គ្រូ​បង្គោល​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បោះឆ្នោត​ឲ្យ​នរណា​នៅ​ពាន The Best ឆ្នាំ ២០២០?

ជា​រៀងរាល់​ឆ្នាំ​សហព័ន្ធ​សមាគម​បាល់ទាត់​អន្តរជាតិ FIFA រមែង​ប្រកាស​នៅ​នាម​កីឡាករ/កីឡាការនី ក៏​ដូច​ជា​អ្នកចាត់ការ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០២០ នេះ យើង​បាន​រក​ឃើញ​អ្នក​ដែល​ឈ្នះ​ពាន​រង្វាន់​បុគ្គល​ទាំង​អស់​នោះ​ហើយ។

សម្រាប់​ពាន​កីឡាករ​ល្អ​បំផុត​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Robert Lewandowski របស់​ក្លឹប Bayern Munich ខណៈ​ពាន​កីឡាការនី​ល្អ​បំផុត​បាន​ទៅ​លើ​ខ្សែ​ការពារ Lucy Bronze របស់​ក្លឹប Manchester City និង​ពាន​អ្នកចាត់ការ​ល្អ​បំផុត​គឺ​លោក Jurgen Klopp និង​អ្នក​ស្រី Sarina Wiegman។

មុន​សម្រេច​ចេញ​ជា​លទ្ធផល​ដូច​បង្ហាញ​ខាង​លើ FIFA គឺ​បាន​បូក​សរុប​យក​តាម​សំឡេង​គាំទ្រ​របស់​គ្រូ​បង្គោល​នៃ​ក្រុម​ជម្រើស​ជាតិ ប្រធាន​ក្រុម និង​ស្ថាប័ន​អ្នក​សារព័ត៌មាន​តំណាង​ប្រទេស​នីមួយៗ​ដែល​មាន​ឈ្មោះ​ជា​សមាជិក​នៅ​ទូទាំង​សកលលោក។

ដោយឡែក​សម្រាប់​កម្ពុជា​យើង​វិញ​គឺ​មាន​លោក Felix Dalmas តំណាង​ជា​គ្រូ​បង្គោល​ផ្នែក​បុរស និង​លោក អ៊ុំ សាវង្ស ផ្នែក​នារី ប្រធាន​ក្រុម សឿយ វិសាល (ផ្នែក​បុរស) ប្រធាន​ក្រុម សំរិត និមល (ផ្នែក​នារី) និង​លោក អ៊ឹង ចំរើន តំណាង​ស្ថាប័ន​សារព័ត៌មាន។ ការ​ជ្រើសរើស​របស់​បុគ្គល​ទាំង ៥ មាន​ដូច​ត​ទៅ៖

លោក Felix Dalmas បាន​ជ្រើសរើស​អ្នកចាត់ការ Marcelo Bielsa, Hans-Dieter Flick និង Julen Lopetegui ហើយ​សម្រាប់​ផ្នែក​កីឡាករ​​លោក​ជ្រើសរើស​ Lionel Messi, Neymar និង Thiago Alcantara។

ប្រធាន​ក្រុម សឿយ វិសាល បាន​ជ្រើសរើស​អ្នកចាត់ការ​ Jurgen Klopp, Zinedine Zidane និង Julen Lopetegui ហើយ​សម្រាប់​ផ្នែក​កីឡាករ​លោក​ជ្រើសរើស​ Cristiano Ronaldo, Kylian Mbappe និង Sergio Ramos។

តំណាង​ស្ថាប័ន​សារព័ត៌មាន​លោក អ៊ឹង ចំរើន ​បាន​ជ្រើសរើស​អ្នកចាត់ការ​ Hans-Dieter Flick, Jurgen Klopp និង Marcelo Bielsa ហើយ​ផ្នែក​កីឡាករ​លោក​ជ្រើសរើស Robert Lewandowski, Sergio Ramos និង Mohamed Salah។ ក្រឡេក​ទៅ​ផ្នែក​នារី​មាន​អ្នកចាត់ការ Rita Guarino, Stephan Lerch និង Jean-Luc Vasseur ហើយ​កីឡាការនី​មាន​ Sam Kerr, Vivianne Miedema និង Pernille Harder។

លោក អ៊ុំ សាវង្ស បាន​ជ្រើសរើស​អ្នកចាត់ការ Sarina Wiegman, Lluis Cortes និង Jean-Luc Vasseur ហើយ​កីឡាការនី​មាន Wendie Renard, Delphine Cascarino និង Lucy Bronze។

ចុង​ក្រោយ​គឺ​ប្រធាន​ក្រុម​ សំរុិត និមល ជ្រើសរើស​អ្នកចាត់ការ​ Emma Hayes, Stephan Lerch និង Rita Guarino ហើយ​ផ្នែក​កីឡាការនី​មាន Ji So-yun, Pernille Harder និង Delphine Cascarino៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT