ចាន់ រតនា ប្តេជ្ញាមានឈ្មោះក្នុងតារាងចំណាត់ថ្នាក់ដើម្បីឱកាសខ្សែក្រវាត់ពិភពលោក

រហូតមកដល់ពេលនេះ ជើងខ្លាំងគុនចម្រុះ ចាន់ រតនា មិនទាន់មានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់របស់អត្តពលិក ONE Championship នៅឡើយ បើទោះជារូបគេបានឡើងសង្វៀនលំដាប់ពិភពលោកនេះច្រើនលើកហើយក្តី។

បើនិយាយពីកីឡាករនៅតារាងចំណាត់ថ្នាក់អត្តពលិក ONE ក្នុងប្រភេទទម្ងន់ Flyweight ដែលជាទម្ងន់ត្រូវនឹងអ្នកលេងគុនចម្រុះកម្ពុជាគឺកីឡាករប្រេស៊ីល Adriano Moraes ជាម្ចាស់ជើងឯកពិភពលោក ខណៈកីឡាករ Deemetrious Johnshon ឈរលេខ១, កីឡាករ Danny Kingad ឈរលេខ២, កីឡាករ Kairat Akhmetov ឈរលេខ៣, កីឡាករ Yuya Wakamatsu ឈរលេខ៤ និងកីឡាករ Reece Mclaren ឈរលេខ៥។

តារាប្រដាល់ទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា នៅមិនទាន់បានជួបប្រកួតជាមួយជើងខ្លាំងទាំងម្ចាស់ខ្សែក្រវាត់ពិភពលោក ក៏ដូចជាកីឡាករដែលមានចំណាត់ថ្នាក់កំពូលទាំង៥។

តាមពិតទៅកាលពីដើម២០១៩ ចាន់ រតនា ត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងជប៉ុន Yuya Wakamatsu ដែលមានឈ្មោះនៅតារាងចំណាត់ថ្នាក់ ប៉ុន្តែការប្រកួតត្រូវបានផ្អាកដោយសារផ្ទះជំងឺខូវិត-១៩។

បន្ទាប់មក អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ត្រូវបានផ្គូផ្គងឲ្យជួបកីឡាករចិន Xie Wei ក្នុងព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ។

បើមើលប្រវត្តិប្រកួតឃើញថា ដៃគូរបស់ ចាន់ រតនា លើកនេះគឺធ្លាប់ប្រកួតចាញ់ពិន្ទុជើងខ្លាំង Danny Kingad ដែលបច្ចុប្បន្នមានចំណាត់ថ្នាក់លេខ២ ដូច្នេះច្បាស់ណាស់ថា ការប្រកួតជាមួយកីឡាករចិនលើកនេះនឹងបើកផ្លូវអ្នកលេងគុនចម្រុះកម្ពុជាទៅជួបជើងខ្លាំងដែលមាននៅក្នុងតារាងចំណាត់ថ្នាក់ទាំង៥មុនពេលទៅប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក។

ទូតសុច្ឆន្ទៈសែលកាតបានឲ្យដឹងថា រូបគេពិតជាចង់មានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់របស់អត្តពលិក ONE មែនទែន។
«តាមខ្ញុំដឹង ទាល់តែយើងមានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង៥ទើបអាចមានឱកាសច្រើនទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក។ អីចឹងហើយបានជាការមានឈ្មោះនៅតារាងចំណាត់ថ្នាក់គឺសំខាន់»។ ចាន់ រតនា បាននិយាយដូច្នេះ។

ដើម្បីមានឈ្មោះនៅតារាងចំណាត់ថ្នាក់គឺត្រូវតែជួបប្រកួតជាមួយនឹងកីឡាករដែលមានឈ្មោះនៅតារាងចំណាត់ថ្នាក់ទាំង៥។
រតនា បានប្រាប់ថា ៖«ពេលយើងប្រកួតឈ្នះកីឡាករណាម្នាក់ដែលមានឈ្មោះនៅតារាងចំណាត់ថ្នាក់គឺមានន័យថា យើងអាចទម្លាក់ ឬបន្ថយចំណាត់ថ្នាក់របស់កីឡាករនោះ ហើយយើងឡើងទៅកាន់ចំណាត់ថ្នាក់នៅតារាងនោះ»។

ការមានឈ្មោះនៅតារាងចំណាត់ថ្នាក់គឺស្របទៅនឹងគោលដៅសំខាន់បំផុតរបស់ ចាន់ រតនា ដែលចុះកុងត្រាចូលស្ថាប័ន ONE Championship។

ចាន់ រតនា និយាយថា ៖«គោលដៅសំខាន់របស់ខ្ញុំនៅ ONE គឺជើងឯកពិភពលោក។ ខ្ញុំចង់ប្រកួតដណ្តើមជើងឯកពិភពលោក និងចង់ក្លាយជាកីឡាករកម្ពុជាទី១ដែលឈ្នះជើងឯកពិភពលោក»។

«ខ្ញុំសង្ឃឹមថា ការប្រកួតលើកនេះនឹងធ្វើឲ្យខ្ញុំអាចទៅជួបប្រកួតនឹងកីឡាករខ្លាំងៗដែលមានចំណាត់ថ្នាក់។ ខ្ញុំខិតខំប្រឹងអស់ពីសមត្ថភាពដើម្បីកម្ពុជា»។

ចំពោះដៃគូរបស់ ចាន់ រតនា គឺកីឡាករ Xie Wei ក៏មិនទាន់ឈ្មោះនៅតារាងចំណាត់ថ្នាក់អត្តពលិករបស់ ONE ដែរ បន្ទាប់ពីបរាជ័យក្រោមស្នាដៃរបស់ជើងខ្លាំង Danny Kingad។ សម្រាប់ការប្រកួតលើកនេះក៏ជាឱកាសរបស់កីឡាករចិនម្នាក់នេះស្វះស្វែងរកផ្លូវទៅប្រកួតជាមួយកីឡាករដែលមានចំណាត់ថ្នាក់ជាថ្មី។

ចាន់ រតនា មានប្រវត្តិបរាជ័យពីរលើកជាមួយកីឡាករបរទេសនៅ ONE គឺចាញ់កីឡាករចិនទាំងពីរ។ លើកនេះ រូបគេ ប្តេជ្ញាបញ្ចប់កំណត់ត្រាអាក្រក់ជាមួយអ្នកលេងគុនចម្រុះចិនដើម្បីសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលើឆាកអន្តរជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT