ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ថា ៩០ ភាគរយ Ozil នឹង​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ថ្មី​នេះ​នៅ​ខែ​មករា

អត្រា​ជោគជ័យ​លើ​ការ​ផ្ទេរ​ចេញ ៩០ ភាគរយ​ដែល​ Mesut Ozil នឹង​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ក្នុង​ប្រទេស​ទួរគី​គឺ Fenerbahce នា​ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ជាន់​ខ្ពស់​របស់​ក្លឹប​នៅ​ទី​នោះ។

កីឡាករ​វ័យ ៣២ ឆ្នាំ កាន់​តែ​ដុនដាប​ទៅ ហើយ​លែង​ជា​ចំណែក​សំខាន់​ត​ទៅ​ទៀត​ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta ដែល​រុញ​ឲ្យ​ភាគរយ​នៃ​ការ​ចាកចេញ​របស់​គេ​ក្នុង​ទីផ្សារ​ដោះដូរ​រដូវ​រងា​អាច​មាន​ភាគរយ​ខ្ពស់។

កុងត្រា​របស់ Ozil សេសសល់​ជាមួយ Arsenal ​ដល់​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ​ឯ​ណោះ ប៉ុន្តែ​គេ​អាច​នឹង​ចរចា​សុំ​ចាកចេញ​ត្រឹម​ខែ​មករា​ខាង​មុខ ដើម្បី​បាន​លេង​ជាមួយ​ក្លឹប​នៅ​ក្របខ័ណ្ឌ Super Lig។

តាម​ការ​បញ្ជាក់​ប្រាប់​សារព័ត៌មាន Sports Digitale លោក Murat Zorlu សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ជាន់​ខ្ពស់​របស់​ក្លឹប Fenerbahce និយាយ​ថា៖ “តាម​ប្រភព​ជិតស្និទ្ធ​ជាមួយ​ក្លឹប​បាន​ប្រាប់​ខ្ញុំ​ថា Mesut Ozil គេ​នឹង​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប Fenerbahce នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ហើយ​ខ្ញុំ​ហ៊ាន​និយាយ​ថា ៩០ ភាគរយ​គេ​នឹង​មក​ចូលរួម​ជាមួយ​ពួក​យើង​នៅ​រយៈ​ពេល​ ១ ខែ​ទៀត”៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT