រក​តែ​លុយ​ឲ្យ​កីឡាករ​មិន​ចង់​គ្រប់​ផង ពេល​នេះ Pique របួស​ធ្ងន់​ថែម​បន្ទុក​ដល់​ប្រព័ន្ធ​ការពារ​ទៀត

ស្ថានភាព​របស់ Gerard Pique បាន​ចេញ​មក​ហើយ ដោយ​សម្រេច​ថា​គេ​ត្រូវ​ខកខាន​ការ​ឈរ​ជើង​លើ​ទីលាន​ច្រើន​ជាង ៣ ខែ។

នៅ​ការ​ប្រកួត​រវាង​ក្លឹប Atletico Madrid ក្លឹប Barcelona បាន​បាត់បង់​កីឡាករ​សំខាន់ ៣ រូប​ក្នុង​ពេល​ប្រកួត រួម​មាន​ដូច​ជា Ousmane Dembele, Sergi Roberto និង Gerard Pique។ សម្រាប់ Robert ក៏​របួស​ធ្ងន់​គួរសម ដោយ​ទាមទារ​ពេល​សម្រាក​ជាង ២ ខែ​ឯ​ណោះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ Barcelona កំពុង​ត្រៀម​បើក​ការ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ពិភាក្សា​ជាមួយ​ថ្នាក់​លើ​ជុំវិញ​ការ​ដោះស្រាយ​នៅ​ប្រព័ន្ធ​ការពារ ព្រោះ​តំបន់​ការពារ​កណ្តាល​នៅ​ពេល​បច្ចុប្បន្ន​មាន​តែ Clement Lenglet មួយ​ប៉ុណ្ណោះ ដែល​មាន​ស្ថានភាព​ល្អ​ធម្មតា ហើយ​ក្លឹប​ក៏​ទើប​តែ​នាំ​យក​យុវជន Ramos Mingo ឲ្យ​មក​ជួយ​សិន​ផង​ដែរ។

តាម​របាយការណ៍​ពី Marca បាន​ចុះ​ផ្សាយ​ថា ក្លឹប​ក៏​អាច​នឹង​គិតគូរ​ដល់​ការ​នាំ​យក​អ្នក​ថ្មី​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា ឆ្នាំ ២០២១ ខាង​មុខ​ដែរ តែ​អ្វី​ដែល​សំខាន់​គឺ​បញ្ហា​ហិរញ្ញវត្ថុ​កំពុង​ប្រឈម​ចំពោះ​មុខ ដោះស្រាយ​មិន​ទាន់​ចេញ​ផង​នោះ។

អ្នក​មាន​បុណ្យ​កំពុង​ព្យាយាម​សម្របសម្រួល​រឿង​ថ្លៃ​ពលកម្ម​ជាមួយ​កីឡាករ ឥឡូវ​មក​ទទួល​បន្ទុក​ដោយសារ​កីឡាករ​សំខាន់​របួស​ថែម​ទៀត អ៊ីចឹង​កញ្ចប់​នៃ​ការ​ចំណាយ​គឺ​កាន់​តែ​ជា​បញ្ហា​ក្រពុលមុខ​សម្រាប់ Barcelona ជាក់ជា​មិន​ខាន៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT