Juventus កំពុង​ពិចារណា រឿង​ដោះដូរ​យក Neymar ជា​ថ្នូរ​ប្រគល់​ Ronaldo ឲ្យ PSG

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo កំពុង​ស្ថិត​ក្នុង​ចចាមអារ៉ាម​នៃ​ការ​ដោះដូរ​ស្មើ​ជាមួយ Neymar Jr ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ចេញ​ក្នុង​ពេល​ខាង​មុខ។ នេះ​បើ​តាម​របាយការណ៍​ពី TuttoMercatoWeb បាន​ចុះ​ផ្សាយ។

ក្លឹប Juventus ​ក៏​កំពុង​គិតគូរ​លើ​រឿងរ៉ាវ​នេះ ដោយ​ចង់​ប្រគល់ Ronaldo ឲ្យ PSG ហើយ​ទាញ​យក Neymar មក Juventus ពោល​ជា​ការ​ដោះដូរ​ស្មើ​ដើម ហើយ​គ្មាន​ការ​បន្ថែម​ប្រាក់​ទូទាត់​អ្វី​ទាំង​អស់។ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ជា​កីឡាករ​ដែល​ត្រូវ​ផុត​កុងត្រា​នៅ​ឆ្នាំ ២០២២ ដូចៗ​គ្នា។

ការ​សម្រេច​បែប​ណា​នោះ​រវាង​ភាគី​ទាំង​ពីរ មិន​ទាន់​មាន​ការ​ចុះ​ផ្សាយ​នៅ​ឡើយ តែ​គេ​ជឿ​ថា​ភាគរយ​ច្រើន CR7 ទំនង​មិន​បន្ត​កុងត្រា​ថ្មី​នោះ​ទេ ជា​ពិសេស​គឺ​ប្រសិន​ណា​សេះ​បង្កង់​មិន​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​នេះ។

នៅ​រយៈ​ពេល​ជាង ២ ឆ្នាំ​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Turin ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ រក​បាន ៧១ គ្រាប់​និង Assist ១៩ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៩៤ ប្រកួត​សរុប៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT