ដល់​វគ្គ​កើប​លុយ​ទៀត​ហើយ! នេះ​តម្លៃ​សំបុត្រ​ទស្សនា​ការ​ប៉ះ​គ្នា​រវាង Floyd និង Logan

អតីត​អ្នក​ប្រដាល់​ចូល​និវត្ត Floyd Mayweather ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា លោក​នឹង​ឡើង​សង្វៀន​នៅ​ប្រកួត​មិត្តភាព​សារ​ជា​ថ្មី​ទល់​ YouTuber ល្បី​ឈ្មោះ​គឺ​លោក Logan Paul។

ការ​ប្រកួត​នោះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ ​កុម្ភៈ ឆ្នាំ ២០២១ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ទស្សនា​តាម​រយៈ​ប្រព័ន្ធ​ Online ដូច​ការ​ប្រកួត​រវាង Mike Tyson ​និង Roy Jones Jr ដូច្នោះ​ដែរ។

បើ​តាម​ការ​បញ្ជាក់​ពី​គេហទំព័រ​រៀបចំ​ព្រឹត្តិការណ៍​ខាង​លើ ​សម្រាប់​តម្លៃ​សំបុត្រ​ទស្សនា​គឺ​ថ្លៃ ២៤,៩៩ ដុល្លារ​ នៅការលក់ ១ លាន​សំបុត្រ​ដំបូង ហើយ​និង​បន្ត​ឡើង​ដល់ ៦៩,៩៩ ដុល្លារ​សម្រាប់​ការ​បញ្ជា​ទិញ​ក្រោយ​ថ្ងៃ​ទី ១១ ​ខែ​កុម្ភៈ។

បង្វែរ​ទៅ​ប្រវត្តិ​នៃ​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ សម្រាប់ Mayweather ​គឺមិនទាន់ស្គាល់ពាក្យថា ចាញ់ នោះទេនៅការប្រកួត ៥០ លើក ​ហើយ​ប្រកួត​មិត្តភាព​លើក​ចុង​ក្រោយ​គឺ​បាន​យក​ឈ្នះ​ទៅ​លើ​អ្នក​ប្រដាល់​ជប៉ុន Tenshin Nasukawa នៅ​ឆ្នាំ ២០១៨ ហើយ​កាល​នោះ​រក​បាន​ជាង ៩ លាន​ដុល្លារ។

រី​ឯ Logan Paul ធ្លាប់​ឡើង​សង្វៀន​ពីរ​លើក តែ​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ឈ្នះ” នោះ​ទេ ​ហើយ​មាន​មួយ​លើក​ជា​លក្ខណៈ​អាជីព​ពេល​ប៉ះ KSI ​នៅ​ឆ្នាំ ២០១៩ គឺ​ទទួល​រង​បរាជ័យ។


ក្រឡេក​ទៅ​សង្រ្គាម​ពាក្យ​សម្តី​មុន​ការ​ប្រកួត Floyd បាន​បោះ​ពាក្យ​ថា​ Logan ដូច​ជា​ក្មេង​ស្រី សម​តែ​នៅ​លេង​តុក្កតា Barbie ​ហើយ​ប្រកួត​លើក​នេះ​ខ្លួន​នឹង​ធ្វើឲ្យ​គេ​ស្គាល់​ថ្នាំ​ខ្លាំង​ ដូច​ធ្លាប់​ធ្វើ​ដាក់​កីឡាករ​ UFC កាល​ពី ៣ ឆ្នាំ​មុន។ តែ Logan ហាក់មិនញញើត និងបាន​ឆ្លើយ​មួយ​ម៉ាត់​យ៉ាង​ជឿជាក់​ថា៖ “៥០-១” ដោយ​ចង់​មាន​ន័យ​ថា កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​របស់ Floyd នឹង​ត្រូវ​បញ្ចប់​ត្រឹម​កណ្តាប់​ដៃ​របស់​គេ​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT