Floyd ​ប្រាប់​ឈ្មោះ​អ្នក​ប្រដាល់​ល្អ​បំផុត​ទាំង ៥ ​ក្នុង​ប្រវត្តិសាស្ត្រ តែ​គ្មាន Tyson និង Ali ទេ

អតីត​អ្នក​ប្រដាល់​មិន​ដែល​ស្គាល់​ពាក្យ​ថា “ចាញ់” Floyd Mayweather កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ការ​យល់​ឃើញ​នូវ​ឈ្មោះ​អ្នក​ប្រដាល់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​ក្នុង​ចំណោម​នោះ​មាន​មួយ​ជា​ឈ្មោះ​របស់​លោក​ផ្ទាល់។

ប៉ុន្តែ​អតីត​ជើង​ចាស់​ដូច​ជា Muhammad Ali និង Mike Tyson ពុំ​បាន​ស្ថិត​ក្នុង​ការ​ជ្រើសរើស​របស់​លោក​ឡើយ។ ​ប្រាប់​កំឡុង​ពេល​ផ្សាយ​ផ្ទាល់​លើ Instagram បុរស​សញ្ជាតិ​អាមេរិក​និយាយ​ថា៖ “ខ្ញុំ​សូម​ជ្រើសរើស​យក Pernell Whitaker ក៏​ដូច​ជា Roberto Duran ហើយ​បើ​និយាយ​ដល់​ប្រភេទ​ទម្ងន់​ធ្ងន់ និយាយ​ស្មោះត្រង់​ទៅ​ខ្ញុំ​ជ្រើស​យក Larry Holmes ព្រោះ​ក្នុង​យុគសម័យ​របស់​គាត់ គាត់​ធ្លាប់​ផ្ដួល​អ្នក​រាល់​គ្នា​លើ​សង្វៀន”។

លោក​បន្ត​ទៀត​ថា៖ “ហើយ​ពេល​នេះ Holmes គាត់​ក៏​រស់នៅ​ក្នុង​ជីវិត​ដ៏​ស្រណុក​សុខស្រួល​មួយ​ផង​ដែរ ដោយសារ​គាត់​មាន​ការ​វិនិយោគ​ដ៏​ឆ្លាតវៃ និយាយ​ទៅ​គាត់​ល្អ​តាំង​ពី​ចំណុច​ចាប់​ផ្តើម​មក​ដល់​ចំណុច​បញ្ចប់​នៃ​អាជីព”។

រី​ឯ​អ្នក​ចុង​ក្រោយ​មួយ​រូប​ផ្សេង​ទៀត Mayweather បាន​បន្ថែម​ថា៖ “នោះ​គឺ Aaron Pryor ហើយ​ក្នុង​អាជីព​របស់​គាត់ គាត់​បរាជ័យ​តែ​មួយ​លើក​គត់ កាល​នោះ​គឺ​ចាញ់​ដោយសារ​តែ​គាត់​មាន​ប្រើប្រាស់​សារធាតុ​ញៀន”។

សរុប​មក​យើង​សូម​ធ្វើ​ការ​បង្ហាញ​ស្ថិតិ​អ្នក​ប្រដាល់​ល្អ​​បំផុត​ទាំង ៥ ដែល​ជ្រើសរើស​ដោយ Floyd ដូច​ត​ទៅ៖

  • Aaron Pryor អតីត​អ្នក​ប្រដាល់​អាមេរិក ប្រកួត ៤០ ដង ឈ្នះ ៣៩ ចាញ់ ១ ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៣៥ ដង
  • Larry Holmes អតីត​អ្នក​ប្រដាល់​អាមេរិក ប្រកួត ៧៥ ដង ឈ្នះ ៦៩ ចាញ់ ៦ ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៤៤ ដង
  • Roberto Duran អតីត​អ្នក​ប្រដាល់​ប៉ាណាម៉ា ប្រកួត ១១៩ ដង ឈ្នះ ១០៣ ចាញ់ ១៦ ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៧០ ដង
  • Pernell Whitaker អតីត​អ្នក​ប្រដាល់​អាមេរិក ប្រកួត ៤៥ ដង ឈ្នះ ៤០ ស្មើ ៤ ចាញ់ ១ ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ១៧ ដង
  • អតីត​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather ប្រកួត ៥០ ដង ឈ្នះ ៥០ ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ២៧ ដង៕

ប្រភព៖ TalkSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT