ស្តេច​ប្រដាល់​កណ្ដាប់​ដៃ​មហា​ទម្ងន់ Khaosai Galaxy ​ឬ “Thai Tyson” ​មាន​ប្រវត្តិ​បែប​ណា​ខ្លះ?

Khaosai Galaxy ឬ​មាន​រហស្សនាម​ “Thai Tyson” ​ត្រូវ​បាន​គេ​ស្គាល់​ជា​អតីត​អ្នក​ប្រដាល់​ថៃ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​ផ្ទៃ​ប្រទេស ​ក្រោយ​ពី​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ WBA ១៩ លើក និង​ធ្លាប់​ជាប់​ឈ្មោះ​នៅ​លេខ​រៀង​ទី ១៩ ក្នុង​ទស្សនាវដ្ដី Ring Magazineនាម​ជា​អ្នក​ប្រដាល់​ប្រើប្រាស់​កណ្ដាប់​ដៃ​បាន​ល្អ​បំផុត​ក្នុង​លោក។

ឆ្លង​កាត់​អាជីព​លើ​សង្វៀន​រយៈ​ពេល​ជាង ១០ ឆ្នាំ តើ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ខាង​លើ​មាន​ប្រវត្តិ​ជោគជ័យ​បែប​ណា​ខ្លះ? ទំព័រ CTS Sports សូម​ធ្វើ​ការ​បង្ហាញ​ដូច​ត​ទៅ៖

Khaosai កើត​នៅ​ថ្ងៃ​ទី ១៥ ​ឧសភា ឆ្នាំ ១៩៥៩ មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត Phetchabun ភាគ​ខាង​ជើង​ប្រទេស​ថៃ។ នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩៨០ លោក​ជា​អ្នក​ប្រដាល់​មួយ​ថៃ ហើយ​បាន​បោះ​ជំហាន​មក​ក្នុង​វិស័យ​ប្រដាល់​សកល​នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់។ លោក​មាន​ជំនាញ​ពិសេស​នៅ​ការ​ប្រើប្រាស់​កណ្តាប់​ដៃ​មហា​ទម្ងន់​នៅ​ដៃ​ខាង​ឆ្វេង ដែល​ធ្វើ​ឲ្យ​គូ​ប្រកួត​ច្រើន​នាក់​រាប់​ភ្លេច​លើ​សង្វៀន​មាន​ការ​ខ្លាច​រអា​ជា​ខ្លាំង។

ទស្សនាវីដេអូខាងក្រោម៖

ឆ្លង​កាត់​អាជីព​លើ​សង្វៀន ៤៨ ប្រកួត Khaosai ឈ្នះ ៤៧ ស្មើ ០ ចាញ់ ១ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ដល់​ទៅ ៤១ លើក​ឯ​ណោះ ហើយ​ភាគ​ច្រើន​គឺ​សន្លប់​ដោយសារ​កណ្តាប់​ដៃ​ខាង​ឆ្វេង​របស់​លោក​នោះ​ហើយ។ ១ លើក​គត់​ដែល​លោក​ចាញ់ នោះ​គឺ​ការ​ប៉ះ​គ្នា​ទល់​អ្នក​ប្រដាល់​រួម​សញ្ជាតិ Sakda Saksuree ​តាម​រយៈ​លទ្ធផល​កាត់​សេចក្តី ១០ តឹក នៅ​ថ្ងៃ​ទី ២៩ ​កក្កដា ឆ្នាំ ១៩៨១។

នៅ​ចន្លោះ​ទសវត្ស​ឆ្នាំ ៨០ នោះ Khaosai បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​នៅ​ប្រទេស​ថៃ​មាន​ការ​ស្ងើច​សរសើរ​ជា​ខ្លាំង ដោយ​លោក​បាន​ការពារ​ជើង​ឯក​ខ្សែ​ក្រវាត់ WBA ១៩ លើក​នៅ​រយៈ​ពេល ៧ ឆ្នាំ​ជា​បន្តបន្ទាប់។ ជួន​ពេល​នោះ​អ្នក​ប្រដាល់​អាមេរិក Mike Tyson ក៏​កំពុង​ឡើង​កូដ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ដូច​គ្នា ទើប​ហេតុ​ផល​ហ្នឹង​ហើយ​ដែល​ប្រជាជន​ថៃ​បាន​ដាក់​រហស្សនាម​ឲ្យ Khaosai ថា​ជា “Thai Tyson” ឬ​ជា ម៉ៃ ថៃសាន់ ប្រចាំ​ប្រទេស​ថៃ។

លើស​ពី​នេះ​លោក​ក៏​មាន​បងប្អូន​បង្កើត​មួយ​រូប​ដែល​ជា​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ដូច​គ្នា មាន​ឈ្មោះ Kaokor Galaxy ហើយ​នៅ​ឆ្នាំ ១៩៨៨ ​ប្អូន​ប្រុស​របស់​លោក​ក៏​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ WBA ​ប្រភេទ​ទម្ងន់ ១១៨ ផោន ដែល​បាន​រុញ​ឲ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​បងប្អូន​បង្កើត​ទី ១ ក្នុង​លោក​ដែល​អាច​ឈ្នះ​ខ្សែ​ក្រវាត់​លំដាប់​ពិភពលោក​នៅ​សម័យ​កាល​នោះ។

រហូត​មក​ទល់​ថ្ងៃ​ទី ២១ ​ធ្នូ ឆ្នាំ ១៩៩១ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ លោក​បាន​ប្រកួត​ទល់​អ្នក​ប្រដាល់​ម៊ិចស៊ីកូ Armando Castro ហើយ​ក៏​ទទួល​បាន​ជ័យជម្នះ​ដែរ ប៉ុន្តែ​វា​ក៏​បាន​ក្លាយ​ជា​ប្រកួត​ចុង​ក្រោយ​របស់​ Khaosai។ នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ លោក​បាន​ប្រកាស​ចូល​និវត្ត​ពី​សង្វៀន​ប្រដាល់ ​និង​មិនមាន​ការ​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ឡើយ។

ក្រោយ​ព្យួរ​ហ្គង់​ពី​សង្វៀន​ប្រដាល់​ហើយ ​រំលង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ Khaosai បាន​ប្រលូក​មក​ក្នុង​វិស័យ​សិល្បៈ ដោយ​មាន​ចូលរួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​និង​ចម្រៀង​ខារ៉ាអូខេ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ។ ដោយឡែក​ចំពោះ​ទំហំ​ទ្រព្យសម្បត្តិ​របស់​លោក តាម​ការ​ព្យាករណ៍​ពី​ប្រភព​គេហទំព័រ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា បុរស​វ័យ ៦០ ឆ្នាំ អាច​មាន​ទ្រព្យ​ខ្ទង់​ចន្លោះ​ពី ១ ទៅ ៥ លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT