សាហាវ! ​Chelsea ​យល់​ព្រម​ទិញ​អ្នក​ចាំ​ទី Kepa ​តម្លៃ​ខ្លួន​៧២​លាន​ផោន

ក្លឹប Chelsea ​ត្រូវ​បាន​គេ​ដឹង​ថា​យល់​ព្រម​ទិញ​យក​អ្នក​ចាំ​ទី Kepa Arrizabalaga ​ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក ៧២​លាន​ផោន​ពី​ក្លឹប Athletic Bilbao។

ការ​ចង់​បាន​អ្នក​ចាំ​ទី​វ័យ​ក្មេង​ខាង​លើ​នេះ ​កើត​ឡើង​បន្ទាប់​ពី​អ្នក​ចាំ​ទី​ Thibaut Courtois ​របស់ Chelsea ​ចង់​ចាកចេញ ​ទៅ​លេង​នៅ​ក្លឹប Real Madrid ។ រូបគេ​មិន​ព្រម​មក​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ឡើយ ​នៅ​ម្សិលមិញ​នេះ ​ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​​ក្រុម​តោ​ខៀវ​ត្រូវ​ការ​អ្នក​ចាំ​ទី​ថ្មី​ម្នាក់​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​មក​រួម​ក្រុម។ ត្បិត​អី​លីគ​កំពូល​អង់គ្លេស ​នឹង​បើក​រដូវ​កាល​ថ្មី​នា​ចុង​សប្ដាហ៍​នេះ​ហើយ ​និង​ទីផ្សារ​ដោះដូរ​កីឡាករ​វិញ​បិទ​នៅ​ថ្ងៃ​ស្អែក។

ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា អ្នក​ចាំ​ទី​វ័យ​២៣​ឆ្នាំ​របស់​ក្រុម Athletic Bilbao ​នឹង​ហោះ​ទៅ​ទីក្រុង​ឡុង​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​ពិនិត្យ​សុខភាព ​និង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​តែ​ម្ដង។ ក្រុម Chelsea ​ពិត​ជា​ត្រូវការ​អ្នក​ចាំ​ទី​កំពូល​ម្នាក់​ជា​ចាំ​បាច់ ត្បិត​អី​កីឡាករ​ប៉ុន្មាន​នាក់​ហើយ​ដែល​ខ្លួន​ចង់​បាន ​តែ​មិន​អាច​ទិញ​យក​បាន​វិញ ព្រោះ​សាមី​ខ្លួន​បដិសេធ​មិន​ព្រម​រួម​ក្រុម។

ចំពោះ​អ្នក​ចាំ​ទី Courtois ​វិញ ​ដែល​មិន​ព្រម​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​នោះ រំពឹង​ថា​នឹង​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​បាន​ជោគជ័យ ​នៅ​មុន​រដូវ​កាល​ដោះដូរ​កីឡាករ​បិទ​ផង​ដែរ៕ប្រភព៖ DailyMail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT