​ដុល្លារ​ឯ​ណោះ។

ប្រាក់​ចំណូល​មួយ​ផ្នែក​ធំ គឺ​ទទួល​បាន​ពី​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​នៃ​ព្រឹត្តិការណ៍​ឬ​កម្មវិធី​មួយ​នោះ ហើយ​មួយ​ផ្នែក​ផ្សេង​ទៀត​គឺ​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ទាំង​នៅ​ទីតាំង​ផ្ទាល់ និង​សំបុត្រ​ទស្សនា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​យើង​និយម​ស្គាល់​ថា PPV និង​ចំណូល​បន្ទាប់​បន្សំ​មាន​ដូច​ជា​ការ​លក់​សិទ្ធ​ផ្សព្វផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​ណា​មួយ​ជា​ដើម។

អ្នក​ធ្លាប់​ដឹង​ទេ​ថា តើ​ប្រកួត​ណា​ខ្លះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​ប្រដាល់​ដែល​អាច​បង្កើត​ចំណូល​ច្រើន​ជាង​គេ​បង្អស់? CTS Sports នាំ​ឲ្យ​ស្គាល់​ប្រកួត​ធំៗ​ទាំង ៦ ដូច​ត​ទៅ៖

៦) ការ​ប៉ះ​គ្នា​រវាង Lennox Lewis និង Mike Tyson នៅ​ឆ្នាំ ២០០២


ការ​ប្រកួត​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​កាល​នោះ​ មាន​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​ប្រមាណ ១៥ ០០០ នាក់ នាំ​ឲ្យ​ចំណូល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​នៅ​ទីតាំង​ផ្ទាល់​ទទួល​បាន​ជាង ១៩ លាន​ដុល្លារ ហើយ​ការ​លក់​សំបុត្រ PPV បាន​ជាង ១២៣ លាន​ដុល្លារ រី​ឯ​កីឡាករ​ប្រដាល់​ទាំង​ពីរ​ ទទួល​បាន​ម្នាក់​ជាង ១៩ លាន​ដុល្លារ​ផ្សេង​ទៀត។ រុញ​ឲ្យ​ចំណូល​សរុប​កាល​នោះ​ឡើង​ដល់​ ១៨១ លាន​ដុល្លារ។

៥) ការ​ប៉ះ​គ្នា​រវាង Evander Holyfield និង Mike Tyson លើក​ទី ២ នៅ​ឆ្នាំ ១៩៩៧


នៅ​ឆ្នាំ ១៩៩៦ អ្នក​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ម្តង​ហើយ ដោយ​លើក​ទី ១ គឺ Holyfield ទទួល​បាន​ជ័យជម្នះ លុះ​រំលង​មួយ​ឆ្នាំ​បន្ទាប់ Tyson ក៏​មាន​ឱកាស​សងសឹក​តែ​នៅ​បន្ត​រង​បរាជ័យ​ដដែល។ ក្រឡេក​ទៅ​មើល​ប្រាក់​ចំណូល​រួម​នៅ​កម្មវិធី​កាល​នោះ​វិញ គឺ​មាន​ដល់​ជិត ២០០ លាន​ដុល្លារ​ឯ​ណោះ ហើយ Holyfield កើប​លុយ​ចូល​ហោប៉ៅ​បាន​ជាង ៣៨ លាន​ដុល្លារ ខណៈ Tyson បាន​ជាង ៣៣ លាន​ដុល្លារ។

៤) ការ​ប៉ះ​គ្នា​រវាង Floyd Mayweatherនិង De La Hoya នៅ​ឆ្នាំ ២០០៧


ប្រកួត​នោះ​ត្បិត​ Mayweather ទទួល​បាន​ជ័យជម្នះ​ក៏​ពិត​មែន ប៉ុន្តែ​ប្រាក់​ចំណូល​គេ​ទទួល​បាន​តែ​ជាង ២៧ លាន​ដុល្លារ​ប៉ុណ្ណោះ ស្រប​ពេល​ដែល De la Hoya បាន​ជាង ៥៧ លាន​ដុល្លារ។ ប្រាក់​ចំណូល​សរុប​ក្នុង​កម្មវិធី​ទាំង​មូល​មាន​ដល់​ជាង ២៥៥ លាន​ដុល្លារ។

៣) ការ​ប៉ះ​គ្នា​រវាង Floyd Mayweatherនិង Canelo Alvarez នៅ​ឆ្នាំ ២០១៣


សំបុត្រ PPV កាល​នោះ​លក់​ដាច់​បាន​ដល់ ២,២ លាន​សន្លឹក កើប​ចំណូល​បាន​ជាង ១៦៤ លាន​ដុល្លារ ខណៈ​ចំណូល​ដែល​ទទួល​បាន​ពី​អ្នក​ទស្សនា​នៅ​ឯ​អគារ MGM Grand ក្នុង​ទីក្រុង Las Vegas ផ្ទាល់​បាន​តែ​ជាង ២៧ លាន​ដុល្លារ។ Mayweather ឆ្នាំ​នោះ​កើប​លុយ​បាន​ជិត ៨៩ លាន​ដុល្លារ ច្រើន​ជាង ១ ទ្វេ​ជា ៦ ធៀប​នឹង Canelo។ ចំណូល​រួម​នៅ​ឆ្នាំ​នោះ​មាន​ជាង ២៩៣ លាន​ដុល្លារ។

២) ការ​ប៉ះ​គ្នា​រវាង Floyd Mayweatherនិង Conor McGregor នៅ​ឆ្នាំ ២០១៧


នេះ​ជា​ជំនួប​កើប​លុយ​លើ​គោក “The Money Fight” ដែល​តារា​ឆ្នើម​លើ​សង្វៀន UFC មក​ប៉ះ​គ្នា​នឹង​ប្រដាល់​មិន​ដែល​ចាញ់​ Mayweather។ កាល​នោះ​សំបុត្រ PPV លក់​ដាច់​ខ្លាំង កើប​លុយ​បាន​ជាង ៤៤៤ លាន​ដុល្លារ ហើយ McGregor បាន​ ៩៥ លាន​ដុល្លារ​ចូល​ហោប៉ៅ​បើ​ទោះ​បី​ជា​រង​បរាជ័យ ដែល​ចំនួន​នេះ​តិច​ជាង ១ ទ្វេ​ជា ៣ ធៀប​នឹង Floyd។ ចំណូល​រួម​ឆ្នាំ​នោះ​កើន​ដល់ ៩០៥ លាន​ដុល្លារ។

១) ការ​ប៉ះ​គ្នា​រវាង Floyd Mayweatherនិង Manny Pacquiao នៅ​ឆ្នាំ ២០១៥


កម្មវិធី​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា “Fight of The Century” ដែល​ជា​ការ​ជួប​គ្នា​រវាង​គីឡូ​ធ្ងន់​នៅ​តំបន់​អាស៊ី​គឺ​ Manny Pacquiao និង​អ្នក​ប្រដាល់​អាមេរិក Floy Mayweather។ វា​ក៏​ជា​ថ្ងៃ​ដែល​បំបែក​កំណត់ត្រា​ការ​លក់​សំបុត្រ PPV ដាច់​ដល់ ៤,៦ លាន​សន្លឹក ហើយ​ចំណូល​ពី​ការ​លក់​សំបុត្រ​ទស្សនា​នៅ​ទីតាំង​ផ្ទាល់​ក៏​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែរ។

Mayweather កាល​នោះ​រក​បាន​ជាង ៣០៥ លាន​ដុល្លារ ខណៈ Pacquiao រក​បាន​ជាង ១៦៦ លាន​ដុល្លារ រី​ឯ​ចំណូល​ពី​សំបុត្រ PPV បាន ៤៥៥ លាន​ដុល្លារ និង​សំបុត្រ​នៅ​ទីតាំង​ផ្ទាល់​បាន ៨០ លាន​ដុល្លារ រុញ​ឲ្យ​ចំណូល​រួម​មាន​ដល់ ៩២៧ លាន​ដុល្លារ៕

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT