មាន​តែ​កីឡាករ ២ រូប​គត់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​អាច​រក​បាន ៥ គ្រាប់/ប្រកួត​នៅ UCL

ការ​រក​បាន​គ្រាប់​បាល់​ចំនួន ៤ គ្រាប់​របស់ Olivier Giroud នៅ​ក្របខ័ណ្ឌ UEFA Champions League កាល​ពី​ជុំ​ទី ៥ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កើត​មាន​ចម្ងល់ និង​ចោទ​សួរ​មក​កាន់​ទំព័រ CTS Sports ថា​តើ​មាន​កីឡាករ​រូប​ណា​ផ្សេង​ទៀត​ដែរ​ទេ ដែល​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប?

ជា​ការ​ពិត​ណាស់​ការ​រក​បាន ៤ គ្រាប់/ប្រកួត មិន​មែន​ជា​រឿង​ដែល​អស្ចារ្យ​បំផុត​នោះ​ទេ​នៅ Champions League ​ហើយ​រឿង​មួយ​នេះ ក៏​មាន​កីឡាករ​ជើង​ចាស់​ថ្មី ធ្វើ​បាន​ដល់​ទៅ ១៥ លើក​ហើយ​ដែរ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ជាក់​ស្តែង​ដូច​ជា​ Marco van Basten បើក​ឆាក​មុន​គេ​នៅ​ឆ្នាំ ១៩៩២ ហើយ​អ្នក​បន្តបន្ទាប់​មាន​ដូច​ជា​ Ruud van Nistelrooy, Lionel Messi, Mario Gomez, Robert Lewandowski និង Cristiano Ronaldo ជា​ដើម។

ផ្ទុយ​ទៅ​វិញ​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្នុង​មួយ​ប្រកួត​ Champions League នោះ​គឺ​ធ្វើ​បាន​ដល់​ទៅ ៥ គ្រាប់​ឯ​ណោះ ហើយ​មាន​តែ​កីឡាករ ២ រូប​ប៉ុណ្ណោះ ដែល​បាន​ចារ​ឈ្មោះ​នៅ​កំណត់ត្រា​នោះ មាន​ដូច​ជា Lionel Messi និង Luiz Adriano។

កីឡាករ​អាហ្សង់ទីន​ជា​អ្នក​បើក​ឆាក​កំណត់ត្រា​នេះ​មុន​គេ ដោយ​នៅ​ក្នុង​ការ​ប្រកួត​រវាង Barcelona ទល់ Bayer Leverkusen នា​ថ្ងៃ​ទី ៧ មិនា ឆ្នាំ ២០១២។ កាល​នោះ​ក្រុម​យក​ឈ្នះ ៧-១ ហើយ Messi រក​បាន ៥ គ្រាប់​ម្នាក់​ឯង។

រំលង​មក​ទល់​ខែ​តុលា ឆ្នាំ ២០១៤ ទើប​កំណត់ត្រា​នេះ ត្រូវ​បាន​គេ​គាស់​ឡើង​សារ​ជា​ថ្មី ហើយ​អ្នក​ធ្វើ​បាន​គឺ​កីឡាករ Luiz Adriano ​របស់​ក្លឹប Shakhtar Donetsk ដែល​កាល​នោះ​យក​ឈ្នះ ៧-០ ទៅ​លើ​ក្លឹប BATE Borisov។

បញ្ជាក់​ថា ​កំណត់ត្រា​ខាង​លើ​យើង​រាប់​តែ​ក្នុង​សម័យ​កាល​នៃ​ព្រឹត្តិការណ៍ UEFA Champions League ចាប់​ផ្តើម​ពី​ឆ្នាំ ១៩៩២ តែ​ប៉ុណ្ណោះ ពោល​មិន​រាប់​នៅ​ពេល​ដែល UEFA ប្រើប្រាស់​ឈ្មោះ​ចាស់ European Champion Clubs’ Cup នោះ​ឡើយ៕

ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT