Grigorian ​តាម​ពី​ក្រោយ​​​ដើម្បី​​ផ្ដួល​ Kondratev​ ឲ្យ​សន្លប់​ដ៏​ភ្ញាក់​ផ្អើល​

នៅ​ពេល​ Marat Grigorian ​​ឡើង​សង្វៀន​​ប្រកួត​ក្នុង​នាម​ជា​គូ​ឯក​​នៅ​ព្រឹត្តិការណ៍​ ONE: BIG BANG ​គេ​មិន​​អាច​បំភ្លេច​បាន​​​ចំពោះ​ពាក្យ​មួយ​​​ម៉ាត់​ គឺ​ ​«លឿន»។

តារា​​ឃីកបុកសីង​សញ្ជាតិ​អាមេរិក ​ប្រើ​ពេល​មិន​ដល់​ ៥ ​នាទី​ផង​​ដើម្បី​ផ្ដួល​ជើង​ឯក​ឃីកបុកសីង​២​សម័យ​​មក​ពី​រុស្សី​ Ivan Kondratev ​ឲ្យ​សន្លប់​​ក្នុង​កម្មវិធី​ឃីកបុកសីង​ ONE Super Series ​ទម្ងន់​ featherweight ​នា​យប់​ថ្ងៃ​សុក្រ​ទី​ ៤ ​ខែ​ ​ធ្នូ​ ​កន្លង​ទៅ​​នេះ​នៅ​កីឡដ្ឋាន​ Singapore Indoor Stadium។ ​មើល​ទៅ​ភ្ញាក់​ផ្អើល​មែន​ទែន​ ដែល​ Kondratev ​​គាំង​ និង​​វ៉ៃ​មិន​ចេញ​ពេល​​តតាំង​នឹង​​ជើង​ឯក​​ឃីកបុកសីង​ពិភព​លោក​ ៣ ​សម័យ​ មក​ពី​អាមេរិក។ ​

កីឡាករ​រុស្សី​ព្យាយាម​វ៉ៃ​ដង​ខ្លួន​​លើ​ Grigorian ​ដូច​បាវ​សាក់​​អីចឹង​ ​ខណៈ​ដែល​កីឡាករ​អាមេរិក​​ប្រើ​ស្នៀត​​វ៉ៃ​កាត់​ និង​សន្ធាប់​មក​វិញ​ដែរ។ការ​ទាត់​ជើង​​ក្រោម​​របស់​ Grigorian ​ធ្វើ​ឲ្យ​ការ​ប្រកួត​រង្វើល​បន្តិច​ ​ប៉ុន្តែ​​មិន​សម្រាក​បាន​​យូរ​​ប៉ុន្មាន​ទេ។ ​Kondratev ​ចាប់​ផ្ដើម​ធ្វើ​ការងារ​ជា​​ថ្មី​ ​ដោយ​ការ​វ៉ៃ​​ខាវ​ និង​ ​កណ្ដាប់​ដៃ​ស្ដាំ​លើ​ផ្ទៃ​មុខ​គូ​ប្រជែង ​មុន​ពេល​ការ​ប៉ុនប៉ង​​​វាយ​លើ​ដង​ខ្លួន​ជា​ថ្មី។

Grigorian ​បន្ត​ដាក់​សម្ពាធ​លើ​ Kondratev ​កាន់​តែ​ខ្លាំង​ឡើង​ជា​ពិសេស​ស្នៀត​វ៉ៃ​ដង​ខ្លួន​សង​វិញ​ទោះ​ពី​ចម្ងាយ​ក៏​ដោយ។សល់​១​​នាទី​មុន​បញ្ចប់​ទឹក​ទី១​ ​​កីឡាករ​អាមេរិក​​​បាន​ស្គាល់​ចំណុច​ដែល​ត្រូវ​វាយ​លើ​ Kondratev ​ដោយ​ប្រើ​កណ្ដាប់​ដៃ​ដ៏​គ្រោះ​ថ្នាក់។ ​គេ​​ចេញ​កណ្ដាប់​ដៃ​ឆ្វេង​​អម​ដោយ​កណ្ដាប់​ដៃ​ស្ដាំ ប៉ុន្តែ​ ​ជើង​ខ្លាំង​រុស្សី​ មិន​អាច​​បង្ក​ការ​លំបាក​​ប៉ុន្មាន​ដល់​​គូ​ប្រជែង​ឡើយ​។

Grigorian ​​​ដើរ​សំដៅ​ទៅ​​​ទាត់​ជើង​​វិញ​​ម្ដង​ ​ដែល​ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល​​រាប់​គូ​ប្រជែង​ដល់​ ៨ ​​រហូត​ដល់​ចប់​ទឹក។ ​ដោយ​សារ​ដឹង​អំពី​ចំណុច​ខ្សោយ​រួច​ទៅ​ហើយ​ Grigorian ​​បាន​ចេញ​ពី​កន្លង​​ឲ្យ​ទឹក​ភ្លាម​ៗ​នៅ​ទឹក​ទី២​ ហើយ​ដើរ​ទៅ​​​​​វ៉ៃ​ឆ្វេង-​ស្ដាំ​ ដូច​ការ​វាយ​​សេវា​​ក្នុង​​កីឡា​វាយ​កូន​បាល់​នៅ​ទីលាន​ Pete Sampras អីចឹង។ ​

យ៉ាង​ណា​ក្ដី​ Kondratev ​រិះរក​មធ្យោបាយ​ដើម្បី​ទប់ទល់​​ពី​ការ​​​ប៉ុនប៉ង​វាយ​​ដង​ខ្លួន​ និង​សំដៅ​ក្បាល​របស់​កីឡាករ​អាមេរិក។​
​ក្រោយ​មក​​ អ្នក​ទាំង​ពីរ​ក៏​បាន​ព្យាយាម​​ចូល​វ៉ៃ​​ក្នុង​រយៈ​ចម្ងាយ​ជិត ​ប៉ុន្តែ ​Grigorian ​បាន​ប្ដូរ​បច្ចេកទេស​វ៉ៃ​កាត់​ចូល​​ដើម​​ទ្រូង​ ​និង​ឆ្អឹងជំនីរ​​របស់​កីឡាករ​រុស្សី​យ៉ាង​ល្អ។ ​​ដោយ​មើល​​ឃើញ​ថា​បាន​ផល ​បុរស​សញ្ជាតិ​អាមេរិក​បាន​រុញ​ Kondratev ​​​ទៅ​ក្បែរ​​សង្វៀន​ ជា​ទី​ដែល​រួប​គេ​បញ្ចេញ​​​កណ្ដាប់​ដៃ​ខាវ​-ស្ដាំ​​ចូល​ពេញ​ដង​ខ្លួន។

Kondratev ​មាន​អារម្មណ៍​​ឈរ​លែង​នឹង​ ​​​ខណៈ​​អាជ្ញា​​កណ្ដាល​រៀប​ចំ​​រាប់​សាជាថ្មី។ ​​​យ៉ាង​​ណា​ក្ដី​កីឡាករ​រុស្សី​មិន​​អាច​បន្ត​ការ​ប្រកួត​ទៀត​ឡើយ​​ដោយ​អាជ្ញា​កណ្ដាល​បញ្ឈប់​ត្រឹម​នាទី​​ទី​១:៥២​ ​​នៃ​ទឹក​ទី២ ​ប៉ុណ្ណោះ។ ​នេះ​ជា​ការ​ប្រកួត​​ដែល​ ​Grigorian ​តាម​ពី​ក្រោយ​រហូត​ដល់​​ទទួល​ជ័យជម្នះ​​លើក​ដំបូង​​នៅ​កម្មវិធី ONE Super Series។ ​

ជ័យជម្នះ​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​​នេះ​​បាន​នាំ​​​ឲ្យ​កីឡាករ​អាមេរិក​​ឈ្នះ​ ៦៤ ​ដង​ ចាញ់​ ១១ ​ដង​ និង​ស្មើ​ ១​ដង។ ​Grigorian ​បាន​យក​ឈ្នះ​​​កីឡាករ​លំដាប់​លេខ​២​  Superbon ​និង​លំដាប់​ទី៣​ Sitthichai “Killer Kid” Sitsongpeenong ​រួច​ទៅ​​ហើយ​នៅ​ក្រៅ​សង្វៀន​ ONE។ ​ គេ​អាច​នឹង​មាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​ឃីកបុក​សីង​ពិភព​លោក​​ទម្ងន់​ featherweight ​​ពី Giorgio “The Doctor” Petrosyan​ នៅ​ថ្ងៃ​មុខ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT