Torres ​​ជឿជាក់​ថា​ទទួល​ជ័យជម្នះ​មក​វិញ​ទល់​នឹង​ Phogat

Jomary “The Zamboanginian Fighter” Torres ​បាន​សន្យា​ដល់​អ្នក​គាំទ្រ​ថា​នឹង​ធ្វើ​ល្អ​​ឡើង​វិញ​​ពេល​ឡើង​សង្វៀន​​ជា​ថ្មី​​។ ​កីឡាការិនី​ហ្វីលីពីន​​​​ជឿ​ជាក់​លើ​ការ​ប្រើ​ស្នៀត​កម្រិត​កំពូល​​របស់​គេ​ឡើង​វិញ​ និង​ ​​កើន​ចំណាត់​ថ្នាក់​​​ក្នុង​ទម្ងន់​ atomweight។​ ​

កីឡាការិនី​​ដដែល​​រួប​នេះ​​នឹង​ឡើង​តតាំង​ជា​មួយ​កីឡាការិនី​មិន​ដែល​ចាញ់​​ Ritu “The Indian Tigress” Phogat ​ក្នុង​ជំនួប​គូ​​បើក​ឆាក​​​នៃ​ព្រឹត្តិការណ៍​ ONE: BIG BANG ​ដែល​​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​ពី​​​សង្វៀន​ Singapore Indoor Stadium ​នា​​​យប់​ថ្ងៃ​សុក្រ​ទី​ ៤​ ​​ខែ​ ​​ធ្នូ ​ចុង​សប្ដាហ៍​នេះ។ ​

Torres ​បាន​ថ្លែង​អំពី​ Phogat​​ ដូច្នេះ​ ៖«​និយាយ​​ដោយ​ស្មោះ​ត្រង់​ទៅ​ ​គេ​ជា​​​​បេក្ខភាព​លំដាប់​ពិភព​លោក​មួយ​រួប។ ​​ខ្ញុំ​ជឿ​ថា​ ​ពេល​នេះ​​ធ្វើ​ឲ្យ​គេ​ប្រសើរ​ឡើង​ ​ហើយ​ចាប់​តាំង​ពី​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ Evolve ​គេ​​មាន​ភាព​រីកចម្រើន​​កាន់​ច្រើន​ឡើង និង​ទទួល​បាន​ការ​យក​ចិត្ត​​ទុក​ដាក់​ក៏​ច្រើន​ដែរ»។ ​

លើស​ពី​នេះ​ទៀត​ Phogat ​បាន​ចាប់​ផ្ដើម​​យ៉ាង​ល្អ​​បំផុត​នៅ​​សង្វៀន​សម្បូរ​ដោយ​​តារា​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មួយ​នេះ។ ​ តាំង​ពីរ​បង្ហាញ​​ដំបូង​ខ្លួន​កាល​ខែ​ វិច្ឆិកា​ ឆ្នាំ ​២០១៩​ ​ ​អ្នក​​ជំនាញ​ចំបាប់​សញ្ជាតិ​ឥណ្ឌា​​បាន​បំបាក់​គ្រប់​គូ​ប្រកួត​ទាំង​អស់។ ​
ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ Phogat នា​​ពេល​ថ្មី​ៗ​នេះ​ ​នៅ​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX ​កាល​ខែ ​តុលា​ ​​​រួប​គេ​ផ្ដួល​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ នៅ ស្រីពៅ ​​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី២ ប៉ុណ្ណោះ។

ហើយ​ស្នៀត​ប្រយុទ្ធ​លើ​ក្ដារ​រេញ​​ និង​ ​​ចំបាប់​​កម្រិត​កំពូល​ជា​​​រនាំង​ឧបសគ្គ​​សម្រាប់​ Torres។ ​​កូន​សិស្ស​មក​ពី​ក្លិប​ Catalan Fighting System ​បាន​គូ​បញ្ជាក់​ថា​ ៖«​​ផ្អែក​​លើ​ការ​ប្រកួត​ចុង​ក្រោយ​​ ​គេ​កំពុង​ស្ថិត​នៅ​កម្រិត​កំពូល​មួយ។ ​ការ​ពិត ​ចំបាប់​របស់​គេ​ជា​អាវុធ​​​​​​ដ៏​សំខាន់​បំផុត​មួយ​​ ​ហើយ​​​​ក្បាច់​ប្រដាល់​របស់​គេ​​ក៏​ល្អ​ណាស់​ដែរ។ ​គេ​ប្រើ​ស្នៀត​ប្រដាល់​ដើម្បី​​កៀរ​គូ​ប្រកួត​ឲ្យ​ដួល។ ​​​​នោះ​​ហើយ​ជា​រឿង​​ដែល​ត្រូវ​ប្រយ័ត្ន​ខ្ពស់»។

យ៉ាង​​ណា​ក្ដី ​តារា​ហ្វីលីពីន​ ​នៅ​​តែ​មាន​​ទំនុក​ចិត្ត​ខ្ពស់​​ ​ថា​រួប​គេ​នៅ​តែ​មាន​ប្រៀប​​​ឈ្នះ​អីចឹង។
កីឡាការិនី​ហ្វីលីពីន​រៀបរាប់​បន្ត​​ ៖«​ខ្ញុំ​​គោរព​ដល់​ស្នៀត​​ប្រដាល់​របស់​គេ។ ​គេ​រីកចម្រើន​ណាស់​ ប៉ុន្តែ​​​នៅ​តែ​​គិត​ថា​ ខ្ញុំ​ល្អ​ជាង»។

Torres ​ជា​តារា​​គុន​ចម្រុះ​វ័យ​ក្មេង​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​នេះ។ ​​គេ​បាន​ផ្ដួល​គូ​ប្រកួត​ ៤ ​នាក់​ដំបូង​​ក្នុង​នោះ​រួម​​ទាំង​ការ​បញ្ចប់​កីឡាការិនិ​ថ្មី​ Rika “Tiny Doll” Ishige ​និង​ផ្ដួល​ April Osenio ​មក​ពី​ក្លិប​ Team Lakay ​ត្រឹម​ ៤០ ​វិនាទី​ប៉ុណ្ណោះ។ ​

​ប៉ុន្តែ​ក្រោយ​មក​ទៀត​ “The Zamboanginian Fighter” ​រង​​បរាជ័យ​លើ​កីឡាការិនី​កំពូល​នៅ​ទម្ងន់​ atomweight ​ដូច​ជា​​រង​បរាជ័យ​​លើ​កីឡាការិនី​លំដាប់​លេខ​៣​ “MMA Sister” Lin Heqin ​និង​ ​កីឡាការិនី​លំដាប់​លេខ​៤​ Mei “V.V” Yamaguchi។ ​

ភាព​បរាជ័យ​ទាំង​​នេះ​នឹង​ធ្វើ​​ឲ្យ​ ​​កីឡាការិនី​ហ្វីលីពីន​កែ​ប្រែ​កំហុស​ ​​និង​ធ្វើ​បាន​ល្អ​ឡើង​វិញ​ដើម្បី​កើន​ចំណាត់​ថ្នាក់​ទូទៅ​នៅ​ ​ONE’s Athlete Rankings។ ​

ដោយ​ទទួល​ស្គាល់​ថា​ Phogat ​ជា​អ្នក​ជំនាញ​ចំបាប់​កម្រិត​ពិភព​លោក​ ​កីឡាការិនី​វ័យ​ ២៤ រួប​នេះ​បាន​ខិតខំ​​ហ្វឹកហាត់​​​ទ្វេ​​ដង​ដើម្បី​​ទប់​​ទល់​នឹង​​គូ​ប្រជែង​ជើង​ខ្លាំង​បែប​នេះ។

«​យើង​ត្រូវ​តែ​​​​ក្រឡេក​មើល​ឱកាស​។​ យើង​ដឹង​ថា​ វា​មិន​ងាយ​ស្រួល​ទេ​​ក្នុង​ការ​តតាំង​នឹង​​​ជើង​ខ្លាំង​ចំបាប់​។ ​ប៉ុន្តែ ​ខ្ញុំ​បាន​សិក្សា​រួច​​ហើយ។ ​បើ​មាន​ឱកាស​មក​ដល់​ គឺ ​ត្រូវ​បញ្ចប់​ភ្លាម​ៗ​តែ​ម្ដង។ ​គេ​ល្អ​ ប៉ុន្តែ ​មនុស្ស​តែង​តែ​មាន​កំហុស។​ គេ​អាច​នឹង​បង្កើត​កំហុស​ ហើយ​យើង​សង្ឃឹម​ថា​​​ឈ្នះ​ការ​ប្រកួត​នេះ»។ ​Torres ​តាំង​ចិត្ត​បែប​នេះ។

ទោះ​លំបាក​យ៉ាង​ណា​ Torres ​បាន​ដាក់​គោល​ដៅ​ក្លាយ​ជា​កីឡាការិនី​ដំបូង​ដែល​​​អាច​ផ្ដួល​ Phogat បាន។ ​
ជ័យជម្នះ​​នេះ​នឹង​ធ្វើ​ឲ្យ​ “The Zamboanginian Fighter” ​ ​ល្បី​ឈ្មោះ​ ​និង​ ​​​នាំ​ឲ្យ​អាជីព​របស់​ខ្លួន​ត្រចះត្រចង់​ឡើង​វិញ ​ហើយ​ក៏​ជា​​ការ​ធ្វើ​ឲ្យ​​គ្រួសារ​​សប្បាយ​ចិត្ត​ដែរ។

Torres ​ពិពណ៌នា​ថា​​​ ៖«​ខ្ញុំ​មាន​​ការ​លើក​​ទឹក​ចិត្ត​ពី​គ្រួសារ​របស់​ខ្ញុំ​ ទោះ​ពួក​គេ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​​ក្ដី។ ​​ហើយ​​ការ​ប្រកួត​នេះ​សម្រាប់​ប្រជាជន​ហ្វីលីពីន​ផង​ដែរ។ ​ខ្ញុំ​តាំង​ចិត្ត​ដើម្បី​​​ទទួល​ជ័យជម្នះ​​ពី​ការ​ប្រកួត​នេះ»។

​កីឡាការិនី​ហ្វីលីពីន​សង្កត់​​​​បែប​នេះ ​៖«​ខ្ញុំ​​មិន​មែន​ជា​មនុស្ស​ចូល​ចិត្ត​ទស្សន៍ទាយ​​នោះ​ទេ។​ [​លទ្ធផល​បាន​មក​​ដោយ​សារ​​ប្រកួត​របស់​ខ្ញុំ] ​​ប៉ុន្តែ​ អ្នក​គាំទ្រ​​​​អាច​រំពឹង​ថា​ វា​ជា​ការ​ប្រកួត​​ដ៏​ល្អ​មើល។ ​​ខ្ញុំ​​ដាក់​ផែន​ការ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ តាម​តែ​អាច​ធ្វើ​ទៅ​បាន»។ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT