Cavani ប្រាប់​មូលហេតុ​ដែល​បោះបង់​ឱកាស​ទៅ​លេង​ជាមួយ Ronaldo នៅ Juventus

Edinson Cavani បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មុន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លឹប Manchester United លោក​ក៏​ទទួល​បាន​សំណើ​ពី​ក្លឹប​យក្ស ២ ផ្សេង​ទៀត​ដែរ​នៅ​អ៊ីតាលី​រួម​មាន Juventus និង Inter Milan។

បញ្ជាក់​ថា កីឡាករ​អ៊ុយរុយហ្គាយ​បាន​ផុត​កុងត្រា​ជាមួយ​ក្លឹប​ចាស់ Paris Saint-Germain នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២០ ហើយ​មាន​ក្លឹប​ជា​ច្រើន​ដែល​ចង់​បាន​លោក តែ​សម្រាប់​ក្លឹប​នៅ​អ៊ីតាលី​ដូច​រៀបរាប់​ខាង​លើ គឺ​លោក​មិន​អាច​ទៅ​ចូលរួម​បាន​ទេ ព្រោះ​ឲ្យ​តម្លៃ​ដល់​អតីត​ក្លឹប​ចាស់ Napoli។

ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​រួម​ជើង​នៅ Napoli ចន្លោះ​ឆ្នាំ ២០១០-១៣ និយាយ​ថា៖ “ខ្ញុំ​តែងតែ​មាន​ការ​អំណរគុណ​ដល់​អ្នក​គាំទ្រ​របស់​ក្លឹប Napoli ដោយ​ហេតុផល​ហ្នឹង​ហើយ​ដែល​ខ្ញុំ​បដិសេធ​សំណើ​ក្លឹប​នៅ​អ៊ីតាលី​ដូច​ជា Juventus និង Inter Milan”។

លោក​សង្កត់​ធ្ងន់​ទៀត​ថា៖ “ខ្ញុំ​មិន​អាច​ធ្វើ​រឿង​បែប​ហ្នឹង​ដាក់​អ្នក​គាំទ្រ​នៅ​ Napoli បាន​ទេ ព្រោះ​ឲ្យ​តែ​ខ្ញុំ​គិត​ដល់​ទីក្រុង Naples គឺ​ខ្ញុំ​តែងតែ​មាន​អារម្មណ៍​រីករាយ ព្រោះ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​រឿង​ជា​ច្រើន​សម្រាប់​ពួក​គេ”។

រំឭក​ដែរ​ថា កីឡាករ​វ័យ ៣៣ ឆ្នាំ នៅ​ការ​បង្ហាញ​ខ្លួន​ឲ្យ United ១០ ប្រកួត គេ​រក​បាន ៣ គ្រាប់​និង Assist ១ លើក តាម​រយៈ​ការ​ឈរ​ជើង ៣៧៨ នាទី​លើ​ទីលាន។ ដោយឡែក​នៅ​ប្រកួត​យក​ឈ្នះ Southampton ៣-២ កាល​ពី​ចុង​ខែ​វិច្ឆិកា Cavani បាន Rating ខ្ពស់​ដល់ ៩,០១ ​ហើយ​ជាប់​ឈ្មោះ​ជា​កីឡាករ​បម្រុង​បាន​ពិន្ទុ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​តាំង​ពី​រដូវ​កាល ២០១៦/១៧ ទៀត​ផង៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT