ហេតុ​ផល​សំខាន់​៥​ដែល​ជើង​ខ្លាំង John Lineker អាច​ក្លាយ​ជើងឯក​ពិភព​លោក ONE

John “Hands Of Stone” Lineker បាន​​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​កាន់​តំណែង​កំពូល​នៃ​ទម្ងន់ bantamweight។កីឡាករ​ប្រេស៊ីលល្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​​៥​​នៃ​ប្រភេទ​ទម្ងន់​ខាង​លើ​នេះ​បានរីក​រាយនឹង​​ការ​​ប្រកួត​លើក​ដំបូង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩ ដែល​ពេល​នោះ​គាត់​បាន​យក​ឈ្នះ Muin “Tajik” Gafurov ដោយ​ពិន្ទុ។

​ឥឡូវ​នេះ គាត់កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​សាង​កេរ្ត៍​ឈ្មោះល្បី​ល្បាញ​នៅ​ពេល​ដែល​គាត់​ត្រូវ​​ឡើងសង្វៀន​ជា​មួយ​អតីត​ជើង​ឯក​ពិភព​លោក  ONE Bantamweight World Champion ដែល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ Kevin “The Silencer” Belingon នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: INSIDE THE MATRIX III ដែល​ជា​ការ​ចាក់​ផ្សាយ​នា​ថ្ងៃ​សុក្រ​ ទី​១៣ ខែ​វិច្ឆិកា​នេះ។

ប្រសិន​បើ Lineker ទទួល​បាន​ជ័យជម្នះ​នៅ​រាត្រី​ ថ្ងៃ​សុក្រ​​នេះ គាត់​អាច​នឹង​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ខ្សែ​ក្រវាត់ពិភព​លោក។ អ្នក​វិភាគ​​​ជា​ច្រើន​បាន​និយាយ​ថា រូប​គេ​​ពិត​ជា​ស័ក្តិសម​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ដោយ​ពឹង​ផ្អែក​លើ​ហេតុផល​សំខាន់​៥​យ៉ាង​។

ទី​១៖ កណ្តាប់​ដៃ​ថ្ម​

សមត្ថភាព​របស់ Lineker ពិត​ជា​មិន​អាច​មើល​រំលង​បាន​ឡើយ ខណៈ​កីឡាករ​មក​ពី​ក្លឹប American Top Team បាន​បង្ហាញ​ថា គាត់​​អាច​ទទួល​ដៃ​គូ​កម្រិត​ពិភព​លោក​​​គ្រប់​គ្នា​ជា​មួយ​នឹង​អាវុធ​មហា​ទម្ងន់​របស់​គាត់​គឺ​កណ្តាប់​ដៃ​ថ្ម។

កីឡាករ​រហស្សនាម “កណ្តាប់​ដៃ​ថ្ម ឬ​ Hands Of Stone” គឺ​ជា​ជើង​ឯក​ប្រដាល់​សកល​ថ្នាក់​ជាតិ​ម្នាក់​នៅ​ប្រទេស​ប្រេស៊ីល មុន​ពេល​គាត់​បោះ​ជំហាន​ចូល​ប្រដាល់​គុន​ចម្រុះ។ បន្ទាប់​មក​ គាត់បាន​ប្រើ​ប្រាស់​បទ​ពិសោធ​​ពី​អាជីព​ប្រដាល់​ថ្មី ហើយ​ជំនាញ​របស់​គាត់​​ត្រូវ​បាន​គេ​ដឹង​ថា​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ជា​មួយស្រោម​ដៃ​៤​អោន។

រហូត​ដល់​ពេល​នេះ គាត់​​ទទួល​បាន​ជ័យជម្នះ​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​១៤​ដង​ក្នុង​ចំណោម​អាជីព​ប្រដាល់​៣២​ដង​របស់​គាត់។

កីឡាករ​ប្រាប់​ថា ៖«កណ្តាប់​ដៃ​របស់​ខ្ញុំ​ជា​ទ្រព្យ​មហា​សាល។ កម្លាំង​របស់​ខ្ញុំ​ពិតជា​មាន​អំណោយ​ផល​ណាស់»។

ទី២៖ ពូកែ​វ៉ៃ​សម្រុក​ដ៏​គឃ្លើន​ជាង​ការការពារ

នៅ​ក្នុង​អាជីព​ប្រកួត​គុន​ចម្រុះ​ចំនួន​៤១​ដង ក្នុង​រយៈ​ពេល​១២​ឆ្នាំ ជើង​ខ្លាំង​រូប​នេះ​ពិត​ជា​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​គាត់​មិន​ដែល​ត្រូវ​បាន​គេ​ឃើញ​ផ្តួល​ដៃ​គូ​​ដោយ​ការ​វ៉ៃ​សម្រុក​ធម្មតា​នោះ​ទេ ប៉ុន្តែ​ការ​វ៉ៃ​សើយ​ចង្កាជា​ជំនាញ​របស់​គាត់។

បើ​លោក​អ្នក​បាន​ទស្សនា​ការ​ប្រកួតរបស់​កីឡាករ​ដើម​កំណើត​នៅ​ទី​ក្រុង Paranagua នឹង​រឹត​តែ​គួរឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។ របៀប​វ៉ៃ​ដ៏​គឃ្លើន​របស់​គាត់​គឺ​ផ្តោត​លើ​ការ​វ៉ៃ​សម្រុក​ជាង​ការការពារ ហើយ​គាត់​មិន​ដែល​ញញើត​ក្នុង​ការ​ចូល​វ៉ៃ​លុក​ដោយ​ជំនាញ​ផ្ទាល់​ខ្លួន​ឡើយ។

ថេរៈ​វេលាស្ទើរ​មិនគួរឲ្យ​​ជឿ​របស់​គាត់​គឺ​ថា ទោះ​ជា​ស្ថានភាព​បែប​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែ​ជា​អ្នក​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​គ្រប់​ទឹក​ទាំង​អស់​ដែល​​​ផ្តល់​លទ្ធភាព​ឲ្យ​គាត់ទទួល​បាន​ជ័យជម្នះ​ដ៏​រំភើប​ញាប់ញ័រ​បំផុត សូម្បី​តៃ​ការ​បញ្ចប់​ដៃ​គូ​របស់​គាត់​រហូត​ដល់​ចុង​ទឹក​ក៏​ដោយ។

ទី​៣៖ ស្មារតី​ប្រយុទ្ធងាប់​ចោល 

កីឡាករ​“កណ្តាប់​ដៃ​ថ្ម​” បាន​ជួប​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​​កំពូល​ៗ​នៃ​ទម្ងន់ flyweight និង bantamweight ជា​ច្រើន​នាក់ ប៉ុន្តែ​គាត់​កម្រ​ប្រើ​យុទ្ធ​សាស្ត្រ​វ៉ៃ​ថយ​ក្រោយ​ណាស់។

សម្រាប់​ដៃ​គូ​ខាង​មុខ​របស់​គាត់​នៅសង្វៀន​ប្រទេស​សិង្ហបុរី  Belingon ជា​អ្នក​ប្រយុទ្ធ​ដែល​មាន​ល្បឿន​លឿន​ម្នាក់ និង​មាន​ស្ថិតិ​បញ្ចប់​ដៃ​គូ​៥៥​%។ ជាង​នេះ​ទៀត​នោះ​ គាត់​​កំពុង​កាន់​កំណត់​ត្រា​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ច្រើន​បំផុត​ក្នុង​ទម្ងន់ bantamweight នៅ​​ក្នុង​​ប្រវត្តិ​សាស្ត្រ​របស់ ONE Championship ពោល​គឺ​៦​ដង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កំណត់ត្រា​ផ្តួល​ដៃ​គូទាំង​នោះ​នឹង​មិន​ធ្វើ​ឲ្យ Lineker ខ្លាច​ញញើត​ឡើយ។

កីឡាករ​និយាយ​ថា ៖«ខ្ញុំ​តែង​តែឡើង​សង្វៀន​ដើម្បី​វ៉ៃ ទោះ​ជា​ដៃ​គូខ្លាំង​យ៉ាង​ណា​ក៏​ដោយ»។

ទី​៤៖ ជំនាញ​ឃ្លេ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

ទោះ​ជា​​គាត់​មាន​ប្រភព​ចេញ​ពី​អាជីព​ប្រដាល់​ឈរវ៉ៃ ក៏ Lineker ​បាន​ហ្វឹកហាត់​ជំនាញ​ជឺជិតស៊ូ​ឈាន​ដល់​កម្រិត​ខ្ពស់​នៅ​ប្រទេស​កំណើត និង​មាន​ខ្សែក្រវាត់​ខ្មៅ។

គាត់​មិន​ពឹង​​លើ​ជំនាញ​ក្រោម​ខ្លាំង​ទេ ពី​ព្រោះ​កណ្តាប់​ដៃ​​ថ្ម​ទើប​ជា​អាវុធ​ប្រចាំ​ត្រកូល​របស់​គាត់ ប៉ុន្តែ​គាត់​ក៏​មាន​សមត្ថភាព​ប្រើ​ជំនាញ​ក្រោម និង​ឃ្លេ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ដៃ​គូ​ណា​ក៏​ដោយ​ឲ្យ​តែ​គំរាម​កំហែង​គាត់​ខ្លាំង​ដោយ​ជំនាញ​ក្រោម នោះ​គាត់​នឹង​មិន​ទុក​ជំនាញ​នេះ​ចោល​ឡើយ​ពោល​គឺ​ឆ្លើយ​តប​វិញ​យ៉ាង​ចាស់​ដៃ ហើយ​នឹង​ធ្វើ​ឲ្យ​​អ្នក​ទស្សនា​ភ្លឺ​​ភ្នែក​ដែល​កីឡាករ​អាយុ​៣០​ឆ្នាំ​​បញ្ចេញ។

ទី​៥៖ មហិច្ឆខ្ពស់​

Lineker បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ច្បាស់​ជា​កីឡាករ​គុន​ចម្រុះ​ដ៏​ឆ្នើម​ម្នាក់​នៅ​ភាគ​ខាង​លិច​ដែល​មាន​កំណត់់​ត្រា​ប្រកួត​ដ៏​អស្ចារ្យ ប៉ុន្តែ​គាត់មិន​សូវ​មាន​ឱកាសល្អ។

នៅ​ស្ថាប័ន​ចាស់ គាត់​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​ឡើង​ប្រកួត​បាន​តែ​៣​ដង​ប៉ុណ្ណោះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ដូច្នេះ​ហើយ​ទើប​បាន​ជា​គាត់​បាន​សម្រេច​ចាកចេញ​ដើម្បី​ស្វែង​រក​ទី​កន្លែង​បំពេញ​ក្តី​ស្រមៃ និង​គោល​បំណង​របស់​គាត់។

គាត់​និយាយ​ថា ៖«គោល​បំណង​របស់​ខ្ញុំ​គឺ​ជើង​ឯក​ពិភព​លោក ជា​កីឡាករ​គំរូ និង​ចិញ្ចឹម​គ្រួសារ​ឲ្យ​​មាន​ជីវភាព​ល្អ​ប្រសើរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT