Luka Modric៖ “ខ្ញុំ​នៅ​តែ​ចង់​បន្ត​និង​បញ្ចប់​អាជីព​នៅ​ក្លឹប Real Madrid”

Real Madrid នឹង​ត្រូវ​បើក​ការ​ប្រកួត​ទល់​ក្លឹប Inter Milan នៅ​រាត្រី​នេះ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ មុន​ឈាន​ដល់​ការ​ប្រកួត Luka Modric ក៏​បាន​ចេញ​មក​បកស្រាយ​បន្ថែម ពាក់ព័ន្ធ​នឹង​អនាគត​របស់​ខ្លួន ក្រោយ​មាន​មន្ទិល​សង្ស័យ​ថា គេ​អាច​នឹង​ចាកចេញ​នៅ​ពេល​ខាង​មុខ។

ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​មិន​សូវ​បាន​លេង​ពេញ​ជើង​នោះ​ទេ​នៅ​រដូវ​កាល ២០២០/២១ ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Zinedine Zidane ដោយ​គិត​មក​ទល់​ពេល​នេះ​ទើប​ឈរ​ជើង​បាន​ជាង ៧០០ នាទី​ប៉ុណ្ណោះ។

និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ក្នុង​ថ្ងៃ​អង្គារ Modric ថា៖ “ខ្ញុំ​បាន​និយាយ​ជា​ច្រើន​ដង​ហើយ [ថា​ចង់​បន្ត​នៅ Real Madrid] តែ​យើង​នឹង​រង់ចាំ​មើល​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​ចម្លើយ​របស់​ខ្ញុំ​តែងតែ​ផ្តល់​ដដែលៗ​ថា ខ្ញុំ​មាន​អារម្មណ៍​ល្អ​នឹង​ការ​បន្ត​នៅ​ទី​នេះ”។

លោក​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​អាច​ជួយ​ក្រុម​បាន ហើយ​ក៏​ចង់​បញ្ចប់​អាជីព​នៅ​ទី​នេះ ប៉ុន្តែ​វា​ស៊ីសង​លើ​កត្តា​ជា​ច្រើន​ដែរ គ្រាន់​ថា​គ្មាន​នរណា​សប្បាយ​ចិត្ត​ជាង​ខ្ញុំ​ទេ បើ​អាច​បញ្ចប់​អាជីព​នៅ​ក្លឹប Real Madrid”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT